COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង នឹង​ផ្តល់ប្រាក់​ជួយសង្គ្រោះ​មួយ​គ្រួសារ​ជាង ៨០០​ដុល្លារ​
30, Mar 2020 , 10:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នា​ថ្ងៃទី​៣០ ខែមីនា បានប្រកាស​ពី ការផ្តល់ប្រាក់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​មួយចំនួន ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុងពេល​មាន​វិបត្តិ នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ក្រៅពី​សម្រាល​បន្ទុក​រប​ស់​ប្រជាជន លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏​កំពុង​រៀបចំ​ផ្តល់ជំនួយ​ថវិកា​សម្រាប់​ក្រុមហ៊ុន​ខ្នាតតូច និង​ក្រុមហ៊ុន​ខ្នាត​មធ្យម​ផងដែរ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំ​ងឹ​ឆ្លង​នេះ​ដូចគ្នា​។


 
​បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​អ្នកបង្កើត​គោលនយោបាយ​សេដ្ឋកិច្ច លោក​មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​បានប្រកាសថា «​ប្រាក់​សម្រាល​បន្ទុក​ក្នុង​គ្រា​មាន​គ្រោះអាសន្ន​» នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​ក្នុង​មួយ​គ្រួសារ ដែលមាន​សមាជិក​៤​នាក់ រហូតដល់​ជាង ៨០០​ដុល្លារ​។ ប៉ុន្តែ​ថវិកា​នេះ ផ្តល់​ឲ្យ​តែ​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ចាប់ពី ៧០​ភាគរយ​ចុះមក​ក្រោម​តែប៉ុណ្ណោះ ចំណែក​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​លើសពីនេះ គឹ​មិន​ទទួលបាន​ប្រាក់​សង្គ្រោះ​នេះឡើយ​។ 
 
​បើតាម​លោក មូ​ន បាន​បញ្ជាក់ថា ប្រជាជន​ដែល​រងគ្រោះ ដោយសារតែ​កូ​រ៉ូ​ណាវី​រុស គួរតែ​ទទួលបាន​ប្រាក់​សង្គ្រោះ​ទាំងនេះ ដើម្បី​ដោះ​បន្ទុកគ្រួសារ និង​ដើម្បី​ចូលរួម​ទប់ស្កាត់ COVID-19​។ ពិតណាស់​សម្រាប់​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់ វា​មិនមែនជា​បញ្ហា​ចោទ​ទេ នៅពេល​អ្នក​ទាំងនោះ ត្រូវដាក់​ច​ត្តា​ឡី​ស័ក ឬ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន ប៉ុន្តែ​បញ្ហា​ជាច្រើន នឹង​កើតមាន​សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​កម្រិត​ទាប និង​មធ្យម​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កូរ៉េខាងត្បូង​មាន​ប្រមាណ​ជា ១៤​លាន​គ្រួសារ ឬ ៣៥​លាន​នាក់ ដែលមាន​សិទ្ធិ​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល​នេះ​។ កូរ៉េខាងត្បូង នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ៩,៥​ពាន់​លាន​ដុល្លារ លើ​ជំនួយ​ជួយសង្គ្រោះ​គ្រួសារ​។ 
 
​ក្រៅពី​ថវិកា​សម្រាប់​គ្រួសារ​កូរ៉េខាងត្បូង ប្រធានាធិបតី​ក៏បាន​សិក្សា​ពី​គម្រោង​ជួយ​ក្រុមហ៊ុន​ខ្នាតតូច និង​ខ្នាត​មធ្យម​ផងដែរ ដែល​កំពុងតែ​ប្រឈម​នឹង​វិបត្តិ COVID-19​។ តាមរយៈ​គម្រោង​នេះ ក្រុមហ៊ុន​មួយចំនួន​នេះ នឹង​ទទួលបាន​ការលើកលែង​ការបង់​ធានារ៉ាប់រង​ដោយ​ផ្នែក និង​ការចំណាយ​ផ្សេងៗ​។ 
 
​បើសិន​គ្មាន​ការប្រែប្រួល​ទេ សំណើ​ច្បាប់​ថវិកា​ជួយសង្គ្រោះ​ទាំងពីរ​នេះ នឹងដាក់​ទៅ​សភា​នៅក្រោយ​ថ្ងៃទី​១៥ ខែមេសា ពោលគឺ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​កូរ៉េខាងត្បូង​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា កូរ៉េខាងត្បូង​មាន​COVID-19 សរុប​លើសពី ៩​ពាន់​ករណី អ្នកស្លាប់ ១៥៨​ករណី និង​អ្នកជា​សះស្បើយ​មាន​ជាង ៥​ពាន់​ករណី​៕

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com