រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសាឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី កាលពីពេលថ្មីៗនេះ បានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជនព្រមទាំងសាធារណជនទូទៅ ពីធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុបដែលមានក្រុមហ៊ុនជាសមាជិកចំនួន៨ ដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦)ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ក្រុមហ៊ុន ទេពីអាក្រូ វិនិយោគ ខូអិលធីឌី (២០១១), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលី ហួរ ភីអិលស៊ី (២០១២) ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (២០១៥) ក្រុមហ៊ុន លី ហួរផេប្រ៉ូ ភីអិលស៊ី (២០១៦) និង ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក (២០១៧)។
ការរីកចម្រើនគ្រប់វិស័យនៃសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់សាធារណជន និងវិនិយោគិនបរទេស ក៏ដូចជាការពង្រឹងភាពរឹងមាំ និងសុខុមាលភាព លើប្រព័ន្ធធនាគារ។ តាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ២០១៩នេះ មានធនាគារពាណិជ្ជចំនួន៤៦ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៧៥ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុជូនសាធារណជននៅកម្ពុជា។
ដោយមានការចូលរួម ពីក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានទីមួយ ដែលបានបំលែងខ្លួន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដោយមិនមានការគួបបញ្ចូល ជាមួយគ្រឹះសា្ថនហិរញ្ញវត្ថុណាមួយឡើយ។ ក្រោយពីបំលែងខ្លួន ទៅជាធនាគារពាណិជ្ជ គ្រឹះស្ថាននៅតែបន្តរក្សាវត្តមានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាជនជាតិខ្មែរ ជាពិសេសដែលមានលោក លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
លោក លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលបានមានប្រសាសន៍ថា ការទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនេះគឺបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើង ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរភីអិលស៊ី ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន។ ការទទួលបានអាជ្ញាបណ្ណ័នេះ នឹងផ្តល់ឱកាសមួយជំហានបន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ក្នុងការក្លាយខ្លួន ទៅជាធនាគារពាណិជ្ជដែលផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ និងសម្បូរបែប ជូនអតិថិជន
និងសាធារណជនគ្រប់ខេត្ត រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក លី ហួរ បានមានប្រសាសន៍បន្ថែមទៀតថា៖«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នឹងត្រូវប្តូរឈ្មោះទៅជា “ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក” ហើយចាប់ផ្តើមប្រតិបត្តិការអាជីវកម្មធនាគារ ពីខែមេសានេះហើយក៏នឹងមានការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នៅខែមីថុនាខាងមុខនេះ»។
ជាមួយគ្នានេះដែរ លោក លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល បានឆ្លៀតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងបានផ្តល់សេចក្តីទុកចិត្ត ក្នុងការផ្តល់អាជ្ញាប័ណ្ណ ដើម្បីបន្តពង្រឹង និងពង្រីកសេវាកម្មជូនអតិថិជន និងសាធារណជន។ លោក ក៏អរគុណដល់អតិថិជន ដែលតែងតែគាំទ្រប្រើប្រាស់សេវាកម្មកន្លងមក។ ទន្ទឹមនឹងនេះ លោក លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានប្តេជ្ញាចិត្ត ក្នុងការបន្តធ្វើទំនើបកម្មផលិតផល ឬសេវាកម្មរបស់ខ្លួន ក្នុងការបម្រើសេវាជូនអតិថិន និងសាធារណជន ឲ្យកាន់តែវិសេសវិសាលជាងនេះទៅទៀត។ ជាពិសេស គឺការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ព្រោះថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងកៀងគរប្រភពទុនផ្សេងៗ ដើម្បីផ្តល់ឥណទានជូនអតិថិជននិងសាធារណជន ជាមួយនឹងអត្រាការប្រាក់សមរម្យ។ ជាងនេះទៅទៀត ធនាគារថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ ក្នុងវិស័យហិរញ្ញវត្ថុផងដែរ។
ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង (ក្រុមហ៊ុនដែលមានការច្នៃប្រឌិតយុទ្ធសាស្ត្រអាជីវកម្ម) បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ដែលជាក្រុមហ៊ុនចុះបញ្ជី នៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងតូក្យូ ដែលជាភាគទុនិកមួយដ៏ធំរបស់ ធនាគារអេស ប៊ី អាយ លី ហួរ ម.ក ។
ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ន មានក្រុមហ៊ុនចំណុះសរុបជាង២៦០ ក្រុមហ៊ុន នៅក្នុងប្រទេសចំនួន ២០ ទាំងក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុននេះបាននិងកំពុងប្រតិបត្តិការអាជីវកម្មជាសកល នៅក្នុងផ្នែកសំខាន់ៗមួយចំនួន ដូចជាសេវាកម្មហិរញ្ញវត្ថុការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មដែលទាក់ទងនឹងជីវបច្ចេកវិទ្យានិងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន មានទ្រព្យសកម្មសរុបជាង៥១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ពិសេសជាងនេះទៅទៀត ការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគដែលមានទស្សនវិស័យវែងឆ្ងាយ ក្នុងការជួយជំរុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈបណ្តាញឌីជីថលដែលទំនើបបំផុត និងប្រតិបត្តិការធនាគារ និងតាមបណ្តាញភ្នាក់ងារនៅទូទាំងកម្ពុជា។លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនសម្រាប់កម្ពុជា ក៏ដូចជាបង្កើនភាពជឿជាក់ ពីសហគមអន្តរជាតិ ក្នុងទាក់ទាញការវិនិយោគដ៏យូរអង្វែង ពីក្រុមហ៊ុនសម្ព័ន្ធរបស់ជប៉ុន បង្កើនភាពជឿជាក់ ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ ព្រមទាំងការគ្រប់គ្រងនាពេលអនាគត៕
(អត្ថបទពាណិជ្ជកម្ម)