ONE Championship
កីឡាជាតិ
ជាតិ
​ចាន់ រតនា ប្រាប់ថា​គុន​ខ្មែរ និង​យុទ្ធ​គុនខម​ជា​គ្រឹះ​សំខាន់​ដើម្បី​ប្រកួត​គុន​ចម្រុះ​
31, Mar 2020 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កំពូល​ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ដែល​លេចធ្លោ​បំផុត​នៅ​ឆ្នាំ ២០១៩ ក្រោយ​ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE Championship បាន​បង្ហើប​ឲ្យ​ដឹងថា គុន​ខ្មែរ និង យុទ្ធ​គុនខម (​យុទ្ធ​ក្រម​ខម​) គឺជា​មូលដ្ឋានគ្រឹះ​សំខាន់បំផុត​ដើម្បី​ជា​ឈ្នាន់​ទៅ​ប្រកួត​គុន​ចម្រុះ​បានល្អ​។​


 
​ចាន់ រតនា បាន​រៀបរាប់​បែបនេះ​៖«​គុន​ខ្មែរ និង​យុទ្ធ​គុនខម​ជា​គ្រឹះ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ វា​សំខាន់​ណាស់ ព្រោះ​ខ្ញុំ​អាច​សម្រប​ក្បាច់គុន​ចម្រុះ​គ្រប់​ក្បាច់ និង ធ្វើ​ឲ្យ​ខ្ញុំ​ឈ្នះ​ការប្រកួត​ជា​បន្តបន្ទាប់​។ ខ្ញុំ​មាន​គ្រឹះ​យល់ដឹង​ក្បាច់គុន​តាំងពី​នៅ​ជំរំសាយធូ នា​ប្រទេស​ថៃ​ម្ល៉េះ​ពេល​នៅ​តូច មុនពេល​មក​រស់នៅ​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​ប្រហែល ១៩៩៧​។ ក្រោយមក ឳ​ពុក​របស់ខ្ញុំ​បន្ត​បង្ហាត់​ក្មេងៗ​នៅ​បាត់ដំបង​មុន​ផ្លាស់​មក​ភ្នំពេញ​។ ប៉ុន្តែ​កាល​នៅ​ក្មេង ខ្ញុំ​បាន​ត្រឹម​ហាត់​លេង​ប៉ុណ្ណោះ​ដោយ​មិនបាន​ហាត់​មែនទែន ក៏ដូចជា​ចង់​ចាប់​អាជីព​នេះឡើយ​»​។ 
 
​កីឡាករ​វ័យ​៣៤​ឆ្នាំ​គូសបញ្ជាក់​ទៀត ៖«​ខ្ញុំ​បាន​ខំ​ហ្វឹក​ហាត់គុន​ខ្មែរ និង ក្បាច់គុន​ខម​កាន់តែខ្លាំង​ពេល​ខ្ញុំ​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី​៨ នៅឯ​សាលា​ចក្រ​អង្រែ​ភូមិ ព្រោះ​ឳ​ពុក​ម្ដាយ​មាន​ជីវ​ភាពមិន​ធូរធារ​។ ប៉ា​ខ្ញុំ ចាន់ ប៊ុនធឿន ជា​អ្នក​បង្ហាត់​។ ពេល​ចូល​ហាត់ ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​ឆាប់​ចាប់បាន​រាល់​ក្បាច់គុន និង​បាន​ឡើង​ប្រកួត​ជា​ហូរហែ​លើស​ង្វៀន​តាំងពី​ពេល​នោះមក​។ ឬ​អាច​និយាយបានថា ខ្ញុំ​មាន​ដុង​ខាង​ក្បាច់គុន​ក៏​ថា​បាន​»​។​


 
​កីឡាករ​ដែលមាន​កិច្ចសន្យា​នៅ​សង្វៀន ONE Championship រៀបរាប់​បន្តទៀត​ដូច្នេះ ក្រៅពី​ហាត់គុន​ខ្មែរ និង យុទ្ធ​គុនខម​ដែល​ធ្វើ​ឲ្យ​ខ្លួន​កាន់​រឹងមាំ រូបគេ​ក៏​ធ្លាប់​ហាត់ តេ​ក្វាន់​ដូ  វ៉ូ​វី​ណា​ម ហាប់​គី​ដូ និង ប្រដាល់សកល​ជាដើម​។ ទោះយ៉ាងណា​ក៏ដោយ រូបគេ​មិន​ភ្លេច​ក្បាច់​គ្រឹះ គឺ គុន​ខ្មែរ និង យុទ្ធ​ក្រម​ខម ដែល​នាំ​ឲ្យ​បុរស​វ័យ​៣៤ ឆ្នាំនេះ​រឹងមាំ​ដល់​សព្វថ្ងៃ​រហូត​មាន​ទីផ្សារ​ប្រកួត​ទាំង​ក្នុងស្រុក និង ឆាក​អន្តរជាតិ​។ 
 
