COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឪពុក​ស្លាប់​ដោយសារ COVID-19 អ្នក​ប្រដាល់​អង់គ្លេស​ម្នាក់​ស្នើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ​
30, Mar 2020 , 5:59 pm        
រូបភាព
Anthony Yarde អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស អះអាងថា ឪពុក​របស់ខ្លួន​បាន​ស្លាប់​ដោយសារ​ឆ្លង​ជំងឺ COVID-19​។ ក្រោយ​មរណភាព​ឪពុក Yarde ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ស្នាក់នៅ​ក្នុងផ្ទះ​ដើម្បី​គេច​ផុតពី​ជំងឺ​រាតត្បាត​នេះ​។​

 
«​ខ្ញុំ​នៅតែ​តក់ស្លុត ប៉ុន្តែ​មរណភាព​នេះ​អាចជា​សារ​ជួយ​ដល់​អ្នក​រាល់គ្នា​បន្ត​ស្នាក់នៅ​ក្នុងផ្ទះ​»​។ Yarde បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​បែបនេះ ដោយ​បន្ថែមថា​មនុស្ស​កាន់តែច្រើន​ចេញទៅ​ក្រៅ​នឹងធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​កាន់តែខ្លាំង ប៉ុន្តែ​ការដាក់​ខ្លួនឯង​ឲ្យ​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ទើប​អាច​កាត់បន្ថយ​ការ​រាលដាល​។​
 
​អ្នក​ប្រដាល់​ទម្ងន់​មធ្យម​វ័យ ២៨ ឆ្នាំ​រូបនេះ​ជំរុញ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​ដោយ​លើក​ហេតុផល​ថា ឪពុក​របស់ខ្លួន​មិនមាន​បញ្ហា​សុខភាព​អ្វី​នោះទេ មុនពេល​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជំងឺ COVID-19 រហូតដល់​ស្លាប់​នោះ​។​
 
​ចំនួន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នៅ​ចក្រភព​អង់គ្លេស គិត​ត្រឹម​ថ្ងៃទី​៣០ មីនា​នេះ​បាន​កើន​ឡើងដល់​ជិត​ពីរម៉ឺន​នាក់ រីឯ​អ្នកស្លាប់​កើន​ជាង​មួយ​ពាន់​នាក់ និង​សះស្បើយ​ជាង​១០០​នាក់​។​
 
​ក្រោយ​ការស្នើ​របស់​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស​ដែលមាន​ប្រវត្តិ​ប្រកួត​២០​លើក ឈ្នះ​១៩ ចាញ់​ម្តង និង​ផ្តួល​ឲ្យ​ដៃគូ​បោះបង់​ការប្រកួត​១៨​លើក​នោះ អ្នកគ្រប់គ្រង​របស់គេ​លោក Frank Warren សង្ឃឹមថា ពលរដ្ឋ​ទាំងអស់​នឹង​ទទួលយក​ការជំរុញ​របស់ Yarde ។​
 
«COVID-19 ជា​បញ្ហា​មួយ​ដែល​ជះឥទ្ធិពល​ដល់​យើង​ទាំងអស់​។ យើង​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​ស្តាប់​ការ​អង្វរ​ដ៏​ស្មោះ​របស់ Yarde និង​ទទួលយក​ដំបូន្មាន​រប​ស់​រដ្ឋាភិបាល ដូច្នេះ​យើង​អាច​នឹង​គេច​ផុតពី​ជំងឺ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Warren​។​
 
​ប្រកួត​បន្ទាប់​របស់ Yarde នឹងត្រូវ​ប៉ះ​មិត្ត​រួម​ជាតិ​អង់គ្លេស​កីឡាករ Lyndon Arthur នៅ​ថ្ងៃទី​១១ ខែមេសា ប៉ុន្តែ​ជំនួប​នេះ​ត្រូវបាន​ពន្យារពេល​វិញ​រហូតដល់​ថ្ងៃទី​១១ ខែកក្កដា ដោយសារ​បារម្ភ​ពី​ជំងឺ​រាតត្បាត COVID-19៕

Tag:
 COVID-19
  Anthony Yarde
  Boxing
© រក្សាសិទ្ធិដោយ thmeythmey.com