COVID-19
ជាតិ
ហេតុអ្វី​តម្លៃ​ផ្លែស្វាយ​ដាំ​ក្បាល​ចុះ​នៅ​ឆ្នាំនេះ​? អ្នក​ដាំ​ថ្ងូរ​ដូច​សត្វ​ព្រាប​…!
31, Mar 2020 , 3:43 pm        
រូបភាព
​លិខិត​មិត្ត​អ្នកអាន 

​ជា​រៀងរាល់ឆ្នាំ ផ្លែស្វាយ​អាច​លក់បាន​ក្នុងតម្លៃ​គួរសម ពោល គឺ មួយ​គីឡូក្រាម​អាច​លក់បាន​ក្នុង​រង្វង់​១០០០​រៀល ឬ​លើសពីនេះ​។ តែ​នៅ​ឆ្នាំនេះ​(២០២០) តម្លៃ​បាន​ដាំ​ក្បាល់​ចុះមក​នៅត្រឹមតែ​រង្វង់​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ ការធ្លាក់​ថ្លៃ​ដល់​កម្រិត​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ កម្រ​នឹង​កើតមាន​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ណាស់​។ តែ​ឆ្នាំនេះ គឺជា​ករណី​ពិសេស​។


 
​ខ្ញុំ​បានលឺ​អ្ន​ដាំ​គ្រប់​ទីកន្លែង​រអ៊ូ​គ្រប់គ្នា​ជុំវិញ​ការធ្លាក់​ថ្លៃ​តម្លៃ​ផ្លែស្វាយ​នេះ​។ អ្នក​ដាំ​ខ្លះ សុខចិត្ត​ទុក​ផ្លែស្វាយ​ឲ្យ​រលួយ​ចោល ព្រោះ ថ្លៃឈ្នួល​បេះ ថ្លៃ​ជាង​ផ្លែស្វាយ​ទៅទៀត​។ ដូច្នេះ ជម្រើស​ល្អ គឺ​ទុកចោល​នៅ​ចម្ការ​តែម្តង​។ នៅពេលដែល​ខ្ញុំ​សាក​សួរថា មូលហេតុ​អ្វី​បានជា​ស្វាយ​ធ្លាក់​ថ្លៃ​? អ្នក​ដាំ​នៅ​ម្តុំ​ស្រុក កោះធំ ខេត្តកណ្តាល​បាន​និយាយថា ព្រោះ វៀតណាម​ឈប់​ទិញ​ដោយសារ​មេរោគ​កូ​វីដ​១៩​។ 
 
​អ្នក​ដាំ​កន្លែង​ផ្សេង​ក៏​ទម្លាក់កំហុស​ភាគច្រើន​ទៅលើ​ការអាក់ខាន​នៃ​ការនាំចេញ​ដោយសារ​កូ​វីដ​១៩​ដែរ​។ ប៉ុន្តែ​បើតាម​ការសង្កេត​ខ្ញុំ​ផ្ទាល់​របស់ខ្ញុំ​វិញ គឺថា រឿង​កូ​វីដ ជា​រឿង​មួយ​ហើយ​។ តែ​ការដាំ​ច្រើន​ជ្រុល​ពេក ជាពិសេស អ្នក​ដាំ​ភាគច្រើន ច្រើនតែ​ដាំ​ស្វាយកែវ​មៀត​មួយ​ប្រភេទ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត កម្ពុជា​នៅ​មិនទាន់មាន​សិប្បកម្ម​កែច្នៃ​ផ្លែស្វាយ​ច្រើន​នៅឡើយ​ទេ​។ 
 
​ការដាំ​តាម​គ្នា ឬ​ដាំ​ដំណាំ​ដូចគ្នា​តែមួយ​ប្រភេទ​នេះ ត្រូវបាន​គេ​សង្កេតឃើញថា អ្នកជំនួញ​នៅ​កម្ពុជា​ច្រើនតែ​ធ្វើ​ជំនួញ​តាម​គ្នា​។ ពេល​លក់​ដី​បាន​លុយ នាំគ្នា​ធ្វើ​ជំនួញ​ដី​។ ពេល​ដាំ​កៅស៊ូ​បាន​ចំណូល នាំគ្នា​ធ្វើ​គ្រប់គ្នា​។ ពេល​ដាំ​ស្វាយចន្ទី​បាន​ប្រាក់​គួរសម នាំគ្នា​ធ្វើ​ទាំងអស់គ្នា​។ ពេល​ដាំ​ម្រេច​បាន នាំគ្នា​ដាំ​។​ល​។ ការធ្វើ​ជំនួញ​តាម​គ្នា មិនមែន មិនល្អ​ទេ​។ តែ​បច្ច័យ​អាក្រក់​ក៏​កើតឡើង​ច្រើន​ដែរ​។ 
 
​ត្រឡប់មក​ប្រធានបទ​ផ្លែស្វាយ​វិញ ស្វាយ​ធ្លាក់​ថ្លៃ ព្រោះ អ្នក​ដាំ​ច្រើន​ជ្រុល​ពេក​។ ដាំ​ទាំង​សម្រាប់ធ្វើ​ជំនួញ និង​ដាំ​ជា​លក្ខណៈ​គ្រួសារ​។ ងាក​ទៅ​ទីណា ក៏​ឃើញ​គេ​ដាំ​ដើម​ស្វាយ​ដែរ​។ ដាំ​រហូត​ឃើញតែ​អ្នក​ដាំ ហើយ​មិនសូវ​ឃើញ​អ្នកទិញ​ទេ​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​ជំនួញ​កសិកម្ម​ចេះតែ​ក្ស័យធន ចូរ​កុំ​ធ្វើ​ជំនួញ​តាម​គ្នា និង​ដាំ​តាម​គ្នា​! ចូរ​សិក្សា​ទីផ្សារ​បន្តិច​សិន មុននឹង​ចាប់ផ្តើម​ដាំ​ដំណាំ​អ្វីមួយ​៕ 
 
(​លោក លឹម រតនា ពលរដ្ឋ​ភ្នំពេញ​) 

© រក្សាសិទ្ធិដោយ thmeythmey.com