COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា​នឹង​ប្រែក្លាយ​រោងចក្រ​មួយចំនួន ទៅជា​កន្លែង​ផលិត​ម៉ាស់ អាល់កុល និង​បរិក្ខា​វេជ្ជសាស្ត្រ​
01, Apr 2020 , 8:39 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រែក្លាយ​រោងចក្រ​មួយចំនួន​ទៅជា​កន្លែង​ផលិត​ម៉ាស់ អាល់កុល និង​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក ខណៈ​តម្រូវការ​សម្ភារ​ទាំងនេះ​កំពុងមាន​ការកើនឡើង​។ កម្ពុជា ក៏​ទើប​បញ្ជា​ទិញ​ម៉ាស់​ជាង​៥​លាន​ម៉ាស់​ពី​ក្រៅប្រទេស និង​ក្នុងស្រុក​សម្រាប់​ចែកជូន​មន្ទីរពេទ្យ និង​ប្រជាពលរដ្ឋ​ផងដែរ​។

 
​ស្របពេល​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​កូ​វីដ​-១៩​នៅ​កម្ពុជា​ចេះតែ​បន្ត​កើនឡើង​នោះ តម្រូវការ​ម៉ាស់ ទឹក​អាល់កុល និង​បរិក្ខា​វេជ្ជសាស្ត្រ​ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ កម្ពុជា គ្រោង​ប្រែក្លាយ​រោងចក្រ​មួយចំនួន​ទៅជា​កន្លែង​ផលិត​សម្ភារ​ទាំងនេះ ដើម្បី​ផ្គត់ផ្គង់​តាម​ស្ថាប័នរដ្ឋ និង​ចែកជូន​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​ប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២០។  
 
​តែ​យ៉ាងណា សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី មិនបាន​បញ្ជាក់​លម្អិត​ពី​រោងចក្រ​ដែល​រាជរដ្ឋាភិបាល​គ្រោង​ប្រែក្លាយ​ទាំងនោះ​ឡើយ ខណៈ​បច្ចុប្បន្ន​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួន​បាន​បិទ​ដំណើរ​ដោយសារ​គ្មាន​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​។ ប្រសិនបើ​គម្រោង​នេះ បាន​លេចចេញ​ជា​រូបរាង​ឡើង វា​មិន​ត្រឹមតែ​ជួយ​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយផ្តល់​ការងារ​ដល់ក​ម្មករក​ម្ម​ការិនី ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ការបិទ​រោងចក្រ​ទាំងនេះ​ទៀតផង​។​
 
​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន កម្ពុជា​បានចាត់ទុក​ម៉ាស់ អាល់កុល និង​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ ជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​បម្រុង​ទុក​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​។ កម្ពុជា បាន​បញ្ជា​ទិញ​សម្ភារ​ទាំងនេះ​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​កើតឡើង ។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ កម្ពុជា បានសម្រេច​បញ្ជា​ទិញ​ម៉ាស់​៥,២​លាន ដើម្បី​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ និង​ផ្តល់ជូន​មន្ទីរពេទ្យ​។​
 
​បើតាម​សេចក្តីជូនដំណឹង​ខាងលើ ម៉ាស់​ចំនួន​៤លាន​ត្រូវបាន​កម្ពុជា​បញ្ជា​ទិញ​ពី​ក្រៅប្រទេស និង​ចំនួន​១,២​លាន​ទិញ​ពី​រោងចក្រ​ផលិត​ម៉ាស់​នៅ​ខេត្ត​ព្រះសីហនុ​។ សេចក្តីជូនដំណឹង​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ថវិកា ដែលជា​ជំនួយ​របស់​សប្បុរសជន​ ត្រូវរដ្ឋាភិបាល ទុកចំណាយលើការទិញ​សម្ភារ​សំខាន់ៗ​មួយចំនួន​ដូចជា​ម៉ាស់ អាល់កុល និង​សម្ភារ​បរិក្ខា​វេជ្ជសាស្ត្រ​ ជាដើម​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​-១៩​ចំនួន​១០៩​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​២៥​នាក់​៕   

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com