COVID-19
អន្តរជាតិ
COVID-19៖ លោក ត្រាំ ថា អត្រា​អ្នកស្លាប់​ទំនង​ឡើងដល់​ចំណុចកំពូល​នៅ​ពីរ​សប្ដាហ៍​ទៀត​
30, Mar 2020 , 3:50 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៩ ខែមីនា និយាយថា អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID-19 ទំនង​នឹង​ឡើងដល់​ចំណុចកំពូល​នៅ​ពីរ​សប្ដាហ៍​ទៀត មុននឹង​ចាប់ផ្ដើម​ធ្លាក់ចុះ​វិញ​។ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កាន់តែខ្លាំង លោក ត្រាំ ក៏​ពន្យារ​គោលការណ៍​គម្លាត​សង្គម​រហូតដល់​ដំណាច់​ខែមេសា​ខាងមុខ​។ ទាក់ទង​នឹង​អត្រា​មរណភាព​នេះ អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​ប៉ាន់​ស្មានថា អាចមាន​ដល់​ទៅ​បី​សែន​នាក់​ឯណោះ​។​

 
​សហរដ្ឋអាមេរិក ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​មួយ​ដោយសារ​ជំងឺ COVID-19 ។ គិត​ត្រឹម​ថ្ងៃទី​២៩ ខែមីនា ករណី​ឆ្លង​នៅ​អាមេរិក​មាន​១៤២០០០​នាក់ និង​មាន​អ្នកស្លាប់​ចំនួន​ជិត​២៥០០​នាក់​។ តួលេខ​អ្នក​សះស្បើយ​៤៥៥០​នាក់​។ តួលេខ​ឆ្លង​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​អាមេរិក​ឈរ​លេខ​មួយ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ ច្រើនជាង​ទាំង​ចិន​ដែលជា​ប្រទេស​ផ្ទុះ COVID-19 ទៅទៀត​។​
 
​លើ​តួលេខ​អ្នកស្លាប់​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លើកឡើងថា នឹង​ឡើងដល់​ចំណុចកំពូល​នៅ​អំឡុង​ពីរ​សប្ដាហ៍​ខាងមុខ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៩ ខែមីនា​នៅ​សេត​វិមាន លោក ត្រាំ និយាយថា ពិធីបុណ្យ Easter គួរតែ​ជា​ពេល​កំពូល​។ ឆ្នាំ​២០២០ ពិធីបុណ្យ​ដ៏​ធំ​មួយ​នេះ ធ្វើ​នៅ​ថ្ងៃទី​១២ ខែមេសា​ខាងមុខ​។ 
 
«​គំរូ​ប៉ាន់ស្មាន​វាយតម្លៃថា ចំណុចកំពូល​នៃ​អត្រា​មរណភាព នឹង​មាននៅ​អំឡុងពេល​ពីរ​សប្ដាហ៍​។ វា​គួរ​ចាប់ផ្ដើម​ធ្លាក់ចុះ​ចាប់ពីពេលនោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ។ ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា គោលការណ៍​គម្លាត​សង្គម​ដែល​រដ្ឋាភិបាល​លោក​ដាក់ចេញ នឹង​បន្ត​អនុវត្ត​ដល់​ថ្ងៃទី​៣០ ខែមេសា​ដើម្បី​ពន្យឺត​ល្បឿន​វីរុស​រាលដាល​។ លោក ត្រាំ ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​គោលការណ៍​នេះ​ឲ្យ​ខ្ជាប់ខ្ជួន​។​
 
​ដោយឡែក​អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក លោក Anthony Fauci ព្រមាន​ថា តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 អាចមាន​ដល់​ទៅ​ពីរ​សែន​នាក់​ឯណោះ ហើយ​ឆ្លង​លើ​មនុស្ស​រាប់សែន​នាក់​ទៀត​។ លោក Fauci ដែលជា​នាយក​វិទ្យាស្ថាន​អា​លែ​ក​ស៊ី និង​ជំងឺឆ្លង ប្រាប់​ទូរទស្សន៍ CNN ថា តួលេខ​ស្លាប់​ទាប​មាន​ពីមួយ​សែន​នាក់ ហើយ​ខ្ពស់បំផុត​អាចមាន​ពីរ​សែន​នាក់​។ 
 
​លោក Fauci ក៏​ព្រមាន​ទៀតថា រដ្ឋ​មួយចំនួន​ដូចជា New Orleans, New York និង​ទីក្រុង​ច្រើន​ទៀត ប្រឈមមុខ​នឹង​ការខ្វះខាត​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មិន​ខាន​។ ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ស្វះ​ស្វែងរក​ការផ្គត់ផ្គង់​ពី​បរទេស​ដូចជា​កូរ៉េខាងត្បូង​ជាដើម ដើម្បី​បំពេញ​ការខ្វះខាត​នៅ​ដែល​នឹង​កើតឡើង​៕ 

Tag:
 អាមេរិក​
  COVID-19
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com