​ចាន់ រតនា សង្កត់ធ្ងន់ថា​៖«​បើ​និយាយ​ក្បាច់​ឃ្លេ​ក្នុង​គុន​ចម្រុះ​វិញ គឺ ក្នុង​យុទ្ធ​ក្រម​ក៏មាន​ស្រដៀង​គ្នា​ដែរ ដូច្នេះ​ខ្ញុំ​អាច​ឆាប់​ចាប់បាន និង ធ្វើ​ឆាប់​ត្រូវ​ចំពោះ​ក្បាច់​ទាំងនោះ​ហើយ​បំបែក​វា​បាន​។ ខ្ញុំ​ភាគច្រើន​មើល​ដៃគូ​ប្រកួត​ថា​គេ​ខ្លាំង​ចំណុច​ណា​។ កន្លងទៅ​ខ្ញុំ​ផ្ដួល​ដៃគូ​ដោយ​ប្រើ​គុន​ខ្មែរ ព្រោះ​ខ្ញុំ​ខ្លាំង​ក្បាច់​នេះ​។ បើ​គុន​ចម្រុះ​វិញ ខ្ញុំ​រៀន​តែ​ដោះ​ឃ្លេ​ភាគច្រើន​»​។ 
 
​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន​ល្បី ONE Championship ខក​ខន​ឡើង​សង្វៀន​ប្រមាណ​ជា​ប្រ​៨​ខែ​មកហើយ​នាពេលនេះ​បើ​គិត​ចាប់ពី​ការឡើង​សង្វៀន​លើកចុងក្រោយ​នា​ពាក់កណ្ដាល​ខែសីហា​។ បែបណា​ក្ដី នាពេល​បច្ចុប្បន្ននេះ​ទោះជា​មានការ​រំខាន​ដោយ​មេរោគ Covid-19 ក៏ ចាន់ រតនា នៅ​ហ្វឹកហាត់​ខ្លួនឯង​ជាប្រចាំ​សម្រាប់​ក្បាច់គុន​ខ្មែរ និង ហាត់​ជាមួយ​គ្រូបង្វឹក Lorenzo ខាង​ផ្នែក​កម្លាំង​ដដែល​។ ចំពោះ​គ្រូបង្វឹក​ផ្សេងទៀត​ដូចជា​ផ្នែក​ប្រដាល់សកល និង ជឺ​ជិត​ស៊ូ ត្រូវ​សម្រាក​ជា​បណ្ដោះអាសន្ន​សិន ខណៈដែល​សង្វៀន ONE Championship ក៏​ផ្អាក​ការប្រកួត​ដែរ​ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់  គ្រូបង្វឹក កីឡាករ​កីឡាការិនី និង ផ្នែក​ពាក់ព័ន្ធ​ផង​។ 
 
​ចាន់ រតនា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​លើកមុខ​មាត់​ទង់ជាតិ​កម្ពុជា​លើស​ង្វៀន ONE ដែលជា​ស្ថាប័ន​ធំ​បំផុត​មួយ​លំដាប់​ពិភពលោក និង ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទ្វីបអាស៊ី​។ រូបគេ​ជា​កីឡាករ​ដំបូង​បំផុត​ដែល​ឈ្នះ ៣​ដង​ជាប់​គ្នា​មិន​ធ្លាប់​មាននៅ​សង្វៀន ONE​។  កន្លងទៅ​ថ្មីៗ​នេះ ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» ទំនង​ជួប​កីឡាករ​គុន​ចម្រុះ​មានបទពិសោធន៍​ខ្ពស់ Yuya Wakamatsu នា​ខែ មេសា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ទៅវិញ​ដោយសារ​មេរោគ​រាតត្បាត Covid-19 កំពុង​ផ្ទុះឡើង​៕



© រក្សាសិទ្ធិដោយ thmeythmey.com