COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម លើកឡើង​ពី​លទ្ធភាព​បិទ​ក្រុង​សំខាន់ៗ​ទប់ស្កាត់ COVID-19
31, Mar 2020 , 8:39 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីវៀតណាម  ង្វៀន សួនហ្វុក  (សារព័ត៌មានវៀតណាម Nhan Dan)
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (សារព័ត៌មានវៀតណាម Nhan Dan)
ដោយ:
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក បានស្នើ​សុំ​ឲ្យ​ទីក្រុង​សំខាន់ៗ​ត្រៀមលក្ខណៈ​សម្រាប់​លទ្ធភាព​នៃ​ការបិទ (lockdown) ក្នុង​គោលដៅ​បញ្ឈប់​ការរីក​រាលដាល COVID-19 ។ ការលើកឡើង​ពី​លទ្ធភាព​បិទ​ក្រុង​បែបនេះ ធ្វើឡើង​ខណៈ​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ឈានដល់​ជិត​២០០​ករណី​ហើយ​។

 
«​ហាណូយ និង​ទីក្រុង ហូជីមិញ ត្រូវតែ​ត្រួតពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស ហើយ​ត្រូវតែ​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​សេណា​រី​យ៉ូ​បិទ​ទីក្រុង​»​។ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៣០ ខែមីនា​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​រដ្ឋាភិបាល​រូបនេះ សង្កត់ធ្ងន់ថា វៀតណាម​បាន​ឈានដល់​ដំណាក់​ការ​កំពូល​នៃ​ការឆ្លង​រាតត្បាត ហើយ​ដូច្នេះ​ទីក្រុង​សំខាន់ៗ ត្រូវតែ​ព​ន្លឿ​ន​ក្នុងការ​ដាក់ចេញ​ចំណាត់ការ​ពួក​កេ​។ 
 
​រដ្ឋាភិបាល​វៀតណាម បានដាក់​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ជើងហោះហើរ​ក្នុងស្រុក​, កាត់បន្ថយ​ជើងហោះហើរ​ក្នុងស្រុក​, ផ្អាក​ការជួបជុំ​សាធារណៈ និង​បិទ​សេវាកម្ម​មិនចាំបាច់​ជា​បណ្តោះអាសន្ន​រហូតដល់​ថ្ងៃទី​១៥ ខែមេសា​។ ទន្ទឹមនេះ វៀតណាម ក៏​ដាក់ចេញ​ចំណាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​និង​តាមរក​ម៉ឺន​ម៉ាត់​បំផុត ខណៈ​ករណី​ឆ្លង​ភាគច្រើន​ជាការ​នាំចូល​ដោយ​ពលរដ្ឋ​វៀតណាម​មកពី​ក្រៅប្រទេស និង​ជនបរទេស​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ៣០ ខែមីនា វៀតណាម មាន​ករណី​ឆ្លង​សរុប ១៩៤​ករណី​ហើយ ក្នុងនោះ ៥៤​នាក់ បានជា​សះស្បើយ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​វៀតណាម​។ យ៉ាងណាមិញ វៀតណាម​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ COVID-19 នៅឡើយ​តែ​។ ម្យ៉ាងទៀត មនុស្ស​ជាង​៧៥០០០​នាក់ ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក ខណៈ​រដ្ឋាភិបាល​មានបំណង​កម្រិត​ករណី​ឆ្លង​ទាប​ជាង​១០០០​ករណី​៕ 

Tag:
 វៀតណាម​
  COVID-19
  ង្វៀន សួន​ហ្វុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com