ថ្នាក់ដឹកនាំ​សង្ឃ អំពាវនាវ​ឲ្យ​វត្ត​សម្បូរ​ធនធាន ជួយ​ចែក​ស្បៀង​ដល់​ពលរដ្ឋ​ខ្វះខាត​
COVID-19
ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​សង្ឃ អំពាវនាវ​ឲ្យ​វត្ត​សម្បូរ​ធនធាន ជួយ​ចែក​ស្បៀង​ដល់​ពលរដ្ឋ​ខ្វះខាត​
31, Mar 2020 , 10:54 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ សម្តេច អំ លឹមហេង សម្តេចសង្ឃនាយករង១, សម្តេច នន្ទ ង៉ែត សម្តេចសង្ឃនាយក,​ សម្តេច ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ (រូបពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)
ពីឆ្វេងទៅស្តាំ៖ សម្តេច អំ លឹមហេង សម្តេចសង្ឃនាយករង១, សម្តេច នន្ទ ង៉ែត សម្តេចសង្ឃនាយក,​ សម្តេច ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ (រូបពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)
ដោយ: ថ្មីៗ
​គណៈសង្ឃ​នាយក ជា​ស្ថាប័ន​គ្រប់គ្រង​ព្រះសង្ឃ​នៅ​កម្ពុជា បានស្នើ​ឲ្យ​ព្រះ​មេគណ​ទាំង​២៥​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទីរ​ធម្មការ ព្រមទាំង​អង្គការ​ពាក់ព័ន្ធ រួមគ្នា​អំពាវនាវ​ឲ្យ​វត្ត​អារាម ដែល​សម្បូរ​ធនធាន​ច្រើន ចុះ​ចែករំលែក​ថវិកា ស្បៀងអាហារ និង គ្រឿង​ឧ​បរិភោគ​ចាំបាច់​នានា ដល់​វត្ត​អារាម​ដទៃ និង ប្រជាពលរដ្ឋ នៅតាម​ជនបទ​ដាច់ស្រយាល ដែល​កំពុង​ជួប​ការលំបាក និង ខ្វះខាត​។


 
​ការស្នើ​នេះ ធ្វើឡើង​តាមរយៈ​លិខិត ដែល​សម្តេច អំ លឹម​ហេង សម្តេច​សង្ឃនាយក​រង​ទី​១ សរសេរ​ជួស​សម្តេច ន​ន្ទ ង៉ែត ជាស​ម្តេច​សង្ឃនាយក ប្រគេន​ទៅ​ព្រះ​មេគណ​និង​សហការី នៅតាម​រាជធានី​-​ខេត្ត​ទាំង​២៥​។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ សម្តេច អំ លឹម​ហេង ពិត​ថេរ​ដីកា​ទៅកាន់​ព្រះ​មេគណ​ថា ការចាប់​ផ្តើមធ្វើ​ចលនា​មនុស្សធម៌​នេះ គឺជា​ការចូលរួមចំណែក​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល ក្នុងការ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដោយសារ​ការជះឥទ្ធិពល​នៃ​ការ​រាលដាល​វីរុស​កូ​វីដ​-១៩​។ 
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ប្រមាណ​៤០០​នាក់ ដែល​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​មន្ត្រី ចុះ​ដើរ​ចែក​ស្បៀង ដូចជា អង្ករ និង ត្រីខ ជាដើម រួមទាំង​ក្រមា ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។ សម្តេចនាយករដ្ឋមន្ត្រី ទទូច​ឲ្យ​ប្រជាជន កុំ​ចេញពីផ្ទះ បើ​គ្មាន​ភាពចាំបាច់ ដើម្បី​ជៀសវាង​ការឆ្លង​កូ​វីដ​-១៩​។ 
 
​តាមរយៈ​លិខិត​នោះ​ដដែល សម្តេច អំ លឹម​ហេង បានស្នើ​ឲ្យ​ព្រះ​មេគណ ណែនាំ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​អនុវត្តតាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​។ លើសពីនេះ សម្តេច​សង្ឃនាយក​រង​ទី​១ សុំ​ឲ្យ​ព្រះ​មេគណ ធ្វើ​របាយការណ៍​ទៅ​គណៈសង្ឃ​នាយក ចំពោះ​ការអនុវត្ត​សកម្មភាព ដែល​ប្រគេន​និង​ការស្នើសុំ​ខាងលើ​។ 
 
​កាលពី​ថ្ងៃ​១៦ ខែមីនា ឆ្នាំ​២០២០ សម្តេច ន​ន្ទ ង៉ែត សម្តេច​សង្ឃនាយក បានចេញ​សេចក្តីប្រកាស​ម្តង​រួចហើយ ស្តីពី​ការចូលរួម​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូ​វីដ​-១៩​។ ក្នុង​សេចក្តីប្រកាស​នោះ សម្តេច ន​ន្ទ ង៉ែត អំពាវនាវ​ឲ្យ​ព្រះសង្ឃ បន្ត​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព ទាំង​តាមរយៈ​ការ​ទេសនា និង​តាមរយៈ​ការ​ចែកចាយ​ឯកសារ​អប់រំ ដែល​ផលិត​ដោយ​ស្ថាប័ន​សុខាភិបាល​ជាតិ​-​អន្តរជាតិ ដល់​ប្រជា​ពុទ្ធបរិស័ទ​។​
 
​សូម​រម្លឹកថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​មនុស្ស​១០៩​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ បានជា​វិញ​២៣​នាក់​។ ទន្ទឹមនឹងនេះ មនុស្ស​ជាង​៣៥០​នាក់ ប៉ះពាល់​ដោយផ្ទាល់ និង​ជាង​១,៣​ពាន់​នាក់​ទៀត ប៉ះពាល់​ដោយ​ប្រយោល​ជាមួយនឹង​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​៕       

Tag:
 គណៈសង្ឃ​នាយក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com