COVID-19
អន្តរជាតិ
COVID-19៖ បង់ក្លាដែស សម្រេចបិទការចេញចូលនៅជំរំរស់នៅរបស់ជនភៀសខ្លួនរូហ៊ីងយ៉ា
31, Mar 2020 , 9:19 am        
រូបភាព
ដោយ:
ឈរលើគោលការណ៍នៃការអនុវត្តទូទាំងប្រទេស រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចបិទសកម្មភាពចេញចូល នៅជំរំស្នាក់នៅរបស់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទាំង៣៦ ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលជំងឺ  Covid-19 ក្នុងតំបន់ដែលមានភាពផុយស្រួល និងងាយឆ្លងមួយនេះ។

 
ដោយមានការព្រួយបារម្ភពីរដ្ឋាភិបាលបង់ក្លាដែសពីករណីឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 អាជ្ញាធរមូលដ្ឋានបង់ក្លាដែស បានស្នើឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមកពីមីយ៉ាន់ម៉ាជាងមួយលាននាក់កុំឲ្យធ្វើដំណើរចេញចូលកន្លែងផ្សេង ដោយត្រូវនៅក្នុងជំរំរបស់ខ្លួន រហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបង់ក្លាដែស AA នៅចុងសប្តាហ៍កន្លងទៅ។
 
តាមប្រភពព័ត៌មានដដែល ជាមួយនឹងការផ្តាំផ្ញើពីការព្រួយបារម្ភរបស់រដ្ឋាភិបាល ក្រុមអាជ្ញាធរ បានលើកឡើងថា វា នឹងក្លាយជាការងារដ៏លំបាកមួយសម្រាប់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាព ប្រសិនបើមេរោគ Covid-19 រីករាលក្នុងជំរំ ដែលមានស្ថានភាពកកកុញស្រាប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ចំណុចនេះហើយ ដែលអាជ្ញាធរ ស្នើឲ្យជនភៀសខ្លួនទាំងនោះ ស្នាក់នៅផ្ទះ លើកលែងតែមានតម្រូវការចាំបាច់បន្ទាន់។
 
ជាមួយនឹងការដាក់ឲ្យស្ថិតក្នុងស្ថានភាពអាសន្ននេះ ក្រុមជនភៀសខ្លួន បានស្នើឲ្យរដ្ឋាភិបាលបង់ក្លាដែស ធានាពីការផ្គត់ផ្គង់ចំណីអាហារ និងថ្នាំបង្ការ ដល់ប្រជាជនដែលមានភាពទន់ខ្សោយស្រាប់នោះ។ ពួកគេ ក៏សុំឲ្យរដ្ឋាភិបាល ជួយសម្រួលបញ្ហាអ៊ិនធ័រនែតផងដែរ ដ្បិតពួកគេ ក៏ចង់ទទួលបានព័ត៌មានផ្សេងៗខណៈស្នាក់នៅតែក្នុងផ្ទះ។ 
 
គួរជម្រាបបន្តិចថា បង់ក្លាដែស ដែលមានចំនួនប្រជាជនរហូតដល់ ១៧០ លាននាក់ស្រាប់ហើយនោះ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នតាំងពីថ្ងៃ២៦ មីនាមកម្ល៉េះ។ ការសម្រេចដាក់ស្ថានភាពប្រទេសបែបនេះ បន្ទាប់ពីមានករណីឆ្លងវីរុសនេះ ៣៩ករណី និងស្លាប់ ៥ ករណី ខណៈមានប្រជាជនរាប់ពាន់នាក់ ត្រូវបានដាក់នៅដាច់ដោយឡែក៕ 

Tag:
 បង់ក្លាដែស
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com