អន្តរជាតិ
នាវាចម្បាំងជប៉ុន និងទូកនេសាទចិនប៉ះទង្គិចគ្នានៅក្នុងសមុទ្រក្បែរក្រុងសៀងហៃ
× នាវាចម្បាំងជប៉ុន និងទូកនេសាទចិនបានប៉ះទង្គិចគ្នានៅក្នុងសមុទ្រក្បែរទីក្រុងសៀងហៃ ប៉ុន្តែពុំមានអ្នករបួសឡើយ។ នេះយោងតាមទីភ្នាក់ងារព័ត៍មានជប៉ុន Kyodo នៅថ្ងៃ ៣១ មីនានេះ។
នាវាចម្បាំង Shimakaze របស់កងស្វ័យការពារជើងទឹកជប៉ុន ទទួលរងការប៉ះទង្គិចផ្នែកខាងឆ្វេង។ នេះបើតាម Kyodo ដែលស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន។
យោងតាមKyodo ដដែល នាវាចម្បាំង និងទូកនេសាទដែលមាននាវិកចំនួន ១៣រូប នោះនៅអាចបន្តរដំណើរបានជាធម្មតាក្រោយការប៉ះទង្គិចគ្នា។
នាវាចម្បាំង Shimakze ត្រូវបានដឹងថា ចេញប្រតិបត្តិការល្បាត ក្រោយចាកចេញពីកំពង់ផែ Sasebo នៃទីក្រុងណាហ្គាសាគីភាគខាងត្បូងប្រទេសជប៉ុន។ ចំណែកឯក្រសូងការពារជាតិជប៉ុនវិញបានឲ្យដឹងថា ខ្លួននឹងសហប្រតិបត្តិការជាមួយឆ្មាំសមុទ្រជប៉ុនដើម្បីបើកការស៊ើបអង្កេត ក៏ដូចជាស្វែករកព័ត៍មានបន្ថែមពីខាងនាវា។
ចំណែកទីភ្នាក់ងារផ្សព្វផ្សាយជប៉ុន NHK បានឲ្យដឹងថាឧប្បទវហេតុនេះកើតឡើងចំងាយ ៦៥០គ.ម. ខាងលិចកោះ Yakushima។
គួរបញ្ជាក់ផងដែរថា កន្លែងដែលកើតមានហេតុការណ៍ខាងលើនេះស្ថិតនៅភាគខាងជើងតំបន់ដែលមានជម្លោះរវាងចិន និងជប៉ុនក្នុងសមុទ្រចិនខាងកើតលើការកាន់កាប់ប្រជុំកោះស៊ិនកាគុ (Senkaku) ជាភាសាជប៉ុន និង ទាវយូ (Diaoyu) ជាភាសាចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com