ពីនេះ ពីនោះ
តើ​ពាក្យ​«​ឆេង​ម៉េង​» (Qing Ming)​មានន័យ​ដូចម្តេច​?
02, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​សែនដូនតា ឪពុកម្តាយ ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅក្នុង​អំឡុង​ដើមខែ​មេសា​ជា​រៀងរាល់ឆ្នាំ ដែល​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន​តែង​ហៅថា​សែន​ឆេង​ម៉េង ជា​ពាក្យ​កម្ចី​ពី​ចិន ដែល​ចិន​មាន​ភាសា​របស់ខ្លួន​ថា Qing Ming និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Tomb Sweeping Day ឬ​Chinese Memorial Day ឬ Ancestors' Day​។​

 
​ការ​សែន​ជា​សំណែន​នៅក្នុង​ថ្ងៃ​ឆេង​ម៉េង​ទៅដល់​ផ្នូរ​របស់​ដូនតា ឪពុកម្តាយ និង​សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ ដែលមាន​ធាតុ​កប់​នៅក្នុង​វត្ត​អារាម ឬ​នៅ​ទីវាល​កន្លែង​ណាមួយ  គេ​មានជំនឿថា វិញ្ញាណ​របស់​ពួកគេ​នឹង​តាម​ថែរក្សា​អ្នក​ដែល​នៅរស់​មាន​សេចក្តីសុខ​សប្បាយ ប្រកបមុខរបរ​រក​ស៊ី​កាក់កប និង​បំពេញភារកិច្ច​ការងារ​កាន់តែ​រលូន និង​ជោគជ័យ​។ 
 
​បើតាម​ជំនឿ​ចិន អ្នក​ដែលមាន​ឆ្នាំ​ឆុង​នឹង​ឆ្នាំ​ដែល​កំពុង​មកដល់​នោះ ឬ​ឆុង​នឹង​ឆ្នាំ​របស់​សាច់ញាតិ​ដែល​ស្លាប់​ទៅនោះ ភាគច្រើន​គេ​មិន​និយម​ទៅ​សែន​ឡើយ ដោយសារតែ​ខ្លាច​ឆុង​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នកនោះ​ឈឺ ជួប​ឧបទ្រពចង្រៃ ជួប​គ្រោះថ្នាក់​ផ្សេងៗ និង​មានរឿង​រកាំរកូស​នៅក្នុង​គ្រួសារ​ជាដើម​។ 
 
​ពិធី​សែន​ឆេង​ម៉េង​នេះ ជា​ប្រពៃណីរ​ពេញនិយម​របស់​ជនជាតិ​ចិន តៃវ៉ាន់ ហុងកុង ម៉ា​កាវ សឹង្ហ​បុរី ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ថៃ កម្ពុជា និង​ម៉ាឡេស៊ី ដែល​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។ 
 
​ឆេង​ម៉េង​ឆ្នាំនេះ​មិន​ដូច​ឆេង​ម៉េង​កាលពី​ឆ្នាំ​កន្លងទៅ​ឡើយ​។ កូ​វីដ​-១៩ កំពុងតែ​រាតត្បាត​ទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ដែរ ដែល​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ខ្លះ​បាននាំគ្នា​រៀបចំ​សែន​នៅ​ជំនាងផ្ទះ​តាម​ផ្ទះ​ដែលមាន​កាន់ជើង​ធូបរ​បស់​អ្នក​ចែក​ឋាន និង​មាន​ពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​សែន​តាមតែ​ទំនៀមទម្លាប់​សែន​កាលពីមុន ដោយ​កាត់បន្ថយ​ការជួប​ជុំគ្នា មាន​គម្លាត​ពីគ្នា និង​ប្រុងប្រយ័ត្ន​ការពារ​ជាង​មុន​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com