រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ - - ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីផលឈានមុខគេនៅក្នុងពិភពលោក នៅថ្ងៃនេះ បានប្រកាសពីភាពជាដៃគូ ជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី ដែលមានផ្សារទំនើបឡាក់គី ឡាក់គីអ៊ិចប្រេស ឡាក់គីព្រីមៀម និងហ្គាឌៀន ដោយដាក់ឲ្យមានការទូទាត់មិនប្រើសាច់ប្រាក់ តាមរយៈ Contactless នៅគ្រប់សាខាទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អ្នកទិញអីវ៉ាន់ អាចទូទាត់ថ្លៃទំនិញ នៅកន្លែងគិតប្រាក់ ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាត រួចជាស្រេច ដោយមិនចាំបាច់ប្រើវិធី«ស៊ក» ដូចមុននោះឡើយ។
ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ គឺយើងផ្តល់ជូនអតិថិជន នូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់ សម្រាប់ទំនិញរបស់ពួកគាត់។ ចំណែកផ្សារទំនើបឡាក់គីវិញ ការដាក់ឲ្យប្រើប្រាស់ការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless នឹងជួយឲ្យដំណើរការទូទាត់លឿនជាងមុន កាត់បន្ថយពេលវេលាតម្រង់ជួរ រង់ចាំគិតប្រាក់ និងប្រសិទ្ធភាពនៃប្រតិបត្តិការកាន់តែប្រសើរជាងមុន។ ការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless ក៏មានផងដែរ នៅហាងសុខភាព និងសម្រស់ Guardian , Lucky Premium និងLucky Express ដែលអាជីវកម្មទាំង៣នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DFI Lucky Private Limited ។
មធ្យោបាយថ្មីដែលប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ការទូទាត់ Contactless ធ្វើឲ្យមានភាពងាយស្រួលទៅដល់ម្ចាស់កាត ក៏ដូចជាពាណិជ្ជករ និងបុគ្គលិករបស់ពួកគេ ហើយយើងជឿជាក់ថា ការកើនឡើងនូវភាពសាមញ្ញនេះ មានសារៈសំខាន់ណាស់ ជាពិសេសនៅពេលនិយាយដល់ការចំណាយប្រចាំថ្ងៃ របស់អតិថិជន។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយផ្សារទំនើបដ៏ធំ នឹងពេញនិយមបំផុត ដូចជាផ្សារឡាក់គី ដើម្បីដាក់ឲ្យដំណើរការបច្ចេកវិទ្យា នៅតាមហាងរបស់ពួកគេនៅទូទាំងប្រទេស។ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នេះ អតិថិជនអាចរីករាយទិញទំនិញ និងទទួលយកបទពិសោធន៍ទូទាត់ ប្រកបដោយសុវត្ថិភាព ងាយស្រួល និងឆាប់រហ័ស ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគេ កាន់តែងាយស្រួលជាងមុន»។
លោក ស្តេហ្វាន ផាររិនតេ ជានាយកគ្រប់គ្រង់ជាន់ខ្ពស់ នៃក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី បាននិយាយថា៖«ក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី យើងគឺផ្តោតការយកចិត្តទុកដាក់ លើការផ្តល់ជូនអតិថិជន នូវផលិតផល និងសេវាកម្មល្អៗ ហើយផ្នែកមួយដែលយើងគិតគូផងដែរនោះ គឺការធានាផ្តល់ជូន នូវការទូទាត់ដ៏មានប្រសិទ្ធភាពបំផុត។ ភាពជាដៃគូជាមួយវីសានេះ នឹងអនុញ្ញាតឱ្យយើងផ្តល់ជូនអតិថិជន នូវបទពិសោធន៍កាន់តែងាយស្រួល នៅកន្លែងគិតប្រាក់។ ដូច្នេះអតិថិជន អាចចំណាយពេលតម្រង់ជួរ តិចជាងមុន និងរីករាយក្នុងការចំណាយពេលនៅផ្ទះបានច្រើនជាងមុន ដើម្បីប្រើប្រាស់ទំនិញរបស់ពួកគេ ជាមួយនឹងគ្រួសារ»។
ការទូទាត់មិនប្រើសាច់ប្រាក់បែប Contactless អាចឲ្យម្ចាស់កាតទូទាត់ តាមរយៈការប្រើប្រាស់ កាតឥណទាន កាតឥណពន្ធ និងកាតបង់ប្រាក់របស់វីសា ដែលចេញដោយធនាគារ ដោយគ្រាន់តែ «ដាក់កាតនៅពីលើម៉ាស៊ីនឆូតកាត» រួចជាស្រេច។ អតិថិជន មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ចំពោះប្រតិបត្តិការ ដែលមានចំនួនទឹកប្រាក់រហូតដល់ ៥០ដុល្លារ។ ចំពោះប្រតិបត្តិការចាប់ពី ៥០ដុល្លារឡើងទៅ គឺតម្រូវឲ្យចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin) ។ គុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិធំៗ នៃការទូទាត់នេះ គឺអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ច ក្នុងពេលប្រតិបត្តិការ។
ទោះបីសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើសាច់ប្រាក់ក៏ដោយ វិធីសាស្ត្រថ្មីក្នុងការទូទាត់ប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ផ្អែកលើការសិក្សាចុងក្រោយរបស់វីសា អំពីឥរិយាបថក្នុងការទូទាត់ប្រាក់ របស់អតិថិជន តាមរយៈការស្ទង់មតិ ៤ នាក់ ក្នុងចំណោមមនុស្ស៥នាក់ (ស្មើនឹង៧៩ភាគរយ) មានអារម្មណ៍សុទិដ្ឋិនិយម សម្រាប់ការប្រើប្រាស់ការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅតាមហាងលក់ទំនិញ និងផ្សារទំនើបធំៗនាពេលអនាគត។ ទន្ទឹមនឹងនេះ មួយភាគបី នៃប្រជាជនកម្ពុជា (ស្មើនឹង៣៣ភាគរយ) ចាប់អារម្មណ៍លើការប្រើប្រាស់កាត ដែលទូទាត់តាមរយៈ Contactless ហើយជាងមួយភាគបី (ស្មើនឹង៣៦ភាគរយ) ចាប់អារម្មណ៍ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដើម្បីទូទាត់ប្រាក់បែប Contactless។
អ្នកស្រី ជុំ ម៉ូនីកា បានបន្តទៀតថា៖«ការសហការរបស់យើង ជាមួយក្រុមហ៊ុនឌី អេហ្វ អាយ ឡាក់គី គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា ដើម្បីផ្តល់ជូនអតិថិជន នូវមធ្យោបាយទូទាត់ប្រាក់ ឲ្យកាន់តែសម្បូបែប នៅតាមទីតាំងជាច្រើនជាងពេលណាៗទាំងអស់។ បច្ចុប្បន្ន យើងកំពុងធ្វើការជាមួយអាជីវករដទៃទៀត ទៅតាមប្រភេទផលិតផល និងអាជីវកម្ម ដើម្បីជំរុញឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចទទួលបានសេវាកម្មទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នេះ នៅតាមបណ្តាហាងលក់រាយ និងហាងទំនើបដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ»៕
(អត្ថបទពាណិជ្ជកម្ម)