ឥណ្ឌូណេស៊ីអាចនឹងចាត់វិធានការបិទ រដ្ឋធានីហ្សាការតា និងតំបន់ជុំវិញ ដែលមានប្រជាជន៣០លាននាក់ដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងនៃជំងឺ COVID-19 ដែលបានសម្លាប់ប្រជាជនច្រើនជាង១០០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤លើលោកមួយនេះ។
សារព័ត៍មាន The Jakarta Post បានឲ្យដឹងថានគរបាល និងមន្ត្រីដឹកជញ្ជូនបានសាកល្បងកំណត់ការធ្វើដំណើររបស់ប្រជាជននៅកណ្តាលទីក្រុងហ្សាការតា កាលពីចុងសប្តាហ៍នេះ។ លោក Ridwan Kamil អភិបាលខេត្តជ្វាខាងលិច បាននិយាយថា ការសម្រេចចិត្តបិទរដ្ឋធានី ក៏រួមបញ្ជូលនូវតំបន់ឯទៀតនៅខេត្តដទៃដែលនៅជាប់នឹងរដ្ឋធានីហ្សការតា ដែលមានចំនួនអ្នកឆ្លងច្រើន។
គួរបញ្ជាក់ផងដែរថា ផែនការក្នុងរៀបចំបិទទីក្រុងនេះធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លង។ ជាក់ស្តែងចំនួនអ្នកឆ្លងនៅរដ្ឋធានីហ្សាការតា មានចំនួនដល់ ៦៧៥នាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកឆ្លងក្នុងប្រទេសទាំងមូល។ការបិទរដ្ឋធានី នឹងផ្តល់អំណាចឲ្យអាជ្ងាធរបញ្ឈប់ការធ្វើដំណើររបស់ប្រជាជនពីរដ្ឋធានីហ្សាការតា ទៅកាន់ស្រុកកំណើត ឫភូមិរបស់ពួកគេវិញ ឫនៅពេលប្រជាជាតិមូស្លីមមួយនេះប្រារព្ធពិធីបុណ្យតមអាហារ រ៉ាមាដន នៅចុងខែឧសភា។
ការវិលត្រឡប់របស់ប្រជាជនក្នុងចំនួនច្រើនពីរដ្ឋធានីហ្សាការតា ដែលជាតំបន់ជំងឺឆ្លង ទៅកាន់ផ្ទះសម្បែងរបស់គេវិញ នាំឲ្យមានភាពស្មុគ្រស្មាញនៅក្នុងការទប់ស្កាត់ការឆ្លងនៃវីរុស នេះជាសេចក្តីថ្លែងការរបស់លោក Kamil កាលពីថ្ងៃអាទិត្យ។
នៅប្រទេសឥណ្ឌូណេស៊ី មានការបារម្ភថានឹងមានការឆ្លងទ្រង់ទ្រាយធំជាថ្មីម្តងទៀត ខណៈអាជ្ងាធរកំពុងពន្លឿនការធ្វើតេស្តអ្នកដែលសង្ស័យថាឆ្លងជំងឺ។ កាលពីថ្ងៃ ១៩មីនា អាជ្ងាធរឥណ្ឌូណេស៊ីបានដាក់រដ្ឋធានីហ្សាការតាក្នុងស្ថានភាពអាសន្ន និងបានសុំឲ្យបុគ្គលិកធ្វើការពីផ្ទះ ចំណែកឯពាណិជ្ជកម្មវិញអាចបន្តដំណើរការសម្រាប់តែសេវាចាំបាច់ប៉ុណ្ណោះ។
លោក ចូកូ វីដូដូប្រធានាធិបតីឥណ្ឌូណេស៊ី ធ្លាប់ប្រឆាំងនឹងការបិទទីក្រុង ឫប្រទេសដែលយកគំរូតាមចិន និងម៉ាឡេស៊ី ដោយលើកឡើងថាវប្បធម៍ និងចរិកលក្ខណៈរបស់ប្រទេសគួរយកមកពិចារណា និងបានស្នើរឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តនៅឲ្យឆ្ងាយពីគ្នា។ ប៉ុន្តែកំណើននៃចំនួនអ្នកឆ្លងនេះ បានធ្វើឲ្យប្រព័ន្ធសុខាភិបាលពេញបន្ទុក ខណៈអាជ្ងាធរកំពុងព្យាយាមរកឧបករណ៍ការពារខ្លួន ឈុតពាក់ការពារខ្លួន និងឧបករណ៍បូមខ្យល់សម្រាប់បុគ្គលិកសុខាភិបាល។
គូរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានហាមការនាំចេញម៉ាស់ និងសារធាតុសម្លាប់មេរោគបណ្តោះអាសន្ន និងឲ្យឈ្មួញនាំចូលខ្ទឹម និងខ្ទឹមបារាំងដោយមិនចាំបាច់មានការអនុញ្ញាតដើម្បីបង្កើនការផ្ទត់ផ្គង់មុនរដូវតមអាហាររ៉ាមាដន។ បន្ថែមពីនេះ អាជ្ងាធរបានបញ្ជាឲ្យអ្នកលក់ស្បៀងធ្វើការបែងចែករបបអាហារ ដូចជាអង្ករ ប្រេងឆា ស្ករ និងមីដើម្បីជៀសវាងការទិញដែលបណ្តាលមកពីភាពស្លន់ស្លោរ។
គិតមកដល់ពេលនេះឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19ចំនួន ១,២៨៥ ករណី និងអ្នកស្លាប់ចំនួន ១១៤នាក់ដែលជាចំនួនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍៕