COVID-19
អន្តរជាតិ
ប្រទេស​មួយចំនួន គំរាម​ដាក់គុក​នរណា​ហ៊ាន​លេងសើច​រឿង COVID-19 នៅ​ថ្ងៃ April Fools’ day
01, Apr 2020 , 3:55 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​ប្រទេស​មួយចំនួន នា​ថ្ងៃទី​៣១ ខែមីនា បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន ហាម​លេងសើច ឬ​បង្ហោះ​ព័ត៌មាន​មិន​ពិត​មួយចំនួន ជាពិសេស​ជុំវិញ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​ចំ​ថ្ងៃទី​១ ខែមេសា ដែល​ត្រូវបាន​គេ​ហៅថា​«April Fools’ day ឬ ទិវា​កុហក​១​មេសា​»​។


 
​ថ្ងៃទី​១ ខែមេសា គឺជា​ថ្ងៃ ដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា គឺជា «​ទិវា​កុហក​១​មេសា​» ឬ​ជា​ភាសា​អង់គ្លេស «April Fools’ day» និង​មាន​មនុស្ស​ជាច្រើន​លេងសើច​នៅថ្ងៃនេះ​។ ប៉ុន្តែ​ក្នុង​បរិបទ​រាតត្បាត នៃ​COVID-19 «​ទិវា​កុហក​១​មេសា​» បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស និង​តំបន់​មួយចំនួន​ព្រួយបារម្ភ​ជាខ្លាំង ដោយសារតែ​ប្រជាជន អាច​យក​ព័ត៌មាន​មិន​ពិត​ខ្លះមក​លេងសើច ឬ​កុហក ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​សង្គម​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រទេស និង​តំបន់​មួយចំនួន បានចេញ​មុខមក​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការចែករំលែក​ព័ត៌មាន​មិន​ពិត​។ 
 
​ថៃ នា​ថ្ងៃទី​៣១ ខែមីនា បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន មិន​ឲ្យ​យក​រឿង​កូ​រ៉ូ​ណា​វីរុស​មកលេង​សើច​។ នៅលើ​បណ្តាញ​សង្គម​Twitter រដ្ឋាភិបាល​ថៃ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​វា គឺជា​ការ​ប្រឆាំងនឹង​ច្បាប់ ដែល​បង្ក​ព័ត៌មាន​មិន​ពិត​ពី​រឿង COVID-19 នៅ​ចំ ទិវា​កុហក​១​មេសា​»​។ ការណ៍​នេះ ប្រសិន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​លេងសើច​ជាមួយ​ព័ត៌មាន​បែបនេះ ជន​នោះ​នឹងត្រូវ​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៥​ឆ្នាំ​។ 
 
​ចំណែក​នៅ​កោះ​តៃវ៉ាន់​វិញ លោកស្រី Tsai Ing-wen ប្រធានាធិបតី​កោះ​តៃវ៉ាន់ ក៏បាន​ថ្លែង​សារ​នៅលើ​បណ្តាញ​សង្គម Facebook របស់ខ្លួន​ដែរ ដើម្បី​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ថា កុំ​ឲ្យ​យក​រឿង COVID-19​មកលេង​សើច ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​។ លោកស្រី Tsai បាន​បញ្ជាក់ថា បើ​ជន​ណា​ហាន​បង្ក​ព័ត៌មាន​COVID-19 ក្លែងក្លាយ ជន​នោះ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជិត ១០​ម៉ឺន​ដុល្លារ និង​ជាប់ពន្ធនាគារ​រហូតដល់ ៣​ឆ្នាំ​។ 
 
​ដោយឡែក​នៅ​តំបន់​អាស៊ី​ខាងត្បូង​វិញ អង្គភាព​សន្តិសុខ​ឥណ្ឌា ក៏បាន​ព្រមាន​ចាត់វិធានការ ប្រឆាំង​ព័ត៌មាន​មិន​ពិត​ដែរ នៅ​ចំ​ថ្ងៃទី April Fools’ day នេះ ជាពិសេស​ទាក់ទង​នឹង COVID-19​។ ឥណ្ឌា​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ចែករំលែក​ពា​ក្ស​ចរាម​អា​រ៉ា​ម និង​ព័ត៌មាន​ភ័យខ្លាច​ជុំវិញ​កូ​រ៉ូ​ណា​វីរុស​ណាមួយ​ឡើយ​។ 
 
​ចំណែក​ក្រុមហ៊ុន​យក្ស Google ឯណោះ​វិញ ក៏បាន​ផ្អាក​ធ្វើ «​ទិវា​កុហក​១​មេសា​» នៅ​ចំ​កាលៈទេសៈ​ពិភពលោក​កំពុងតែ​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ COVID-19 នេះដែរ​។ បើតាម​ការអះអាង​រប​ស់​Google ក្នុងស្ថានភាព​បែបនេះ ក្រុមហ៊ុន​ផ្តោតលើ​ការជួយ​មនុស្ស ជាជាង​លេងសើច និង​បង្កើត​រឿងប្រឌិត​នៅ​ចំ​ថ្ងៃទី​១ ខែមេសា​នេះ​។​
 
​សូមបញ្ជាក់ថា «​ទិវា​កុហក​១​មេសា​» ឬ​ជា​ភាសា​អង់គ្លេស «April Fools’ day» គឺ​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១ ខែមេសា ដើម្បី​បង្កើត​ព័ត៌មាន​មិន​ពិត ឬ​រឿងប្រឌិត​ឡើង ក្នុង​គោលបំណង​កម្សាន្ត​។ ប៉ុន្តែ​ក្នុងស្ថានភាព​ផ្ទុះ​COVID-19 ការ​លេងសើច​ពាក់ព័ន្ធ​នឹង​កូ​រ៉ូ​ណាវី​រុស គឺ​មានតែ​បង្ក​ឲ្យ​មាន​ព័ត៌មាន​យល់ច្រឡំ ឬ​បង្កើត​ការភ័យខ្លាច​នៅក្នុង​សង្គម​តែប៉ុណ្ណោះ​៕  

Tag:
 ថៃ​
  ឥណ្ឌា​
  ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com