ពីនេះ ពីនោះ
រូបត្លុក
អាណាព្យាបាលសិស្ស៖ បង់ ឬមិនបង់ បើសាលាបិទទ្វារ ឬបង្រៀនអនឡាញ?
× រឿងរ៉ាវចេញពីកូវីដ១៩ចេះតែកើតឡើងគ្រប់រឿង និងគ្រប់ទីកន្លែង ដូច្នេះ សុធីរ និងសំណាង ក៏មិនទៅណាឆ្ងាយពីប្រធានបទហ្នឹងដែរ។ ក្នុងបរិបទកូវីដ១៩នេះ បើសាលាបិទទ្វារ តើអាណាព្យាបាលគួរបង់ថ្លៃសាលារៀនឯកជនឬទេ? បើបង់ តើគេគួរបង់ក្នុងកម្រិតណា? ចុះបើសាលាបើកបង្រៀនអនឡាញ តើអាណាព្យាបាលត្រូវបង់ឬទេ?
សុធីរ៖ អា សំណាង! តើអាណាព្យាបាលគួរបង់ថ្លៃសាលារៀនឬទេ?
សំណាង៖ បើរៀនសាលារដ្ឋ គេមិនតម្រូវឲ្យបង់ថ្លៃឯណា ដូចកូនខ្ញុំអត់បង់ផង។
សុធីរ៖ អានេះ គ្រាន់តែអញសួរមិនច្បាស់ ក៏វាមិនឆ្លើយឲ្យចំដែរ។ អញចង់សួរអ្ហែងរឿងសាលារៀនឯកជនទេតើ!។ សាលារៀនរដ្ឋអញដឹងហើយ ថាមិនត្រូវបង់ថ្លៃទេ។
សំណាង៖ រឿងសាលាឯកជននេះ ពិបាកណាស់វើយ។ បើអត់បានរៀនសោះ ហើយគេតម្រូវឲ្យបង់លុយ គឺជារឿងពិបាកបន្តិច។ តែបើគេបន្តបង្រៀនតាមអនឡាញ អាណាព្យាបាលគួរជួយបង់លុយខ្លះ ទើបត្រឹមត្រូវ ព្រោះ គ្រូបង្រៀនបន្តធ្វើការដែរ។ បើតាមអញដឹង ឪពុកម្តាយសិស្សកំពុងតែពិបាកពិចារណាខ្លាំងណាស់ចំពោះរឿងនេះ។
សុធីរ៖ ចុះបើអត់បានបង្រៀនសោះ តែសាលាត្រូវបង់លុយឲ្យគ្រូខ្លះ ត្រូវបង់ថ្លៃអគារខ្លះ ធ្វើម៉េចទៅ?
សំណាង៖ រឿងនេះ ក៏អញនៅតែពិបាកឆ្លើយដែរ។ ដំណោះស្រាយ គឺថ្លៃអគារត្រូវបញ្ចុះខ្លះ ព្រោះអត់មាននរណារៀន គ្រូបង្រៀនត្រូវយកប្រាក់ខែតិចជាងមុន ម្ចាស់សាលាត្រូវបង់ខាតខ្លះទៅ ហើយឪពុកម្តាយគួរជួយវិភាគទានខ្លះដែរទៅ វាចប់ហើយ។ ម៉េចដែរចម្លើយអញ អា សុធីរ?
សុធីរ៖ អើ មានតែគ្រប់ភាគីត្រូវជួយគ្នាក្នុងគ្រាលំបាកហ្នឹងហើយ។ បើមិនជួយគ្នាទេ មានអ្នករស់ និងមានអ្នកងាប់ហើយ។ ចំណុចមួយដែលសាលារៀនត្រូវប្រយ័ត្នដែរនោះ គឺថា បើទារលុយគេពេញតែម្តង ប្រយ័ត្នអាណាព្យាបាលគេដកកូនចៅគេចេញពីសាលាហ្នឹងអស់ទៅ។ ម្យ៉ាងទៀត ពេលនេះ គឺជាពេលវេលាដែលសាលាត្រូវបង្ហាញភាពទន់ភ្លន់ចំពោះអតិថិជនដែរ បើមិនដូច្នោះទេ…៕
© រក្សាសិទ្ធិដោយ thmeythmey.com