ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! មិន​ចង់​ខ្វះ​ជាតិ​ដែក កុំ​រំលង​អាហារ​ទាំងនេះ​
01, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរក្សាបាន​នូវ​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ពិតជា​សំខាន់​ណាស់​ក៏​ព្រោះ​ជាតិ​រ៉ែ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​សមត្ថភាព​របស់​ឈាម​ក្នុងការ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​ទៅកាន់​គ្រប់​សរីរាង្គ រួមទាំង​ខួរក្បាល​។  ជាតិ​ដែក​ក៏​ចាំបាច់​សម្រាប់​ការផលិត​ថាមពល​រាងកាយ​ផងដែរ​។ កង្វះ​ជាតិ​ដែក​អាច​នាំអោយ​កើតមាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​បញ្ហា​អស់កម្លាំង​ជាប្រចាំ​។ ប៉ុន្តែ​ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​និង​សាច់​ក្រហម​ហើយ​នោះ​ថា​តើ​ប្រភព​ធម្មជាតិ​នៃ​ជាតិ​ដែ​កមានអ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ៖
 
១. បន្លែ​បៃតង​
 
​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត folic ជាតិ​សរសៃ និង​វីតាមីន C រួមទាំង​វីតាមីន​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផងដែរ​។​
 
២. សណ្ដែកខ្មៅ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ក៏ដូចជា​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន​។ សណ្ដែកខ្មៅ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ក្នុង​ទម្រង់​ជា​ជាតិ​ម្សៅ​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត​ល្អ​ដែល​ប្រសើរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុងមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​ក៏​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ស៊ុត​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផងដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៥. អាហារ​សមុទ្រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​និង​សារធាតុចិញ្ចឹម​សំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ពិសេស គឺ​ជាតិ​ដែក​ដែល​ធ្វើអោយ​ការទទួល​ទាន​គ្រឿង​សមុទ្រ​នេះ​អាចជួយ​រាងកាយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
៦. សណ្ដែកខៀវ​
 
​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​សរសៃ​ហើយ​នោះ សណ្ដែកខៀវ​ក៏មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
៧. សាច់​គ្មាន​ខ្លាញ់​
 
​អ្នក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់ ជាពិសេស​សាច់​ក្រហម​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេងៗ​។ ការទទួល​ទាន​សាច់​គ្មាន​ខ្លាញ់​ក៏​ផ្ដល់អោយ​រាងកាយ​នូវ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និង​វីតាមីន B12 ផងដែរ​។​
 
៨. ផ្សិត​
 
​ធ្លាប់​ដឹង​ទេ​ថា​ផ្សិត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ក្នុង​ដំណើរការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​? ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៩. គ្រាប់​ល្ពៅ​

​ត្រឹមតែ ២៨ ក្រាម​នៃ​គ្រាប់​ល្ពៅ​មាន​ផ្ទុក​ជាតិ​ដែក​ដល់​ទៅ ៤.២ មី​លី​ក្រាម​ឯណោះ​ដែល​ស្មើនឹង ២៣ ភាគរយ​នៃ​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ​របស់​រាងកាយ​។ ម្យ៉ាងវិញទៀត​គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាត​ស័ង្កសី វី​តា​មិន K ម៉​ង់​កា​ណែ​ស​និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com