COVID-19
ជាតិ
មន្ត្រីជំនាញ រឹបអូសអាល់កុលក្លែងក្លាយជិត២០០លីត្រ នៅភ្នំពេញ ពោធិ៍សាត់ និងសៀមរាប
× ភ្នំពេញ៖ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរឹបអូសអាល់កុលក្លែងក្លាយ (មេតាណុល) សរុបជិត២០០លីត្រ នៅរាជធានីភ្នំពេញ ពោធិ៍សាត់ និងសៀមរាប កាលពីថ្ងៃទី៣០ មីនា។
មន្ត្រីជំនាញ បានចុះត្រួតពិនិត្យគុណភាពអាល់កុល ,អង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តCOVID-19 ដែលត្រូវបានហាមឃាត់លក់ នៅតាមបណ្តាឱសថស្ថាន ក្នុងខណ្ឌទាំង ១២ ចំនួន ៩៥ ទីតាំង នៅក្នុងរាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បានរឹបអូសអាល់កុលក្លែងក្លាយ៣៨លីត្រ។
ដោយឡែកនៅខេត្តសៀមរាបវិញ មន្ត្រីជំនាញ បានចុះពិនិត្យទីតាំងឱសថមួយចំនួន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនោះ ក៏ប្រទះឃើញអាល់កុលក្លែងក្លាយ៣៦លីត្រ ដែលបានដាក់លក់ក្នុងឱសថស្ថាន២ ទីតាំងដែរ។ រីឯនៅខេត្តពោធិ៍សាត់ អាជ្ញាធរបានរឹបអូសអាល់កុល៩៨លីត្រផងដែរ។ សមត្ថកិច្ច ក៏បានយកវត្ថុតាងទាំងនេះ មករក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
«គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 »។ នេះបើតាមមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
មន្ទ្រីជំនាញស្នើអាជីវករទាំងអស់ កុំឆ្លៀតឱកាសលក់ផលិតផលម៉ាស់ និងអាកុល សម្រាប់លាងសម្អាតដៃ ដោយកឹបកេងយកផលចំណេញហួសហេតុ ។ ជាពិសេសប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាពយកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com