ពីនេះ ពីនោះ
រូបត្លុក
មធ្យោបាយ​មួយចំនួន​សម្រួល​កុំ​ឲ្យ​ជំនួញ​«​ក្ស័យធន​»​ភ្លាមៗ​ក្នុង​បរិបទ COVID-19!
31, Mar 2020 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
​សម្ពាធ​សេដ្ឋកិច្ច​មកលើ​អ្នកមាន​ប្រាក់ចំណូល​តិចតួច គឺជា​ក្តីបារម្ភ​របស់ សុធីរ និង​សំណាង​។ នៅថ្ងៃនេះ សុធីរ និង​សំណាង ជជែក​គ្នា​ពី​មធ្យោបាយ​មួយចំនួន​ដែល​អាចជួយ​ស្រោចស្រង់​ជំនួញ​មួយចំនួន បើ​ជំនួញ​បិទ ការងារ​ជាច្រើន​នឹងត្រូវ​បាត់បង់​។ ជា​លទ្ធផល អ្នកមាន​ប្រាក់ចំណូល​តិច ជា​អ្នករងគ្រោះ​ខ្លាំង​។ ក្រៅពី​ក្រុមហ៊ុន​ធំៗ ដូចជា រោងចក្រ​កាត់ដេរ សុធីរ និង​សំណាង គិតថា គេ​អាចមាន​យុទ្ធសាស្ត្រ​ជួយ​សម្រាល​ស្ថានការណ៍​ជូន​ជំនួញ​បាន​មួយគ្រា​ដែរ​។


 
​សុធីរ​៖ អា សំណាង​! បើតាម​យោបល់​អ្ហែង តើ​គេ​ដោះស្រាយ​ធ្វើ​យ៉ាងម៉េច​ទៅ​ដើម្បី​ឲ្យ​ជំនួញ​មួយចំនួន​អាច​នៅ​បន្ត​រស់រានមានជីវិត​បាន​មួយរយៈ​ធំ​ទៀត​? 
 
​សំណាង​៖ អា សុធីរ​! អញ​និយាយ​តែ​ជំនួញ​ខ្នាតតូច និង​មធ្យម ឬ​ប្រភេទ​ជំនួញ​មួយចំនួន​ប៉ុណ្ណោះ​។ អញ​មិន​និយាយ​ទូទៅ​ទេ​។ 
 
​សុធីរ​៖ អើ​និយាយ​មក​! 
 
​សំណាង​៖ មធ្យោបាយ​ទីមួយ​ដែល​ត្រូវធ្វើ គឺ​អ្នក​ជួល​ទីតាំង​ជំនួញ​គ្រប់​ប្រភេទ​ត្រូវតែ​ជួយ​សម្រួល​បញ្ចុះតម្លៃ​។ មធ្យោបាយ​ទី​ពីរ ដោយសារ​សកម្មភាព​ជំនួញ​មិនមាន​ច្រើន​ដូច​សព្វដង ដូច្នេះ បុគ្គលិក​ត្រូវ​ចាប់ផ្តើម​បន្ថយ​ប្រាក់​ឈ្នួល​របស់ខ្លួន​ដើម្បី​សម្រួលការ​រស់រានមានជីវិត​របស់​ក្រុមហ៊ុន​បន្តទៅទៀត និង​មធ្យោបាយ​ទី​៣ គឺ​ទាំង​ក្រុមហ៊ុន និង​បុគ្គលិក​ត្រូវ​រិះរក​យុទ្ធ​ស​សាស្ត្រ​ថ្មីៗ គំនិត​កែច្នៃ​ថ្មីៗ​ក្នុង​បរិបទ​វិបត្តិ​ដើម្បី​ទាក់ទាញ​អតិថិជន ហើយ​ស្របពេល​ជាមួយគ្នា​សកម្មភាព​ទាំងនោះ មិន​ជំរុញ​ឲ្យ​មានការ​រីកសាយ​ភាព​មេរោគ​កូ​វីដ ដូចជា បង្កើន​ការលក់​តាម​អន​ឡាន​។​ល​។ អញ​មិន​និយាយ​សម្រាប់​ជំនួញ​ទាំងអស់​ទេ​ណា៎ អា សុធីរ​!  
 
​សុធីរ​៖ តើ​ស្រុក​យើង​រដ្ឋ​អត់​ជួយ​ជំនួញ​ទេ​ឬ​? 
 
​សំណាង​៖ ដូចជា​មិនទាន់មាន​គោលការណ៍​ជួយ​ផ្ទាល់​ទេ​។ តែ​រដ្ឋ​ដូចជា​បន្ថយ​ពន្ធដារ​មួយចំនួន​លើ​ម្ចាស់​ជំនួញ​។ ឲ្យ​រដ្ឋ​មាន​លុយ​ជួយ​បុគ្គលិក​ទូទៅ​ដូចជា​មិនទាន់មាន​ទេ​។ តែ​សម្រាប់​កម្មករ​កាត់​ដែរ ដូចជា​លឺថា រដ្ឋ​បាន​ជួយ​ខ្លះ​។ អា សុធីរ​! នៅ​កម្ពុជា អ្វីដែល​លំបាក គឺថា ជំនួញ​ខ្នាត​តូចតាច មធ្យម មួយចំនួន​ណា​នោះ មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ទេ​។ ដូច្នេះ មិនដឹងថា តើ​រដ្ឋ​ត្រូវ​ជួយ​ដូ​ចម្តេច​ទេ​។ សរុប​មកវិញ មានតែ​ម្ចាស់​ជួល​ទីតាំង​អាជីវកម្ម ម្ចាស់​អាជីវកម្ម និង​បុគ្គលិក គួរ​ជួយ​សម្រួល​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ ​ដើម្បី​អនុញ្ញាត​ឲ្យ​អាជីវកម្ម​អាច​នៅ​បន្តរ​ស់បាន​មួយរយៈ​បន្ថែមទៀត​​។ បើ​មិន​អ៊ីចឹង​ទេ ជំនួញ​មួយចំនួនធំ​ នឹង​បិទទ្វារ ហើយ​ជា​លទ្ធផល បុគ្គលិក​អត់​ការងារ​ធ្វើ ពេលនោះបន្ទុកគ្រួសារ សហគមន៍ និង​បន្ទុក​របស់​រដ្ឋ​កាន់តែ​ធំ​ឡើងៗ​៕   

© រក្សាសិទ្ធិដោយ thmeythmey.com