COVID-19
អន្តរជាតិ
ហេតុអ្វី​បានជា​កូរ៉េខាងត្បូង អាច​ទប់ស្កាត់ COVID-19 ល្អ​ជាង​អឺរ៉ុប និង​អាមេរិក​?
30, Mar 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្រុង Daegu លោក You Wan-sik។ រូបភាព៖ South Korean Presidential Blue House
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (ខាងឆ្វេង) និងប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្រុង Daegu លោក You Wan-sik។ រូបភាព៖ South Korean Presidential Blue House
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា កូរ៉េខាងត្បូង​មាន​ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ចំនួន​ជាង ៩៦០០​ករណី អ្នកស្លាប់ ១៥៨​ករណី និង​អ្នកជា​សះស្បើយ​៥២២៨​ករណី​។ នេះ​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ចំនួន​នេះ គឺ​តិចជាង​អ៊ីតាលី អេ​ស្ប៉ា​ញ អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់​ដែល​រកឃើញ​COVID-19 ក្នុងអំឡុងពេល​ដូចគ្នា ឬ​ក្រោយ​កូរ៉េខាងត្បូង​។ អាមេរិក គឺជា​ប្រទេស​មាន​តួលេខ​សរុប COVID-19 ច្រើនជាងគេ ពោលគឺ​មាន​ជាង ១២​ម៉ឺន​ករណី ចំណែក​អ៊ីតាលី​មាន​ចំនួន​លើសពី ៩​ម៉ឺន​ករណី និង​ចិន​ឈរ​នៅ​លំដាប់​ទី​៣ មាន​ជាង ៨​ម៉ឺន​ករណី​។ កូរ៉េខាងត្បូង ឈរ​នៅ​លំដាប់​ទី​១២ ដែលមាន​ករណី​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ​។


​តើ​ហេតុអ្វី​បានជា​កូរ៉េខាងត្បូង​អាច​ទប់ស្កាត់ COVID-19 ល្អ​ជាង អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​?
 
​ចាប់តាំងពី​រកឃើញ​COVID-19 ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ក្រុង​វូ​ហាន ប្រទេស​ចិន ជំងឺឆ្លង​ថ្មី ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស បានចាប់ផ្តើម​រីកសាយ​ភាយ​បន្តិច​ម្តងៗ ទៅ​ប្រទេស​ជាច្រើន ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ជុំវិញ​ចិន​ដូចជា កូរ៉េខាងត្បូង ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដូចជា​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី​ជាដើម​។ មិនយូរប៉ុន្មាន COVID-19 បាន​រីក​សាយភាយ​ដល់​បណ្តា​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប និង​ពិភពលោក​ទាំងមូល​។ 
 
​បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន ដូចជា​អ៊ីតាលី អង់គ្លេស អាមេរិក ដែល​បាន​រកឃើញ COVID-19 កូរ៉េខាងត្បូង គឺជា​ប្រទេសមួយ​ដែលមាន​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​ថ្មី​មួយ​នេះ មាន​ប្រសិទ្ធភាព​ជាងគេ​។ នា​ថ្ងៃទី​២០ ខែមករា កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត​នៅក្នុង​ប្រទេស ហើយ​តួលេខ​នៃ​អ្នកជំងឺ COVID-19 បាន​ឡើង​យ៉ាងគំហុក​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ហើយ​ភាគច្រើន​នៃ​ករណី​ឆ្លង​នោះ គឺមាន​ទាក់ទង​នឹង​ព្រះវិហារ​សាសនា​។ យ៉ាងណាក៏ដោយ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា​នេះ កូរ៉េខាងត្បូង​មាន​ករណី COVID-19 សរុប​ត្រឹមតែ​ជាង ៩​ពាន់​ប៉ុណ្ណោះ​។ 
 
​ផ្ទុយ​ពី​កូរ៉េខាងត្បូង នៅ​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ដូចជា​អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ឬ​អាមេរិក​ជាដើម គឺ​បាន​កើនឡើង​រហូតដល់​រាប់ម៉ឺន​ឯណោះ​។ តួយ៉ាង​ដូចជា​អាមេរិក មាន​ជាង​១២​ម៉ឺន​ករណី អ៊ីតាលី​មាន​ជិត ១០​ម៉ឺន​ករណី អេ​ស្ប៉ា​ញ​មាន ៨​ម៉ឺន​ករណី នេះ​បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​កូរ៉េខាងត្បូង​។ ការណ៍​នេះ អាច​បញ្ជាក់បាន​ថា វិធានការ​ទប់ស្កាត់​COVID-19 របស់​កូរ៉េខាងត្បូង គឺមាន​ប្រសិទ្ធភាព​ជាង​ប្រទេស​ប៉ែក​អឺរ៉ុប និង​អាមេរិក​។ 
 

