COVID-19
ជាតិ
មេបញ្ជាការ​កងទ័ព ហាម​កម្លាំង​គ្រប់​អង្គភាព​ប្រមូលផ្តុំ​គ្នា​ជប់លៀង​ក្នុងឱកាស​ចូលឆ្នាំ​
01, Apr 2020 , 12:15 pm        
រូបភាព
ភ្នំពេញ​៖ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិ​សេន បាន​បញ្ជា​ឱ្យ​គ្រប់​អង្គភាព​កម្លាំង​កងទ័ព​ទាំងអស់ មិនឱ្យ​ចេញ​ក្រៅ​កងឯកភាព ឬ​បន្ទាយ​ជាដាច់ខាត នៅ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដើម្បី​ត្រៀមកម្លាំង​ទប់ស្កាត់​Covid-19​។ លើសពីនេះ មិនត្រូវ​ប្រមូលផ្ដុំ​ជប់លៀង ដែលនាំឱ្យ​ប៉ះពាល់​វិធានការ ការពារ​ជំងឺ​Covid-19​។ នេះ​បើតាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​រ​ចុះ​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២០​។



​លោក វង្ស ពិ​សេន បាន​សង្កត់ធ្ងន់​ដល់​កងកម្លាំង​គ្រប់​អង្គភាព​ទាំងអស់​ថា «​ត្រូវ​ត្រៀមកម្លាំង​ជាស្រេច ដើម្បី​អន្តរាគមន៍ ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​ខូ​វីដ​ឥ​១៩(Covid-19) តាម​បទបញ្ជា​អគ្គបញ្ជាការ​»​។​
 
​ទន្ទឹមនឹងនេះ កងទ័ព​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​អនុវត្ត​ជាប្រចាំ​តាម​ការណែនាំ ពី​វិធាន​ការការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​អគ្គបញ្ជាការ​។ ជាមួយគ្នា​ដែរ នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ នាយក​ស្ថាប័ន និង​សាលា​ចំណុះ​អគ្គបញ្ជាការដ្ឋាន ត្រូវ​រាយការណ៍​ជាប្រចាំ​ពី​ស្ថានភាព​ក្នុង​អង្គភាព និង​អនុវត្ត​បទបញ្ជា​នេះ រហូត​មាន​បទបញ្ជា​ថ្មី​៕





© រក្សាសិទ្ធិដោយ thmeythmey.com