ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អ្វីដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​ពី​របប​អាហារ​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​
02, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថា​តើ​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​? ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ឡើយ​។


 
​ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ក៏​ព្រោះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ដឹង​ពីរ​បប​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ៖
 
១. ល្អ​សម្រាប់​សុខភាព​សាច់ដុំ សក់ និង​ស្បែក​
 
​ប្រូតេអ៊ីន គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សាច់ដុំ ពង្រឹង​សុខភាព​ស្បែក និង​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទទួលបាន​នូវ​សាច់ដុំ​រឹងមាំ សក់​មាន​សុខ​ភាពល្អ និង​ស្បែក​ស្រស់ស្អាត នោះ​របប​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន គឺ​សំខាន់​សម្រាប់​អ្នក​។​

២. ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​
 
​យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​នៅពេល​អ្នក​ទទួលទាន​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​យ៉ាងហោចណាស់ ១០ ក្រាម​នៃ​អាស៊ីត​អា​មី​ណូ​ចាំបាច់​រាល់ពេល​អាហារ​នោះ​វា​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​នឹង​ការ​ស្រក​ខ្លាញ់​ក្បាលពោះ​។​
 
៣. ប្រូតេអ៊ីន​ធ្វើឱ្យ​ឆ្អែត​បានយូរ​
 
​ក្រោយពេល​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​អ្នកនឹង​មិនឆាប់​ឃ្លាន​ឡើយ​! នេះ​មានន័យថា​បរិមាណ​នៃ​កាឡូរី​នឹង​ថយចុះ​ទាប​ខណៈដែល​អ្នក​មិន​ទទួលទាន​ច្រើន ហើយ​អ្នក​ប្រាកដជា​អាច​ស្រក​ទម្ងន់​កាន់តែ​ឆាប់រហ័ស​។​
 
៤. ជួយ​ឱ្យ​ឆាប់​គេង​លក់​
 
​ប្រូតេអ៊ីន​ធ្វើឱ្យមាន​តុល្យភាព​នៃ​ការបញ្ជូនសារ​ធាតុគីមី​ដែល​ផ្ដល់​ថាមពល​កំឡុងពេល​ថ្ងៃ​និង​សម្រាក​បាន​ស្រួល​នៅពេល​យប់​។ នេះ​បើ​ប្រៀបធៀប​នឹង​របប​អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​។​

៥. បង្កើន​ថាមពល​រាងកាយ​
 
​រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​មុខងារ​ល្អប្រសើរ​។ ប្រូតេអ៊ីន​សំខាន់​សម្រាប់​ការចងចាំ ការគិត និង​រាល់​សកម្មភាព​រាងកាយ​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នក​មិន​ទទួលបាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ទេនោះ​សាច់ដុំ​របស់​អ្នកនឹង​ចាប់ផ្ដើម​រួម​តូច​បន្តិច​ម្ដងៗ​។ ជា​លទ្ធផល​អ្នកនឹង​ជួបប្រទះ​បញ្ហា​ខ្សោយកម្លាំង ឬ​ខ្សោយ​សាច់ដុំ​។​
 
៦. ពង្រឹង​សុខភាព​ខួរក្បាល​
 
​ប្រូតេអ៊ីន​ត្រូវបាន​ចាត់ទុកជា​អាហារ​ចាំបាច់​បំផុត​មួយ​សម្រាប់​សុខភាព​ខួរក្បាល​។ វា​ជួយ​ធ្វើឱ្យ​មុខងារ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។​

៧. ពង្រឹង​សុខភាព​បេះដូង​

​ត្រី​ជា​អាហារ​ទូទៅ​បំផុត​មួយ​ដែល​អ្នកនឹង​ទទួលទាន​នៅពេល​ជ្រើសរើស​របប​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​។ ហើយ​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ត្រី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
៨. ព​ន្លឿ​ន​រយៈពេល​ជាសះស្បើយ​នៃ​របួស​

​ប្រូតេអ៊ីន​ចាំបាច់​ក្នុង​ការជួយ​ឱ្យ​របួស​ឆាប់​ជា​។ ប្រសិនបើ​រាងកាយ​ព្យាបាល​ខ្លួនឯង វា​នឹង​ផលិត ឬ​ជួសជុល​ជាលិកា​ឡើងវិញ​។ ហើយ​ប្រូតេអ៊ីន គឺ​ត្រូវបាន​ប្រើប្រាស់​ដោយ​ជាលិកា​ទាំងនេះ​ក្នុង​ដំណើរការ​ជួសជុល​។ ដូច្នេះ​កង្វះ​ប្រូតេអ៊ីន​អាច​បណ្ដាលឱ្យ​របួស​យូរ​ជាជាង​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com