COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Diouf អតីត​ប្រធាន​ក្លិប Marseille ស្លាប់​នៅ​អាយុ​៦៨​ឆ្នាំ ដោយសារ COVID-19
01, Apr 2020 , 11:41 am        
រូបភាព
​លោក Pape Diouf អតីត​ប្រធាន​ក្លិប Olympique de Marseille បានទទួល​មរណភាព​ក្នុង​អាយុ​៦៨​ឆ្នាំ​។ ក្លិប​នៃ​លី​គ​កំពូល​បារាំង​មួយ​នេះ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា​អះអាងថា​ការស្លាប់​របស់លោក Diouf បណ្តាលមកពី​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19)​។​


 
​បន្ទាប់ពី​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 នៅ​ថ្ងៃទី​២៩ មីនា លោក Diouf បាន​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​ដែលជា​ប្រទេស​កំណើត​របស់លោក​។ ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក លោក​ត្រូវបាន​បំពាក់​បំពង់ខ្យល់​ជំនួយ​ផ្លូវដង្ហើម​ផងដែរ​។​
 
​សាច់ញាតិ​របស់លោក Diouf បម្រុង​នឹង​នាំ​លោក​ទៅកាន់​ប្រទេស​បារាំង​ដែរ​ដើម្បី​ទទួល​ការព្យាបាល​បន្ថែមទៀត ប៉ុន្តែ​លោក​បានទទួល​មរណភាព​មុនពេល​ចាកចេញ​ពី​ទីក្រុង​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់​។​
 
​សេចក្តីប្រកាស​របស់​ក្លិប Marseille ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter រៀបរាប់ថា​៖« Olympique de Marseille សោកសៅ​យ៉ាងខ្លាំង​នៃ​ការស្លាប់​របស់លោក Pape Diouf ។ Diouf នឹង​នៅតែ​ស្ថិតក្នុង​បេះដូង​របស់ Marseille ជា​រៀងរហូត​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ដ៏​អស្ចារ្យ​ម្នាក់​នៃ​ប្រវត្តិសាស្ត្រ​ក្លិប​។ យើង​សូម​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​អ្នកជា​ទីស្រឡាញ់​របស់គាត់​»​។​
 
​លោក Diouf បានទទួល​តំណែង​ជា​ប្រធាន​ក្លិប Marseille ក្រុម​នៃ​លី​គ​បាល់ទាត់​កំពូល​បារាំង Ligue 1 ចន្លោះ​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៩ មុនពេល​លោក Jean-Claude Dassier ឡើងទៅ​ជំនួស​ការងារ​នេះ​វិញ​។​
 
​អំឡុងពេល​លោក​ធ្វើការ​ក្នុង​តំណែង​នេះ Marseille តែងតែ​ទទួលបាន​លទ្ធផល​ល្អ​ជាប់​គ្នា​ជាប្រចាំ​ដោយ​ស្ថិតនៅ​ក្បែរៗ​កំពូល​តារាង Ligue 1 ទោះបីជា​មិនបាន​ឈ្នះ​ពាន​ក៏ដោយ​។ Marseille ធ្លាប់​ទទួលបាន​លទ្ធផល​ល្អ​បំផុត​ក្រោម​ការគ្រប់គ្រង​របស់លោក Diouf ដោយ​ទទួលបាន​ជើងឯក​រង​មួយ​លើក ខណៈ​លទ្ធផល​ទាប​បំផុត​ក៏​ត្រឹម​លំដាប់ថ្នាក់​ទី ៥ ដែរ​។​
 
​ក្រៅពី​ធ្លាប់ជា​ប្រធាន​ក្លិប លោក Diouf ក៏​ជា​អតីត​អ្នកកាសែត​កីឡា​ម្នាក់ និង​ជា​ភ្នាក់ងារ​ទិញដូរ​កីឡាករ​ផងដែរ​។ អតីត​សមាជិក​ជម្រើសជាតិ​បារាំង William Gallas, Samir Nasri និង​ខ្សែប្រយុទ្ធ​ឆ្នើម Didier Drogba រួមទាំង​កីឡាករ​មួយចំនួនទៀត​សុទ្ធ​តែមាន​លោក Diouf ជា​ភ្នាក់ងារ​។​
 
​លោក Diouf ជា​អ្នកស្លាប់​ដោយសារ COVID-19 ដំ​បួង​គេ​នៅ​សេ​ណេ​ហ្គា​ល់ ខណៈ​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​នេះ​មាន​ករណី​ឆ្លង​ជិត​២០០​ករណី និង​សះស្បើយ​៤០​នាក់​៕

Tag:
 Marseille
  COVID-19
  Pape Diouf
© រក្សាសិទ្ធិដោយ thmeythmey.com