ពីនេះ ពីនោះ
រូបត្លុក
អាណាព្យាបាល​សិស្ស​៖ បង់ ឬ​មិន​បង់ បើ​សាលា​បិទទ្វារ ឬ​បង្រៀន​អន​ឡាញ​?
15, Apr 2020 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​រឿងរ៉ាវ​ចេញពី​កូ​វីដ​១៩​ចេះតែ​កើតឡើង​គ្រប់​រឿង និង​គ្រប់​ទីកន្លែង ដូច្នេះ សុធីរ និង​សំណាង ក៏​មិន​ទៅណា​ឆ្ងាយ​ពី​ប្រធានបទ​ហ្នឹង​ដែរ​។ ក្នុង​បរិបទ​កូ​វីដ​១៩​នេះ បើ​សាលា​បិទទ្វារ តើ​អាណាព្យាបាល​គួរ​បង់ថ្លៃ​សាលារៀន​ឯកជន​ឬទេ​? បើ​បង់ តើ​គេ​គួរ​បង់​ក្នុង​កម្រិតណា​? ចុះបើ​សាលា​បើក​បង្រៀន​អន​ឡាញ តើ​អាណាព្យាបាល​ត្រូវ​បង់​ឬទេ​?


 
​សុធីរ​៖ អា សំណាង​! តើ​អាណាព្យាបាល​គួរ​បង់ថ្លៃ​សាលារៀន​ឬទេ​? 
 
​សំណាង​៖ បើ​រៀន​សាលា​រដ្ឋ គេ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ឯណា ដូច​កូន​ខ្ញុំ​អត់​បង់​ផង​។ 
 
​សុធីរ​៖ អានេះ គ្រាន់តែ​អញ​សួរ​មិន​ច្បាស់ ក៏​វា​មិន​ឆ្លើយ​ឲ្យ​ចំ​ដែរ​។ អញចង់​សួរ​អ្ហែង​រឿង​សាលារៀន​ឯកជន​ទេតើ​!​។ សាលារៀន​រដ្ឋ​អញ​ដឹង​ហើយ ថា​មិនត្រូវ​បង់ថ្លៃ​ទេ​។ 
 
​សំណាង​៖ រឿង​សាលា​ឯកជន​នេះ ពិបាក​ណាស់​វើ​យ​។ បើ​អត់​បាន​រៀន​សោះ ហើយ​គេ​តម្រូវ​ឲ្យ​បង់លុយ គឺជា​រឿង​ពិបាក​បន្តិច​។ តែបើ​គេ​បន្ត​បង្រៀន​តាម​អន​ឡាញ អាណាព្យាបាល​គួរ​ជួយ​បង់លុយ​ខ្លះ ទើប​ត្រឹមត្រូវ ព្រោះ គ្រូបង្រៀន​បន្តធ្វើ​កា​រដែ​រ​។ បើតាម​អញ​ដឹង ឪពុកម្តាយ​សិស្ស​កំពុងតែ​ពិបាក​ពិចារណា​ខ្លាំងណាស់​ចំពោះ​រឿងនេះ​។ 

​សុធីរ​៖ ចុះបើ​អត់​បាន​បង្រៀន​សោះ តែ​សាលា​ត្រូវ​បង់លុយ​ឲ្យ​គ្រូ​ខ្លះ ត្រូវ​បង់ថ្លៃ​អគារ​ខ្លះ ធ្វើ​ម៉េច​ទៅ​?  
 
​សំណាង​៖ រឿងនេះ ក៏​អញ​នៅតែ​ពិបាក​ឆ្លើយ​ដែរ​។ ដំណោះស្រាយ គឺ​ថ្លៃ​អគារ​ត្រូវ​បញ្ចុះ​ខ្លះ ព្រោះ​អត់​មាន​នរណា​រៀន គ្រូបង្រៀន​ត្រូវយក​ប្រាក់ខែ​តិចជាង​មុន ម្ចាស់​សាលា​ត្រូវ​បង់ខាត​ខ្លះទៅ ហើយ​ឪពុកម្តាយ​គួរ​ជួយ​វិភាគទាន​ខ្លះ​ដែរ​ទៅ វា​ចប់​ហើយ​។ ម៉េច​ដែរ​ចម្លើយ​អញ អា សុធីរ​? 
 
​សុធីរ​៖ អើ មានតែ​គ្រប់ភាគី​ត្រូវ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ហ្នឹងហើយ​។ បើ​មិន​ជួយ​គ្នា​ទេ មាន​អ្នក​រស់ និង​មាន​អ្នក​ងាប់​ហើយ​។ ចំណុច​មួយ​ដែល​សាលារៀន​ត្រូវ​ប្រយ័ត្ន​ដែរនោះ គឺថា បើ​ទារលុយ​គេ​ពេញ​តែម្តង ប្រយ័ត្ន​អាណាព្យាបាល​គេ​ដក​កូនចៅ​គេ​ចេញពី​សាលា​ហ្នឹង​អស់​ទៅ​។ ម្យ៉ាងទៀត ពេលនេះ គឺជា​ពេលវេលា​ដែល​សាលា​ត្រូវ​បង្ហាញ​ភាពទន់ភ្លន់​ចំពោះ​អតិថិជន​ដែរ បើ​មិន​ដូច្នោះ​ទេ​…៕ 

© រក្សាសិទ្ធិដោយ thmeythmey.com