អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្ដល់អំណោយរថយន្តជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
× នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានសម្រេចឧបត្ថម្ភ រថយន្តម៉ាកHIACE ១៦កៅអី ស៊េរីឆ្នាំ២០២០មួយគ្រឿង ដែលមានតម្លៃ ៦១.៩០០ដុល្លារ សហរដ្ឋអាមេរិក ជូនដល់ក្រសួងសុខាភិបាលតាមរយៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងរីករាលដាលនៃជំងឺកូវីដ-១៩។
ការប្រគល់នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន តូយ៉ូតា ដែលមានទីតាំងស្ថិតនៅលើមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដូចដែលយើងទាំងអស់បានជ្រាប ច្បាស់ហើយថា នៅក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវជំងឺរាតត្បាត ជាសកល (COVID19) ដែលរាជរដ្ឋាភិបាល កំពុងតែចាត់វិធានការយ៉ាងតឹងរឹង ដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវមួយនេះ តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ និងលះបង់កម្លាំងកាយចិត្ត ក្នុងការព្យាបាលអ្នកជំងឺនាពេលកន្លងមក។ លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏សូមអរគុណដល់បណ្តាស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការ សុខាភិបាលពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាល ជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សង្ឈឹមយ៉ាងមុតមាំថា រថយន្តដែលបានឧបត្ថម្ភជូននៅពេលនេះ នឹងអាចចូលរួមចំណែក យ៉ាងសំខាន់មួយក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាប្រតិបត្តិការផ្សេងៗ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យរួចផុតពីមេរោគដ៏កាចសាហាវមួយនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com