លោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយនៅថ្ងៃ ៣០ មីនាថា សហរដ្ឋអាមេរិកនឹងបញ្ជូនសម្ភារវេជ្ជសាស្ត្រទៅប្រទេសអ៊ីតាលី បន្ទាប់មកប្រទេសអេស្ប៉ាញ និងបារាំង។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
«យើងនឹងបញ្ជូនសម្ភារទាំងនោះទៅ អ៊ីតាលី។ យើងនិងបញ្ជូនទៅបារាំង។ យើងនឹងបញ្ជូនទៅអេស្ប៉ាញ ដែលជាបណ្តាប្រទេសដែលកំពុងជួបបញ្ហាយ៉ាងធំធេង និងប្រទេសផ្សេងទៀតបើយើងអាច»។ នេះជាប្រសាសន៍របស់លោកប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន។
លោក ត្រាំ ក៏បានបង្ហើបបន្តិចពីប្រភេទ និងពេលវេលានៃការដឹកជញ្ជូនសម្ភារ តែសង្កត់ធ្ងន់ថាសម្ភារវេជ្ជសាស្ត្រក្នុងចំនួនយ៉ាងច្រើន នឹងត្រូវបញ្ជូនទៅឲ្យប្រទេសអ៊ីតាលី ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19។ គិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅអ៊ីតាលីមានចំនួន ១១,៥៩១ ករណី។
«យើងនឹងបញ្ជូន សម្ភារដែលមានតម្លៃប្រមាណ ១០០ លានដុល្លារ ដែលក្នុងនោះរួមមានឧបករណ៍វះកាត់ និងសម្ភារមន្ទីរពេទ្យទៅឲ្យប្រទេសអ៊ីតាលី»។ លោក ត្រាំ និយាយបែបនេះដោយបន្ថែមទៀតថា នាយករដ្ឋមន្ត្រីអ៊ីតាលី សប្បាយចិត្តខ្លាំងណាស់ទៅនឹងរឿងនេះ។
នៅសហរដ្ឋអាមេរិក លោក ត្រាំ រងការរិះគន់ចំពោះចំណាត់ការយឺតយ៉ាវរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការទប់ទល់នឹងជំងឺឆ្លងដ៏រហ័សមូយនេះ។ រូបភាពដែលប្រកបដោយភាពទុក្ខព្រួយនៅ មន្ទីរពេទ្យទីក្រុង New York និងកន្លែងឯទៀត បង្ហាញពីការមិនបានប្រុងប្រៀប ក្នុងប្រព័ន្ធសុខាភិបាលអាមេរិក ដែលបណ្តាលមានកង្វះខាត ម៉ាស់ និងឧបករណ៍ជំនួយដង្ហើមជាដើម។
ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បញ្ជាក់ទៀតថា អាមេរិក ក៏នឹងបញ្ជូនរបស់ដែលយើងមិនត្រូវការ ទៅប្រទេសដទៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ លោកប្រធានាធិបតីត្រាំ បានបញ្ជាឲ្យក្រុមហ៊ុន General Motor ផលិតឧបករណ៍សម្រាប់ពាក់ដកដង្ហើម តែការផលិតនឹងមិនស្រួលឡើយនៅដំណាក់កាលដំបូង ដោយក្រុមហ៊ុនត្រូវហ្វឹកហ្វឺនបុគ្គលិក ស្វែងរកគ្រឿងផលិត និងគោរពតាមគោលគារណ៍ណែនាំដ៏តឹងរឹង។
គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកមាន ១៦៤,២៤៨ករណី នៅអ៊ីតាលីចំនួន ១០១,៧៣៩ករណី នៅអេស្ប៉ាញចំនួន ៨៧,៩៥៦ករណី និងនៅបារាំងចំនួន ៤៤,៥៥០ ករណី៕