លោក តាំង ឆែឡាយ ម្ចាស់ផ្ទះជួលមួយកន្លែងនៅសៀមរាប សម្រេចមិនយកថ្លៃផ្ទះជួលចំនួន៣ខែ ខណៈកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃមេរោគផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩(COVID-19)។ ការផ្តល់ជូននេះ នឹងអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ។
ស្របពេលជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មីកូវីដ-១៩ កំពុងរាតត្បាត ខណៈតួលេខអ្នកឆ្លងនៅកម្ពុជាក៏ចេះតែបន្តកើនឡើង បង្ខំឲ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនេះ។ ទន្ទឹមនឹងនេះ វិធានការរបស់រាជរដ្ឋាភិបាល ក៏បានជះឥទ្ធិពលមិនល្អមួយចំនួនដល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗផងដែរ។
ការបិទអាជីវកម្មសាលារៀន KTV ក្លិបកម្សាន្ត បៀរហ្គាដិន កន្លែងកម្សាន្តផ្សេងៗ រួមទាំងកាស៊ីណូទូទាំងប្រទេសផងនោះ បានធ្វើឲ្យបុគ្គលិកធ្វើការក្នុងវិស័យទាំងនេះ ប្រឈមបាត់បង់ការងារធ្វើ និងប្រាក់ចំណូលប្រចាំខែ។ រោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមួយចំនួន ក៏បានបិទទ្វារផងដែរ ក្រោយគ្មានការបញ្ជាទិញពីក្រៅប្រទេស ដោយសារប្រទេសទាំងនោះកំពុងប្រឈមនឹងការរាតត្បាតនៃ COVID-19។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន លោក តាំង ឆែឡាយ ម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តសៀមរាប សម្រេចមិនយកថ្លៃផ្ទះពីអ្នកជួលចំនួន៣ខែ ដែលអនុវត្តពីខែមេសា។ បើតាមបុរសវ័យ៤០ឆ្នាំរូបនេះ ការផ្តល់ជូននេះ អាចមានរយៈពេលវែងជាងនេះ បើសិនការរីករាលដាលនៃកូវីដ-១៩នៅតែបន្តអូសបន្លាយនៅកម្ពុជា។
ផ្ទះជួលរបស់លោក ឆែឡាយ មាន១០បន្ទប់ ដែលអាចផ្តល់ប្រាក់ចំណូលប្រមាណ៥០០ដុល្លារក្នុង១ខែ ខណៈបច្ចុប្បន្នមានអ្នកស្នាក់នៅគ្រប់បន្ទប់។ លោកបានបន្ថែមថាអ្នកជួលប្រមាណ៥០ភាគរយគឺជាបុគ្គលិកធ្វើការនៅភោជណីយដ្ឋានរបស់លោក ដែលបានបិទទ្វាររកស៊ីតាំងពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។
«ភាគច្រើនអ្នកជួលផ្ទះខ្ញុំពួកគាត់ធ្វើការនៅភោជណីយដ្ឋានរបស់ខ្ញុំ(មនោរម្យក្លាស៊ិក)ហើយពេលហាងរបស់ខ្ញុំបិទដំណើរទៅពួកគាត់ក៏អត់មានលុយបង់ថ្លៃបន្ទប់ដែរ។ ពីដំបូងខ្ញុំគិតថា បញ្ចុះតម្លៃឲ្យពួកគាត់៥០ភាគរយតែពីរបីថ្ងៃក្រោយមកខ្ញុំគិតថា បើខ្ញុំបញ្ចុះតម្លៃឲ្យគាត់៥០ភាគរយក៏គាត់គ្មានលុយបង់ឲ្យយើងដែរ ដូច្នេះខ្ញុំក៏សម្រេចចិត្តមិនយកថ្លៃតែម្តងទៅ»។ នេះជាការបញ្ជាក់របស់លោក តាំង ឆែឡាយ។
លោកបានបន្ថែមថា៖«ការមិនយកថ្លៃផ្ទះជួលវាប៉ះពាល់ចេះតែប៉ះពាល់ហើយ ប៉ុន្តែពួកគាត់វាទល់ជាងយើងទៀត។ បើនិយាយរឿងទាល់វាទល់ដូចតែគ្នា គ្រាន់តែថា ខ្ញុំអាចដោះស្រាយបាន តែពួកគាត់មិនអាចដោះស្រាយបានតែម្តង»។ ផ្ទះជួលនេះស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប។
គិតត្រឹមព្រឹកថ្ងៃទី១ មេសា ឆ្នាំ២០២០ នេះ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ចំនួន១០៩នាក់ និងព្យាបាលជាសះស្បើយចំនួន២៥នាក់៕