COVID-19
អន្តរជាតិ
បារាំង ក្លាយជា​ប្រទេស​ទី​បួន​មាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាង​ចិន​
01, Apr 2020 , 10:44 am        
រូបភាព
រូបភាព​ Xinhua
រូបភាព​ Xinhua
​បារាំង នៅ​ថ្ងៃទី​៣១ ខែមីនា បានប្រកាស​ពី​ការកើនឡើង​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដ៏​ច្រើន​ក្នុង​មួយថ្ងៃ គឺ​៤៩៩​នាក់​។ បូក​តួលេខ​ថ្មី ចំនួន​អ្នកស្លាប់​នៅ​បារាំង​ឡើងដល់​៣៥២៣​នាក់ ដែលជា​ចំនួន​ដ៏​ខ្ពស់​លំដាប់​ទី​បួន ហើយ​ច្រើនជាង​ចិន​ទៅទៀត​។

 
​ការស្លាប់​មួយថ្ងៃ​ដល់​ទៅ​៤៩៩​នាក់ គឺជា​ចំនួន​ករណី​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ ចាប់តាំងពី​កូ​រ៉ូ​ណា​វីរុស​មាននៅ​បារាំង​មក​។ ករណី​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​នៅ​បារាំង គឺ​២២៧៥​នាក់ ដោយ​៥៥៦៥​នាក់ ស្ថិតក្នុង​ការសង្គ្រោះ​បន្ទាន់​។ លោក Jerome Salomon មន្ត្រី​ក្រសួងសុខាភិបាល​បារាំង​និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣១ ខែមីនា​។​
 
​តួលេខ​អ្នកស្លាប់​នៅ​បារាំង រាប់​តែ​ករណី​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ប៉ុណ្ណោះ មិន​បញ្ចូល​ករណី​ស្លាប់​នៅតាម​ផ្ទះ ឬ​ផ្ទះ​មនុស្ស​ជរា​ឡើយ​។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ករណី​ឆ្លង​សរុប​នៅ​បារាំង មាន​ចំនួន​៥២១២៨​នាក់ ដែលជា​ចំនួន​ច្រើន​លំដាប់​ទី​បី​អឺរ៉ុប ឈរ​លំដាប់​ទី​៦​លើ​តារាង​ពិភពលោក​។ បើ​រាប់​តែ​ចំនួន​អ្នកស្លាប់​នោះ បារាំង​ឈរ​លំដាប់​លេខ​៤ ហើយ​ឈរ​នៅលើ​ចិន​ទៅទៀត​។ ចិន មាន​ករណី​ស្លាប់​ចំនួន​៣៣០៥​នាក់​។​
 
«​នេះ​ជា​រឿង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​បារាំង​។​» លោក Jerome និយាយ​បែបនេះ​។ 
 
​បារាំង ស្ថិតក្រោម​ការបិទ​ជិត​តាំងពី​ថ្ងៃទី​១៧ ខែមីនា​មក សំដៅ​រឹតត្បិត​ការ​រាលដាល COVID-19 ។ មន្ត្រី​បារាំង​អះអាងថា វិធានការ​នេះ ទំនង​ត្រូវ​ចំណាយ​យូរ​មុននឹង​ផ្ដល់​លទ្ធផល​គាប់ចិត្ត​។ យ៉ាងណាមិញ មន្ទីរពេទ្យ​បារាំង​ជាច្រើន កំពុង​រង​សម្ពាធ​ខ្លាំង​ដោយសារ​ការកើនឡើង​ចំនួន​អ្នកជំងឺ​។ លោក Jerome និយាយថា មន្ទីរពេទ្យ​នៅ​ភាគ​ខាងកើត​ប្រទេស​ដែលជា​កន្លែង​មាន​ករណី​ឆ្លង​ច្រើន កំពុងស្ថិត​ក្រោម​ភាព​តានតឹង ខណៈ​នៅ​ប៉ារីស និង​តំបន់​ជុំវិញ ក៏​ជួបប្រទះ​រឿង​គ្នា​ដែរ​។​
 
​នៅ​អឺរ៉ុប ក្រៅពី​បារាំង ប្រទេស​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ គឺ​អ៊ីតាលី ដែលមាន​ករណី​ឆ្លង​សរុប​ជាង​១០​ម៉ឺន​នាក់ និង​ស្លាប់​ជា​១២៤០០​នាក់​។ បន្ទាប់មក គឺ​អេ​ស្ប៉ា​ញ ដែលមាន​ករណី​ឆ្លង​ទាំងអស់​៩៥៩២៣ ស្លាប់​៨៤៦៤​នាក់​។ អាមេរិក ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេបង្អស់ គឺជា​១៨៨០០០​នាក់​ឯណោះ ហើយ​មាន​អ្នកស្លាប់​ជិត​៣៩០០​នាក់​៕ 

Tag:
 COVID-19
  បារាំង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com