COVID-19
ជាតិ
កូកា-កូឡា បង្វែរថវិកាផ្សាយពាណិជ្ជកម្ម មកជាជំនួយចាំបាច់ប្រឆាំងកូវីដ-១៩
× ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានបង្វែរថវិកា២០ម៉ឺនដុល្លារដែលត្រូវគ្រោងប្រើសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន មកលើការទិញសម្ភារបង្ការ និងការពារជំងឺវីដ-១៩វិញ ដើម្បីចូលរួមចំណែកជួយរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនកូកា-កូឡា បានសហការជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់សម្ភារចាំបាច់ទាំងនោះដល់ សហភាពសហព័ន្ធយុវជនកម្ពុជា សាលារាជធានីភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
អាល់កុល សាប៊ូ ឧបករណ៍វាស់កម្តៅ ម៉ាស់ ឯកសណ្ឋាន-ឧបករណ៍ការពារផ្ទាល់ខ្លួន ផ្ទាំងសារអប់រំអំពីការបង្ការនៃវីរុសកូវិដ-១៩ ព្រមទាំងភេសជ្ជៈ ត្រូវបានក្រុមហ៊ុនកូកា-កូឡា ផ្តល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា សាលារាជធានីភ្នំពេញ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជាបន្តបន្ទាប់។
ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចរបស់ខ្លួនថា ជាការឆ្លើយតបបន្ទាន់មួយសម្រាប់សហគមន៍ដែលកំពុង និងងាយរងគ្រោះនៅកម្ពុជា ដូចជាមន្ទីរពេទ្យ មណ្ឌលសុខភាព តំបន់ចត្តាឡីស័ក ជាដើម។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់កូកា-កូឡា លោក ដេវីដ វ៉ីងហ្គល់វើដ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ «នេះជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា។យើងប្តេជ្ញាយ៉ាងមុតមាំថា យើងនឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចជួយបាន ដើម្បីជួយសម្រាលដល់ស្ថានភាពនាពេលនេះ»។ លោកនាយកប្រតិបត្តិបន្តពន្យល់ថា៖«អាទិភាពចម្បងរបស់យើងនាពេលនេះ គឺរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើង ព្រមទាំងសហគមន៍របស់យើងទាំងមូល។ យើងសង្ឃឹមថា ការបរិច្ចាគរបស់យើងនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពារសុខភាពសាធារណៈ និងចំពោះសហគមន៍ដែលងាយរងគ្រោះ»។
កាលពីចុងសប្តាហ៍កន្លងទៅ សម្ភារទាំងនេះត្រូវបាននាំយកទៅផ្តល់ជូនសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលនៃសាលារាជធានីភ្នំពេញបានថ្លែងផ្តល់តម្លៃចំពោះការចូលរួមរបស់វិស័យឯកជនចំពោះយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍យ៉ាងដូច្នេះ៖«យើងសូមកោតសរសើរខ្ពស់ចំពោះក្រុមហ៊ុន កូកា-កូឡា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងគ្រាដ៏លំបាកនេះ។ ការរួមចំណែករបស់ក្រុមហ៊ុន ពិតជាជួយក្នុងការបង្កើនការប្រុងប្រយ័ត្នរបស់ប្រជាជនពីការឆ្លងវីរុសនេះ និងពន្លឿនរាល់គំនិតផ្តួចផ្តើមនានាដើម្បីការពារសុខភាពសាធារណៈនៅកម្ពុជា»។
សម្រាប់លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងដោយបានទទួលជំនួយសប្បុរសធម៌ពីក្រុមហ៊ុន កូកា-កូឡា ដែរនោះ បានអត្ថាធិប្បាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមថា ការគ្រប់គ្រង និងការរារាំងទប់ស្កាត់វីរុសកូវីដ-១៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា យល់ឃើញថា វិភាគទានរបស់ក្រុមហ៊ុន កូកា-កូឡា គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់វិស័យឯកជនក្នុងចលនាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងនោះបុគ្គលិកសុខាភិបាលគ្រប់កម្រិត ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឲ្យកម្ពុជាអាចទប់ស្កាត់បានជោគជ័យនូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ យើងមិនអាចពន្យារពេលបានទេ ខ្ញុំច្បាស់ណាស់ថា រួបរួមគ្នា យើងនឹងជោគជ័យ។»។
បើតាមការបញ្ជាក់របស់សេចក្តីប្រព័ត៌មានរួមដដែល បន្ថែមពីការចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូសហការទាំងនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រុមហ៊ុនកំពុងត្រៀមសកម្មភាពផ្សេងៗទៀតជាមួយដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយវីរុសរាលត្បាតមួយនេះ «រួមគ្នាដើម្បីសុខភាពសាធារណៈ រួមគ្នាដើម្បីស្ថិរភាពសេដ្ឋកិច្ច»៕
© រក្សាសិទ្ធិដោយ thmeythmey.com