សេដ្ឋកិច្ច
អន្តរជាតិ
ពលរដ្ឋ​ថៃ​៩​លាន​នាក់​ដែល​រងគ្រោះ​ដោយសារ COVID-19 នឹង​បាន​លុយ​ម្នាក់​១៥០​ដុល្លារ​
01, Apr 2020 , 8:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (AFP)
ដោយ:
​ប្រជាជន​ថៃ​៩​លាន​នាក់​ក្នុងចំណោម ២១,៧​លាន​នាក់​ដែល​បាន​ចុះឈ្មោះ នឹងមាន​សិទ្ធិ​សម្រាប់​ទទួល​ជំនួយ​ជា​សាច់ប្រាក់​៥​ពាន់​បាត (​ប្រមាណ​១៥២​ដុល្លារ​) ដែល​ផ្ដល់ជូន​ដោយ​រដ្ឋាភិបាល​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​៣១ ខែមីនា ដោយ​បន្ថែមថា ការផ្ដល់​ឲ្យ​នេះ គឺមាន​គោលដៅ​ជួយ​បន្ធូរ​បន្ថយឥទ្ធិពល COVID-19 លើ​ជីវភាព​ពលរដ្ឋ​រងគ្រោះ​។ 

 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ អ្នកស្រី Narumon Pinyosinwat គូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​ផែនការ​ផ្ដល់ជំនួយ​សម្រាប់​មនុស្ស​ទាំង​៩​លាន​នាក់​នេះ​។ បើតាម​អ្នកស្រី កញ្ចប់​ថវិកា​សរុប​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវ​ចំណាយ​លើ​កម្មវិធី​ជំនួយ​នេះ ស្មើនឹង​៤,១១​ពាន់​លាន​ដុល្លារ​។ 
 
​អ្នកស្រី Pinyosinwat អះអាង​ទៀតថា ពលរដ្ឋ​ថៃ​៣​លាន​នាក់​ដំបូង នឹង​អាច​ទទួល​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ថៃ​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ក្នុង​ខែមេសា​នេះ​។ បើតាម​ប្រភព​រដ្ឋាភិបាល​ថៃ​ម្នាក់ ថវិកា​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ COVID-19 នេះ នឹងត្រូវ​ដកចេញ​ពី​កញ្ចប់​ថវិកា​របស់​បណ្ដា​ក្រសួង​។ 
 
​ត្រង់ចំណុច​នេះ ក្រសួង​ថៃ​នីមួយៗ នឹងត្រូវ​កាត់​ខ្ទង់ចំណាយ​របស់ខ្លួន​ប្រមាណ​១០​ភាគរយ ក្នុង​គោលដៅ​យកទៅ​ប្រើ​ជា​កញ្ចប់​ជំនួយ ហើយក៏​ជួយ​ដល់​កិច្ចប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាលដាល COVID-19 ផងដែរ​។ នេះ​បើតាម​កាសែត បាងកក​ប៉ុស្តិ៍ ដោយ​ដកស្រង់​ពី​ប្រភព​រដ្ឋាភិបាល​ថៃ ដែល​បន្ថែមថា ធនាគារ​សន្សំ​របស់រ​ដ្ឋា​ភិ​បាល​ថៃ និង​ធនាគារ​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​ថៃ ក៏​នឹង​ផ្ដល់​កម្ចី​ជា​សាច់ប្រាក់​រហូតដល់​ជាង​៤៨,៧​លាន​ដុល្លារ​ជូន​ដល់​អាជីវករ​ថៃ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ COVID-19 ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែមេសា ប្រទេស​ថៃ បាន​រកឃើញ​ករណី​ឆ្លង COVID-19 សរុប ១៦៥១​ករណី​ហើយ ខណៈ​អ្នក​ស្លាប់មាន​១០​នាក់​។ អ្នកជា​សះស្បើយ​មាន ៣៤២​នាក់ ចំណែក អ្នក​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​មាន ២៣​នាក់​។ នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​៕ 

Tag:
 ​ថៃ​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
  COVID-19
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com