COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ឲ្យកីឡាករហាត់តាមវីដេអូអនឡាញ អំឡុងមានវិបត្តិ COVID-19
× លោក Jose Mourinho អ្នកចាត់ការទូទៅ Tottenham Hotspur ឲ្យកីឡាករហ្វឹកហាត់នៅផ្ទះដោយមានអ្នកឃ្លាំមើលតាមរយៈវីដេអូអនឡាញបន្តផ្ទាល់ អំឡុងពេលមានវិបត្តិ COVID-19 ។
ក្រុមគ្រូបង្វឹក នឹងដាក់ឲ្យកីឡាករហាត់តាមវេននៅឯផ្ទះរបស់ពួកគេរៀងខ្លួនដែលកម្មវិធីនេះឲ្យឈ្មោះថាវគ្គបណ្តុះបណ្តាលវីដេអូឡាយ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែមីនានេះតទៅតែម្តង។
កីឡាកររបស់ក្រុមមាន់ខ្នាយមាសសព្វថ្ងៃកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅឯផ្ទះរបស់ពួកគេ ស្របពេលចក្រភពអង់គ្លេសបានបិទ ហើយក្របខណ្ឌ Premier League ក៏ត្រូវផ្អាកការប្រកួតរហូតដល់ចុងខែមេសា។
រហូតមកទល់ពេលនេះ កីឡាករបានហ្វឹកហាត់តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្ទាល់ដែលរៀបចំឡើងដោយក្រុមគ្រូបង្វឹក និងអ្នកជំនាញវិទ្យាសាស្ត្រកីឡារបស់ក្លិប Spurs។ ស្របពេលគ្នានេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស Harry Winks អះអាងថាខ្លួននិងមិត្តរួមក្រុមនឹងត្រូវកែសម្រួលទៅនឹងទម្លាប់ហ្វឹកហាត់ថ្មី។
«កម្មវិធីហាត់ថ្មីហាក់ចម្លែកបន្តិចសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែខ្ញុំនឹងផ្តោតលើវា។ យើងទាំងអស់គ្នាត្រូវបានផ្តល់កាលវិភាគរៀងៗខ្លួន ប៉ុន្តែយើងអាចបត់បែនបាន ហើយយើងអាចធ្វើវាបានតាមពេលវេលាផ្ទាល់ខ្លួនរបស់យើង។ Winks ប្រាប់វេបសាយផ្ទាល់របស់របស់ក្លិបដូច្នេះ។
នៅថ្ងៃទី២៩ ខែមីនា ជើងឯករង Champions League រដូវកាលមុន បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធចំណូលថ្មី Steven Bergwijn និងខ្សែបម្រើឆ្នើម Son Heung-min វិលទៅកាន់ប្រទេសកំណើតរបស់ពួកគេរៀងខ្លួន។ Son បានទៅកាន់ប្រទេសកូរ៉េខាងត្បូងដោយហេតុផលផ្ទាល់ខ្លួន ខណៈដែល Bergwijn ត្រូវទៅប្រទេសហូឡង់ដើម្បីមើលប្រពន្ធសម្រាលកូន។
ក្រោមហេតុផលខាងលើ Spurs តម្រូវឲ្យអ្នកទាំងពីរអនុវត្តតាមកម្មវិធីហ្វឹកហាត់ថ្មីរបស់ក្លិបអំឡុងពេលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដោយមានការតាមដានពីបុគ្គលិក និងក្រុមគ្រូបង្វឹក៕
Tag:
Jose Mourinho
COVID-19
Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com