​រូបភាព​៖ ក្រុម​អ្នកជំនាញ ដើរ​បាញ់ថ្នាំ​សម្លាប់​វីរុស​នៅក្នុង​ក្រុង Daegu (AFP)
 
​ជាការ​ពិត កូរ៉េខាងត្បូង បាន​តាក់តែង​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 ។​
 
​ការធ្វើ​តេស្ត​រក​វីរុស​ឲ្យ​លឿន​បំផុត​
​ជា​វិធានការ​ដំបូង​ក្នុងការ​ទប់ស្កាត់​COVID-19 នៅក្នុង​ប្រទេស កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​ការធ្វើ​តេស្ត​រក​វីរុស​ឲ្យ​បាន​លឿន​បំផុត តាមរយៈ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជាច្រើន​។ បើទោះបីជា​មិនទាន់​ធ្ងន់ធ្ងរ​មែន ការអភិវឌ្ឍ​វិធីសាស្ត្រ​ធ្វើតេស្ត​នេះ គឺ​សំខាន់​ណាស់​ទប់ស្កាត់ ការរីក​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​BBC នា​ថ្ងៃទី​១៥ ខែមីនា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោកស្រី  Kang Kyung-wha បាន​បញ្ជាក់ថា មេរៀន​សំខាន់​របស់​កូរ៉េខាងត្បូង ក្នុងការ​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស គឺ​ការអភិវឌ្ឍ​ឧបករណ៍​ធ្វើតេស្ត​ល្អ និង​ឆាប់រហ័ស​បំផុត មុនពេល​ជំងឺឆ្លង​រីកធំឡើង​នៅក្នុង​ប្រទេស​។ 
 
​បើតាម​ការអះអាង​រប​ស់លោក​ស្រី​រដ្ឋមន្ត្រី នា​ពាក់កណ្តាល​ខែមករា អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​ពិភាក្សា​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ជុំវិញ​បញ្ហា​អភិវឌ្ឍ​ឧបករណ៍​ធ្វើតេស្ត​នេះ​។ ដំណាក់កាល​បន្ទាប់​គឺ​ឲ្យ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​ផលិត​ឧបករណ៍​ធ្វើតេស្ត (Reagent Chemical)​។ នៅពេល​ក្រុង Daegu មាន​ករណី​ផ្ទុះ COVID-19 តាមរយៈ​ព្រះវិហារ​សាសនា​នោះ អាជ្ញាធរ​សុខាភិបាល បាន​ត្រៀន​ឧបករណ៍​ធ្វើតេស្ត​ទាំងនេះ និង​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ជាច្រើន​ករណី​។ 
 
​ការធ្វើ​តេស្ត​ជនសង្ស័យ និង​ការដាក់​ដាច់ដោយឡែក​
 
​បន្ទាប់ពី​ការអភិវឌ្ឍ​ឧបករណ៍​ធ្វើតេស្ត កូរ៉េខាងត្បូង​ចាប់ផ្តើម​ស្វែងរក​អ្នក ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ ការធ្វើ​តេស្ត​លើ​ជនសង្ស័យ និង​ការដាក់​ច​ត្តា​ឡី​ស័ក​ជនសង្ស័យ​។ តាមរយៈ​ចំណាត់ការ​របស់​កូរ៉េខាងត្បូង​កន្លងមក អាជ្ញាធរ​បានធ្វើ​តេស្ត​លើ​ជនសង្ស័យ ដែលមាន​ផ្ទុក​COVID-19 ជាច្រើន​នាក់ ពោល​ច្រើនជាង ២៧​ម៉ឺន​នាក់ ដើម្បី​ប្រាកដថា​អ្នក​ទាំងនោះ មិនមាន​ផ្ទុក​COVID-19​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Foreign Policy មនុស្ស​ប្រមាន​ជា ២​ម៉ឺន​នាក់ ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងត្បូង​ធ្វើតេស្ត​ក្នុង​មួយថ្ងៃ ដោយមាន​ទីតាំង​សម្រាប់​ធ្វើតេស្ត​រហូតដល់​ជាង ៦០០​ទីតាំង នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​។ ការណ៍​នេះ ត្រូវបាន​គេ​ហៅថា ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​(Mass Testing)​។​
 

​រូបភាព​៖ ក្រុម​វេជ្ជសាស្ត្រ ធ្វើតេស្ត​អ្នកបើកបរ​រថយន្ត ដើម្បី​រកមើល COVID-19​។ រូបភាព Sky News
 
