COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន នឹងត្រូវបញ្ជូនទៅសភា ដោយមិនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
31, Mar 2020 , 8:57 pm        
រូបភាព
កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ន។ មានតែឧបនាយករដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តីប៉ុណ្ណោះ ដែលចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ន។ មានតែឧបនាយករដ្ឋមន្រ្តីនិងនាយករដ្ឋមន្រ្តីប៉ុណ្ណោះ ដែលចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្រ្តី។
ដើមឡើយ រដ្ឋាភិបាល ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ជាមុនសិន ទើបបញ្ជូនទៅរដ្ឋសភា។ តែក្រោយឆ្លងកាត់កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនានេះរួចហើយ រដ្ឋាភិបាល ក៏សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភាតែម្តង។



ការបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅរដ្ឋសភា ដោយមិនចាំបាច់ឆ្លងកាត់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ទំនងជារដ្ឋាភិបាល យល់ថា ការឆ្លងកាត់ត្រឹមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី គឺមានភាពគ្រប់គ្រាន់ហើយ ហើយក៏ប្រហែលជារដ្ឋាភិបាល ត្រូវការឲ្យសេចក្តីព្រាងច្បាប់នេះ ឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងថ្វាយទៅព្រះមហាក្សត្រ សុំព្រះអង្គចេញព្រះរាជក្រមប្រកាសឲ្យប្រើឆាប់ៗ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅយប់នេះថា លោក មិនទាន់ទទួលបានសេចក្តីព្រាងច្បាប់នេះទេ។ លោក បន្ត ពេលទទួលបានសេចក្តីព្រាងច្បាប់ រដ្ឋសភា នឹងចាប់ផ្តើមប្រជុំពិភាក្សាទៅតាមនីតិវិធី។ សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយសារតែលោក មិនលើកទូរស័ព្ទ។

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈរដ្ឋមន្រ្តី ដែលចេញផ្សាយនៅយប់នេះ បានសរសេរថា៖«សេចក្តីព្រាងច្បាប់នេះ នឹងកំណត់នូវបែបបទ នីតិវិធី និង លក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់ ដែលរដ្ឋាភិបាល មានសិទ្ធិដាក់ចេញ ពេលប្រទេសស្ថិតក្នុងភាពអាសន្ន...»។

ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលថ្មីៗនេះថា កម្ពុជា ត្រូវប្រញាប់ធ្វើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាល អំពាវនាវកុំឲ្យប្រជាពលរដ្ឋ បារម្ភចំពោះច្បាប់នេះ៕

Tag:
 COVID-19
  ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com