COVID-19
អន្តរជាតិ
ពលរដ្ឋអាមេរិក១លាននាក់ បានធ្វើតេស្តរក COVID-19 ខណៈអ្នកស្លាប់ឡើងលើស៣ពាន់នាក់
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែមីនា និយាយថា ពលរដ្ឋអាមេរិកមួយលាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 ។ លោកចាត់ទុកតួលេខនេះជាការបោះជំហានដ៏ធំមួយ។ យ៉ាងណាមិញ ស្ថានភាព COVID-19 នៅអាមេរិក នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយតួលេខអ្នកស្លាប់បានបន្តកើនឡើងឥតឈប់ឈរ។ ទូទាំងអាមេរិក អ្នកស្លាប់បានឡើងលើសបីពាន់នាក់ ដែលឈរនៅលំដាប់ទីបួនផង។
ខណៈជំងឺ COVID-19 បន្តរាលដាលឥតស្រាកស្រាន្តនៅអាមេរិក ការធ្វើតេស្ត ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយធំដើម្បីកំណត់អត្តសញ្ញាណករណីឆ្លងទាំងឡាយ។ ប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ នៅថ្ងៃទី៣០ ខែមីនា ប្រកាសថា ប្រជាជនអាមេរិកមួយលាននាក់ហើយ បានធ្វើតេស្តរកវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តជំងឺ COVID-19 នៅសេតវិមាន លោក ត្រាំ និយាយដោយទំនុកចិត្តថា អាមេរិកបានឈានដល់ដំណាក់កាលថ្មីមួយក្នុងសង្គ្រាមប្រឆាំង COVID-19 ហើយចំនួនអ្នកធ្វើតេស្តដ៏ច្រើនខាងលើនេះ គឺជាតួលេខខ្ពស់ជាងគេ បើប្រៀបធៀបប្រទេសដទៃ។ ដោយឡែក រដ្ឋមន្ត្រីសុខាភិបាលអាមេរិក Alex Azar និយាយក្នុងសន្និសីទដដែលថា អាមេរិកកំពុងធ្វើតេស្តមនុស្សមួយសែននាក់ក្នុងមួយថ្ងៃដើម្បីទប់ស្កាត់ COVID-19 ។
គិតត្រឹមថ្ងៃទី៣០ ខែមីនា អាមេរិកមានករណីឆ្លងជាង១៦ម៉ឺននាក់ ដោយឈរនៅលើបញ្ជីប្រទេសមាន COVID-19 នៅទូទាំងពិភពលោក។ តួលេខស្លាប់នៅអាមេរិកកើនលើសបីពាន់នាក់ផងដែរ ហើយឈរនៅលំដាប់ទីបួន បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញ និងចិន។
ក្នុងសន្និសីទនៅថ្ងៃទី២៩ ខែមីនា លោក ត្រាំ បញ្ជាក់ថា ករណីស្លាប់នៅអាមេរិកអាចឈានដល់ចំណុចកំពូលនៅពីរសប្ដាហ៍ទៀត រួចបន្តធ្លាក់ចុះវិញ។ ពាក់ព័ន្ធអ្នកស្លាប់នេះដែរ មន្ត្រីជំនាញជំងឺឆ្លងរបស់អាមេរិកក៏ព្រមានដែរថា អ្នកស្លាប់អាចមានចាប់ពីមួយសែននាក់ទៅពីរសែននាក់ឯណោះ។
អាមេរិក បានបញ្ជាទិញសម្ភារវេជ្ជសាស្ត្រជាច្រើនមុនដើម្បីបំពេញតម្រូវការក្នុងស្រុកររបស់ខ្លួនដែលប្រឈមការខ្វះខាតព្រោះអ្នកជំងឺកើនឡើងរាល់ថ្ងៃ។ គ្រឿបរិក្ខារពេទ្យដែលទិញពីចិនបានទៅដល់ទឹកដីអាមេរិកមួយជើងហើយក្នុងចំណោមការបញ្ជាទិញជាច្រើននោះ៕
Tag:
អាមេរិក
COVID-19
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com