​បទពិសោធ​ពី​អតីតកាល 
 
​ពិតមែន​ទៅ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កូរ៉េខាងត្បូង​ធ្លាប់​ឆ្លងកាត់​ជំងឺឆ្លង​។ កាលពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៣ កូរ៉េខាងត្បូង ក៏បាន​ប្រឈម​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ SARS ផងដែរ ហើយ​វីរុស​នៃ​ជំងឺ​SARS​នេះ ក៏​ជា​អម្បូរ​នៃ​កូ​រ៉ូ​ណា​វីរុស​ផងដែរ​។ ការណ៍​នេះហើយ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏ដូចជា​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​ត្រៀមខ្លួន​ទុកជាមុន និង​ដឹង​ពី​វិធី​បង្ការ​ទុកជាមុន ដែល​ខុសពី​ប្រទេស​ដទៃ​។ 
 
​បច្ចេកវិទ្យា​ប្រាប់​ដំណឹង​ដល់​ប្រជាជន​
 
​ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជៀសវាង​ពី​ករណី​ឆ្លង និង​ដឹង​ពី​ទីតាំង​ឆ្លង​COVID-19 រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បង្ក​កម្មវិធី កូ​រ៉ូ​ណា​ចម្ងាយ ១០០​ម៉ែត្រ (Corona 100m app)​។ តាមរយៈ​កម្មវិធី​នេះ ប្រសិន​ប្រជាជន​ស្ថិតនៅ​ចម្ងាយ​១០០​ម៉ែត្រ ឬ​តិចជាង​នេះ ពី​ទីតាំង​កើតមាន​COVID-19 កម្មវិធី​កូ​រ៉ូ​ណា​១០០​ម៉ែត្រ នឹង​ជូនដំណឹង​ប្រាប់​ភ្លាម ដោយ​មិនចាំបាច់​ឲ្យ​មនុស្ស​ចូលទៅ​ស្វែងរក​ប្រវត្តិ​នៃ​ការធ្វើដំណើរ​របស់​អ្នកជំងឺ​ទៅ​ទីតាំង​ណា​។ 
 
​ចំណែក​កម្មវិធី​មួយទៀត គឺ​វេ​ប​សាយ Coronamap ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​មើល ដើម្បី​ដឹងថា​តើ​អ្នកជំងឺ COVID-19 ធ្លាប់ធ្វើ​ដំណើរ​ទៅ​ទីតាំង​ណាខ្លះ​ក្នុង​កូរ៉េខាងត្បូង និង​បង្ហាញ​ពី​ទីតាំង​កំពុង​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​នៅ​កូរ៉េខាងត្បូង​។ តាមរយៈ​កម្មវិធី​ទាំងពីរ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​កូរ៉េ​ប្រើប្រាស់​យ៉ាងច្រើន ដើម្បី​បង្ការ​ករណី​ឆ្លង​ថ្មី​នេះ​។ 
 

​រូបភាព​៖ កម្មវិធី​កូ​រ៉ូ​ណា ១០០​ម៉ែត្រ​។ រូបភាព​៖ Google Play
 
​សូមបញ្ជាក់ថា វិធានការ​ខាងលើនេះ គឺមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ទប់ស្កាត់ COVID-19 នៅ​កូរ៉េខាងត្បូង ដោយ​មិនមាន​វិធាន​ការបិទ​ក្រុង ឬ​រឹតត្បិត​លើ​ការធ្វើដំណើរ​អ្វី​ខ្លាំង​ដូច​ប្រទេស​មួយចំនួន​ឡើយ​។ ចំណាត់ការ​បែបនេះ ត្រូវបាន​អ្នកជំនាញ និង​អង្គការ​អន្តរជាតិ​សរសើរ​ថា វិធានការ​កូរ៉េខាងត្បូង គឺ​ល្អ ហើយ​បណ្តា​ប្រទេស​លើ​ពិភពលោក​គួរតែ​យក​គំរូ​តាម​។ បើតាម​លោក Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​បញ្ជាក់ថា ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក គួរតែ​យក​មេរៀន​ពី​កូរ៉េខាងត្បូង យកមកអនុវត្ត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ពី COVID-19​។ 
 
​យ៉ាងណាក៏ដោយ ចំណាត់ការ​របស់​កូរ៉េខាងត្បូង គឺ​ត្រូវ​ប្រើ​ធនធាន និង​ថវិការ​អស់​ច្រើន ប៉ុន្តែ​មាន​ប្រសិទ្ធភាព​។ ដោយមាន​ឃើញថា​វា​ជា​វិធាន​ការល្អ មាន​ប្រទេស​មួយចំនួន បាន​យក​គំរូ​តាម​។ តួយ៉ាង​ដូចជា ហុងកុង និង​សិង្ហ​បុរី​ជាដើម ហើយ​ពេលនេះ​មាន​អាល្លឺម៉ង់ និង​អាមេរិក ក៏បាន​ប្រើ​វិធីសាស្ត្រ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​តាម​កូរ៉េខាងត្បូង​ដែរ​៕

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com