សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបពីវិធានការខ្លះជាមុនថា បើប្រទេសកម្ពុជា ត្រូវបានដាក់ឲ្យស្ថិតក្នុងគ្រាមានអាសន្ន រដ្ឋាភិបាល អាចមានសិទ្ធិកំណត់តម្លៃលើមុខទំនិញមួយចំនួន ជាពិសេសអង្ករ។
ក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅវិមានរដ្ឋសភា ក្រោយចាកចេញពីកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះថា៖«បើដាក់ប្រទេសក្នុងគ្រាមានអាសន្ន រដ្ឋ អាចកំណត់តម្លៃលើទីផ្សារអង្ករ [កំណត់] ត្រឹមប៉ុន្មាន បើលក់លើសពីនេះ គឺផាក គឺកំណត់បែបនេះទៅបាន...»។
ប៉ុន្តែ ដរាបណា ប្រទេស នៅតែមានសភាការណ៍ធម្មតា ហើយមិនទាន់ត្រូវបានដាក់ក្នុងគ្រាមានអាសន្ន រដ្ឋាភិបាល ពុំទាន់អាចកំណត់តម្លៃលើមុខទំនិញនៅក្នុងទីផ្សារឡើយ។ សម្តេចនាយករដ្ឋមន្ត្រី និយាយថា នាពេលនេះ រដ្ឋាភិបាល អាចត្រឹមតែចរចាជាមួយឈ្មួញឬអ្នកលក់ដូរប៉ុណ្ណោះ ដើម្បីឲ្យសម្រុះស្រួលគ្នានិងរក្សាតម្លៃលើមុខទំនិញឲ្យសមរម្យ។
ស្របពេល ប្រទេស កំពុងជួបការលំបាក ដោយសារការរាលដាលនៃវីរុសកូវីដ-១៩ មានអ្នករកស៊ីខ្លះ ឆ្លៀតឱកាសដំឡើងថ្លៃលើទំនិញ បើទោះបីជារដ្ឋាភិបាល ប្រឹងអំពាវនាវផងនិងព្រមានចាត់វិធានការផ្លូវច្បាប់ផងក៏ដោយ។ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញចំណាត់ការមួយ ដោយតម្រូវឲ្យអ្នកលក់ដូរ សរសេរពីតម្លៃជាប្រាក់រៀល លើមុខទំនិញរបស់ខ្លួន រួមទាំង អាកុលលាងដៃ និង ម៉ាស់ ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា ពេលប្រទេស ត្រូវដាក់ក្នុងគ្រាមានអាសន្ន រដ្ឋាភិបាល អាចនឹងដាក់ចេញវិធានការបិទទីតាំងសាធារណៈឬឯកជននានា ដើម្បីឆ្លងតបនឹងសភាពការណ៍នាពេលនោះ។ យ៉ាងណា ប្រមុខរដ្ឋាភិបាល មិនទាន់អាចលាតត្រដាងទាំងអស់ឡើយថា ពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន រដ្ឋាភិបាល នឹងដាក់ចេញវិធានការអ្វីខ្លះ។ មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«ខ្ញុំ គិតថា មិនគួរត្រូវបានបង្ហាញ [អស់] លោក មុនពេលខ្ញុំបង្ហាញគណៈរដ្ឋមន្ត្រីទេ»។
នៅព្រឹកស្អែក (ថ្ងៃទី៣១ ខែមីនា) គណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីមន្ត្រី នឹងបើកកិច្ចប្រជុំពិភាក្សាអំពីច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយនៅថ្ងៃទី៣ មេសា គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបន្តពិភាក្សានិងអនុម័តច្បាប់នេះ មុននឹងបញ្ជូនទៅរដ្ឋសភា។
ប្រមុខរដ្ឋាភិបាល អះអាងថា ទោះជាកម្ពុជា មានច្បាប់នេះនាពេលខាងមុខក្តី តែរដ្ឋាភិបាល នឹងមិនលូកលាន់ចូលទៅក្នុងវិស័យឯកជននិងឯកជននោះទេ តែរដ្ឋាភិបាល អំពាវនាវឲ្យវិស័យឯកជន យោគយល់គ្នា។
មានមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន តែហាក់មិនមានភាពគ្រប់គ្រាន់ឡើយ ពោលគឺ នៅមានភាពចន្លោះប្រហោង ដោយពុំបានចែងលម្អិតថា រដ្ឋាភិបាល មានសិទ្ធិកម្រិតណា ក្នុងការគ្រប់គ្រប្រទេស ពេលស្ថិតក្នុងគ្រាមានអាសន្ន។
មាត្រា២២ថ្មី ៖«នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា»។
មាត្រា៧៨ ៖«...ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភា អាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភា ត្រូវសម្រេចដោយមតិយល់ព្រម ពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
មាត្រា៨៦ ៖«ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត។ បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាសភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។ នៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានឡើយ»។
មាត្រា១០២ថ្មី ៖«...ក្នុងពេលមានសង្គ្រាម ឬក្នុងកាលៈទេសៈពិសេសដទៃទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភា ត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ ព្រឹទ្ធសភាមានសិទ្ធិសម្រេចបញ្ចប់កាលៈទេសៈពិសេសខាងលើនេះ កាលបើសភាពការណ៍អនុញ្ញាត»។
ក្នុងសន្នីសីទនោះ ប្រមុខរដ្ឋាភិបាល ប្រកាសប្រាប់ប្រជាពលរដ្ឋ កុំឲ្យភ័យខ្លាច បើច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ត្រូវបានបង្កើតឡើងជាផ្លូវការ ហើយប្រទេសកម្ពុជា ត្រូវបានដាក់ក្នុងគ្រាមានអាសន្នពិតមែន៕