COVID-19
ជាតិ
លេបថ្នាំ​ទៀងទាត់ ហាត់ប្រាណ​...​ធ្វើ​ឲ្យ​អ្នកជំងឺ​នៅ​កោះកុង​សះស្បើយ​ពី COVID-19 មុនពេល​កំណត់​
30, Mar 2020 , 5:35 pm        
រូបភាព
ទិដ្ឋភាពគ្រូពេទ្យថែទាំអ្នកជំងឺនៅមន្ទីរពេទ្យកោះកុង
ទិដ្ឋភាពគ្រូពេទ្យថែទាំអ្នកជំងឺនៅមន្ទីរពេទ្យកោះកុង
«​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​»​។ នេះ​ជា​ប្រការ​ដ៏​សំខាន់​ដែល​នាំ​ឲ្យ​បុរស​ជនជាតិខ្មែរ​វ័យ​៥៧​ឆ្នាំ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ជាសះស្បើយ​ពី​ជំងឺ COVID-19 មុនពេល​កំណត់​។ តាមរយៈ​សារព័ត៌មាន​ថ្មីៗ បុរស​រូបនេះ បាន​បញ្ជាក់ថា ក្រៅពី​ការ​លេបថ្នាំ​តាម​ពេល​កំណត់ ការហាត់​ប្រាណ​ជាប្រចាំ កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ បើទោះបីជា​ជំងឺ​រាល​ត្បា​ត​មួយ​នេះ មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ច្បាស់លាស់​នៅឡើយ​ក៏ដោយ​។

 
​បុរស​ដែល​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​២០​នាក់​ដែល​បាន​សះស្បើយ​ពី​ជំងឺ COVID-19 បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ ខណៈដែល​គ្រូពេទ្យ​បានកំណត់​ការព្យាបាល​ជាសះស្បើយ ក្នុង​រយៈពេល​១៤​ថ្ងៃ​។​

​សំឡេង​៖



 
​បុរស​ដែល​ទើបនឹង​ជាសះស្បើយ បាន​និយាយថា ទន្ទឹមនឹង​លោក​ទទួល​ការណែនាំ និង​លេបថ្នាំ​ទៀងទាត់​ដែល​គ្រូពេទ្យ​រៀបចំ​ទុក​ស្រាប់​នៅក្នុង​បន្ទប់​ព្យាបាល​នោះ លោក​ក៏​ព្យាយាម​ហាត់ប្រាណ សមាធិ ពិសា​ទឹក​ក្តៅ  និង​ឧស្សាហ៍​ងូតទឹក​ជាប្រចាំ ក្នុងអំឡុងពេល​មេរោគ​កូ​វីដ​-១៩ ធ្វើ​ទុក្ខ​បណ្តាល​ឲ្យ​រូបលោក​ឈឺ​សព្វ​រាងកាយ​។ លោក​បាន​និយាយ​ដូច្នេះ​៖«​ជំងឺ​នេះ​ឈឺ​មួយរយ​មុខ​។ បើ​យើង​ទន់ជ្រាយ​នឹង​វា វា​កាន់តែ​ធ្វើ​ទុក្ខ​យើង​»​។​
 
​អ្នកជំងឺ​កូ​វីដ​-១៩ ក្រៅពី​មាន​អាកា​រ​ក្អក ឈឺ​ក ឡើង​ស្លេស និង​ថប់ដង្ហើម មេរោគ​នេះ​ក៏​ធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺចាប់​គ្រប់កន្លែង​ក្នុង​រាងកាយ​។ ពិសេស​គឺ​ឈឺ​ខ្លាំង​នៅ​គន្លាក់​កដៃ​-​កជើង ឈឺក្បាល វិលមុខ និង​អស់កម្លាំង​។ នេះ​ជា​បទពិសោធន៍​រប​ស់បុ​រស​ដែល​ឆ្លង​ផុត​និង​ជាសះស្បើយ​ពី​កូ​វីដ​-១៩ នៅ​ខេត្តកោះកុង ដោយ​លោក​បាន​បន្តថា ដើម្បី​ជម្នះ​នឹង​ការធ្វើ​ទុក្ខ​ក្នុង​ខ្លួន​ពី​មេរោគ​កូ​វីដ​-១៩ និង​ដើម្បី​ឲ្យ​ខ្លួន​ឆាប់​ជាសះស្បើយ​នោះ  ក្រៅពី​អនុវត្តតាម​ការណែនាំ និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ លោក​ក៏​ព្យាយាម​ជួយ​ខ្លួនឯង​តាមរយៈ​ការហាត់​ប្រាណ​ដោយ​លើកដៃ​-​លើកជើង រត់​ជុំវិញ​បន្ទប់​ឬ​ជុំវិញ​ទីធ្លា​ខាងក្រៅ​បន្ទប់​ដែលមាន​ការអនុញ្ញាត ដើម្បី​ឲ្យ​រាងកាយ​បែកញើស​ផងដែរ​។ ក្រៅពី​ហាត់ប្រាណ​ជាប្រចាំ  លោក​ក៏ ពិសា​ទឹក​ក្តៅ និង​ឧស្សាហ៍​ងូតទឹក​ដើម្បី​ធ្វើ​ឲ្យ​ស្មារតី​ស្រស់ថ្លា និង​ស្រឡះ​ខ្លួន​ពី​ការធ្វើ​ទុក្ខ​នៃ​ជំងឺ​នោះ ហើយ​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​ក្នុង​ខ្លួន​បាន​ធូរស្រាល និង​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឈានដល់​ការ​ជាសះស្បើយ​មុន​ថ្ងៃ​ពេទ្យ​កំណត់​។​
 
​លោក​បាន​បន្ថែមថា មុននឹង​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​លោក​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី​២៧​មីនា ឆ្នាំ​២០២០  គ្រូពេទ្យ​ទាំងនោះ​ក៏បាន​ណែនាំ​លោក កុំ​ឲ្យ​ស្និទ​ស្នាល​ជាមួយ​ក្រុមគ្រួសារ ឬ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​គេ​ក្នុង​រយៈពេល​១៤​ថ្ងៃ​ទៀត និង​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ​ចំ​បាច់ ដើម្បី​ចៀសវាង​ការឆ្លង មេរោគ​កូ​វីដ​-១៩​នេះ​ទៀត ក្នុងករណី​ណាមួយ​ដោយ​មិនដឹង​ខ្លួន​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០​មីនា ឆ្នាំ​២០២០ កម្ពុជា​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន​២៣​នាក់ ខណៈដែល​មាន​ជំងឺ​ចំនួន​១០៧​នាក់​៕

Tag:
 COVID-19
  ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com