COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ជំរុញ​ឲ្យ​ប្រជាជន​សែន​ឆេង​ម៉េង​នៅផ្ទះ ដើម្បី​ទប់ស្កាត់ COVID-19
31, Mar 2020 , 7:59 am        
រូបភាព
រូបភាព៖ The Star
រូបភាព៖ The Star
​ខណៈពេល​ថ្ងៃ​សែន​ឆេង​ម៉េង ខិតជិត​មកដល់​នា​ថ្ងៃទី​៤ ខែមេសា​ខាងមុខ អាជ្ញាធរ​ម៉ាឡេស៊ី បាន​ជំរុញ​ឲ្យ​ប្រជាជន​របស់ខ្លួន គោរព​ប្រពៃណី​ដូនតា និង​សែន​ឆេង​ម៉េង​នៅផ្ទះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ល្មើសបទបញ្ជា​បទ​ប្រទេស​របស់​ម៉ាឡេស៊ី​។ ម្យ៉ាងវិញទៀត ការទទូច​ឲ្យ​ប្រជាជន​ប្រារព្ធ​ពិធី​នៅផ្ទះ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ការ​ករណី​ឆ្លង នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។


 
​តាមរយៈ​ការសរសេរ​លើ​បណ្តាញ​សង្គម Facebook នា​ថ្ងៃទី​២៩ ខែមីនា លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន Wee Ka Siong បាន​បញ្ជាក់ថា ពិធី​សែន​ឆេង​ម៉េង ដែល​គ្រោង​នឹង​ប្រារព្ធ​នា​ថ្ងៃទី​៤ ខែមេសា​ខាង​មុន ម៉ាឡេស៊ី​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ ដែលមាន​ខ្សែស្រឡាយ​ចិន ប្រារព្ធ​ពិធី​សែន​នៅផ្ទះ ជាជាង​ទៅខាង​ក្រៅ ដែល​ខុស​នឹង​បទបញ្ជា​រឹតត្បិត​ការធ្វើដំណើរ (MCO)​។ 
 
​បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី​ដឹកជញ្ជូន បាន​បន្តទៀតថា ការប្រតិបត្តិ​នៅផ្ទះ គឺ​វា​ល្អ​នៅក្នុង​កាលៈទេសៈ​បែបនេះ ព្រោះ​ប្រជាជន​មួយចំនួន អាច​ជៀសវាង​ពី​ការឆ្លង COVID-19 ដោយ​ប្រការ​ណាមួយ និង​អាច​កាត់ផ្តាច់​ប្រភព​ចម្លង​បាន​។ រដ្ឋាភិបាល ជឿថា​ប្រជាជន​ម៉ាឡេស៊ី ដែលមាន​ខ្សែស្រឡាយ​ចិន នឹង​ប្រារព្ធ​ពិធី​សែន​ឆេង​ម៉េង​នៅផ្ទះ​តាមបែប​បទ​ប្រពៃណី​របស់ខ្លួន​។ 
​បើតាម​សំណេរ​លើ​បណ្តាញ​សង្គម​ដដែល​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​សូមទោស និង​ឲ្យ​មានការ​យោគយល់ ពី​សំណាក់​សហព័ន្ធ​សមាគម​ចិន​ម៉ាឡេស៊ី និង​អង្គការ​សាសនា​ផ្សេង​ផងដែរ ចំពោះ​ការមិន​អនុញ្ញាត​ឲ្យ​មានការ​ប្រារព្ធ​ពិធី​សែន​ឆេង​ម៉េង​នៅ​ថ្ងៃទី​៤ ខែមេសា​ខាងមុខ​។ ជាមួយគ្នានេះ លោក Wee បាន​អះអាងថា ដោយ​មិនមាន​ប្រកាស​ពូជសាសន៍ ឬ​សាសនា ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ ត្រូវតែ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ ដើម្បី​ប្រយុទ្ធ​ជាមួយ​COVID-19 និង​រហូតដល់​អស់​ជំងឺឆ្លង​នេះ​ចេញពី​ប្រទេស​។​
 
​បន្ទាប់ពី​ម៉ាឡេស៊ី បាន​រកឃើញ COVID-19 ដល់​ជាង ១​ពាន់​ករណី នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានប្រកាស​បិទ​ប្រទេស​ទាំងមូល​តាមរយៈ បទបញ្ជា​រឹតត្បិត​ការធ្វើដំណើរ (MCO) ចាប់តាំងពី​ថ្ងៃទី​១៨ ខែមីនា រហូតដល់​ថ្ងៃទី​១៤ ខែមីនា​។ បើ​នរណា​ហាន​បំពាន​បទបញ្ជា​ថ្មី​នេះ អ្នក​ទាំងនោះ​នឹងត្រូវ​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ជា ២២៥ ដុល្លារ​ថែមទៀត​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែមីនា ម៉ាឡេស៊ី​រកឃើញ​COVID-19 សរុប​ចំនួន ២៤៧០​ករណី និង​អ្នកស្លាប់ ៣៥​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​នៅ​ម៉ាឡេស៊ី​មាន​ចំនួន ៣៨៨​ករណី​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com