COVID-19
អន្តរជាតិ
មីយ៉ាន់ម៉ាព្រួយបាម្ភពីពលកររបស់ខ្លួនមកពីថៃ ថាអាចចម្លង COVID-19 រូបភាព៖ Time
× មន្ត្រីសុខាភិបាលមីយ៉ាន់ម៉ា នាថ្ងៃទី៣០ ខែមីនា បានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងព្រួយបារម្ភពីបញ្ហាប្រជាជនរបស់ខ្លួន ដែលទើបត្រលប់មកពីថៃជាង ៣ម៉ឺននាក់ ថា អាចធ្វើឲ្យ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) កាន់តែរីកធំឡើងនៅក្នុងប្រទេស។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ Channel News Asia រដ្ឋលេខាធិការសុខាភិបាល និងកីឡា លោក Thar Tun Kyaw អះអាងថា ព្រំដែនគោករវាងថៃ និងមីយ៉ាន់ម៉ា គួរតែបិទតាំងពីមុនថ្ងៃទី២៣ ខែមីនាមកម្លេះ ពោលគឺមុនថ្ងៃមីយ៉ាន់ម៉ារកឃើញCOVID-19 នៅក្នុងប្រទេស។
មុនថ្ងៃទី២៣ ខែមីនានេះ មានប្រជាជនចំណាកស្រុកមកពីថៃរហូតដល់ទៅ ៣២០០០នាក់ឯណោះ។ ការណ៍នេះ បានបង្កឲ្យអាជ្ញាធរមីយ៉ាន់ម៉ា មានបញ្ហាព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញបញ្ហាប្រជាជនចំណាកស្រុកនេះ ថាអាចនាំ COVID-19 ចូលប្រទេស និងអាចចម្លងទៅប្រជាជនផ្សេងទៀត។
បើតាមបញ្ជាក់របស់លោករដ្ឋលេខាធិការសុខាភិបាល នៅពេលឆ្លងកាត់ព្រំដែន ប្រជាជន គឺដើរថ្មើរជើង ហើយនេះគឺជាបញ្ហាចោទ ដែលអាចឆ្លងពីអ្នកដំណើរម្នាក់ ទៅអ្នកដំណើរច្រើននាក់ទៀត។ ម្យ៉ាងទៀត ប្រជាជនដែលបានចូលមកពីមីយ៉ាន់ម៉ា មុខថ្ងៃនេះ គឺមិនមានការត្រួតពិនិត្យរកកូរ៉ូណាវីរុស ពីសំណាក់អាជ្ញាធរព្រំដែនទេ ពោលគឺមីយ៉ាន់ម៉ា ទើបតែចាប់ផ្តើមត្រួតពិនិត្យចាប់ពីថ្ងៃទី២៣ ខែមីនាតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ ប្រជាជនចំណាកស្រុក គឺមានលទ្ធមានផ្ទុក COVID-19 ច្រើនបំផុត ព្រោះថៃមានCOVID-19រហូតដល់ជាង ១ពាន់ករណីឯណោះ។
ដើម្បីទប់ស្កាត់COVID-19 លោក Thar Tun Kyaw បានសំណូមពរឲ្យប្រជាជន ដែលមកពីថៃ មុនថ្ងៃទី២៣ ខែមីនា ដាក់ចត្តាឡីស័កខ្លួន ចំណែករដ្ឋាភិបាល មន្ត្រីថ្នាក់មូលដ្ឋាន ប៉ូលិស ក៏កំពុងសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះដែរ។ លោករដ្ឋលេខាធិការ ក៏បានលើកឡើងជុំវិញពីការចាប់បង្ខំឲ្យប្រជាជនដាក់ចត្តាឡីស័កខ្លួនឯងដែរ ដើម្បីទប់ស្កាត់ករណីឆ្លង និងរាតត្បាតនៅក្នុងប្រទេស។
ចាប់តាំងពីរកឃើញCOVID-19 នៅក្នុងប្រទេសមក មីយ៉ាន់ម៉ា បានរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរឹងបំផុតនៅក្នុងប្រទេស បិទជើងហោះហើរអន្តរជាតិទាំងអស់ ដើម្បីបង្ការករណី COVID-19 ។ គិតមកត្រឹមថ្ងៃនេះ មីយ៉ាន់ម៉ាមានCOVID-19 សរុបចំនួន ១៤ករណី និងស្លាប់ ១ករណី៕
Tag:
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com