ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អំណាច​រដ្ឋ​១២​ចំណុច​ លើ​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​
01, Apr 2020 , 9:39 pm        
រូបភាព
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈជានាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ចូលរួមធ្វើជាអធិបតី ក្នងពិធីរម្លឹកខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈជានាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ ចូលរួមធ្វើជាអធិបតី ក្នងពិធីរម្លឹកខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
ដោយ: ថ្មីៗ
​ចម្ងល់ ដែល​គេ​ចង់ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិអំណាច​ប៉ុនណា ពេល​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន ត្រូវបាន​លាតត្រដាង​ហើយ​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន បានផ្តល់​សិទ្ធិអំណាច​១២​យ៉ាង​ដល់​រាជរដ្ឋាភិបាល​។ 


 
​សិទ្ធិអំណាច​ទាំង​១២​យ៉ាង​របស់​រាជរដ្ឋាភិបាល ដែល​គេ​ឃើញ​នៅក្នុង​មាត្រា​៥ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន រួមមាន​៖
 
១. ហាមឃាត់ ឬ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើដំណើរ​។​
 
២. ហាមឃាត់ ឬ​កម្រិត​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​។ 
 
៣. ហាមឃាត់ ឬ​កម្រិត​ការធ្វើសកម្មភាព​ការងារ ឬ​មុខរបរ​។ 
 
៤. ហាមឃាត់ ឬ​កម្រិត​មិន​ឲ្យ​បុគ្គល​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​ណាមួយ​។ 
 
៥. ដាក់ចេញ​វិធានការ​ច​ត្តា​ឡី​ស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុងករណី​គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​។ 
៦. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន​និង​ជម្លៀស​ពលរដ្ឋ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ 
 
៧. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​កំណែន ដកហូត គ្រប់គ្រង ចាត់ចែង​ទ្រព្យសម្បត្តិ និង សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្ល​យ​តប​ចំពោះ​ភាពអាសន្ន​។ នីតិវិធី​នៃ​ការធ្វើ​កំណែន និង​សំណង​ត្រូវ​កំណត់ដោយ​រាជរដ្ឋាភិបាល​។ (​ចំណុច​នេះ មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​ថា ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ឬ​ឯកជន តែ​ទំនងជា​ចង់​សំដៅលើ​ឯកជន​ច្រើនជាង​)​។​
 
៨. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការកំណត់​ថ្លៃទំនិញ​និង​សេវា ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ 
 
៩. ដាក់ចេញ​វិធានការ​ទាក់ទង​នឹង​ការបិទ​ទីតាំង​សាធារណៈ ឬ​ឯកជន​ណាមួយ ដែលមាន​ភាពចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ 
 
១០. ដាក់ចេញ​វិធានការ​ឃ្លាំមើល និង​តាមដាន​តាម​គ្រ​ប់មធ្យោ​បាយ ដើម្បី​ទទួលបាន​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព ក្នុង​គោលបំណង​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។​
 
១១. ហាមឃាត់ ឬ​កម្រិត​ការចែក​ចាយ ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​អាច​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​សាធារណជន ឬ​ចលាចល ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ឬ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាពអាសន្ន​។ 
 
១២. ដាក់ចេញ​វិធានការ​ដទៃទៀត ដែល​សមស្រប​និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាពអាសន្ន​។ 
 
​ក្រៅពី​ប្រគល់​សិទ្ធិអំណាច​ទាំង​១២​យ៉ាងនេះ ទៅ​ឲ្យ​រាជរដ្ឋាភិបាល មាត្រា​៥ ក៏បាន​ចែង​ដែរ​ថា វិធានការ​អនុវត្ត​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​ត្រូវបាន​ដាក់ចេញ​សម្រាប់​ទូទាំងប្រទេស ឬ​ដែន​ដីកំណត់​ជាក់លាក់​ណាមួយ​។ 
 
​កថាខណ្ឌ​ចុងក្រោយ​នៃ​មាត្រា​៥ សង្កត់ធ្ងន់ថា​៖«​ក្នុងពេល​សង្គ្រាម ឬ​ក្នុង​កាលៈទេសៈ​ដទៃទៀត  ដែល​សន្តិសុខ​ជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ដោយ​រាជរដ្ឋាភិបាល អាចធ្វើ​ឡើង​តាម​របប​អាជ្ញាសឹក​»​។ 
 
​ចំណែក ទោសទណ្ឌ ដែល​ចែង​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន មាន​៤​មាត្រា​។ 
 
​មាត្រា​៧ កំណត់ថា ដោយ​មិនទាន់​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត អំពើ​ដោយ​ចេតនា​រារាំង ឬ បង្ក​ឧបសគ្គ​ដល់​កិច្ចប្រតិបត្តិការ​ឆ្លើយតប​ចំពោះ​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ១​លាន​រៀល​ទៅ​៥​លាន​រៀល​។ អំពើ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ កាលបើ​អំពើ​នោះ នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​
 
​មាត្រា​៨ ចែងថា ដោយ​មិនទាន់​គិតដល់​បទល្មើស​ព្រហ្មទណ្ឌ​ដទៃទៀត អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ក្រោម​បញ្ញា​តិ្ត​នៃ​មាត្រា​៥​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​១​សែន​រៀល​ទៅ​១​លាន​រៀល​។ អំពើ​មិន​គោរព​តាម​វិធានការ ពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល កាលបើ​អំពើ​នេះ នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ​។​
 
​មាត្រា​៩ សរសេរថា នីតិបុគ្គល​អាច​ត្រូវបាន​ប្រកាសថា ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​ចែង​ក្នុង​នៅ​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតីបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា​៧​នៃ​ច្បាប់​នេះ​។ នីតិបុគ្គល ត្រូ​ផ្តន្ទា​ទោសពិន័យ​ប្រាក់​ពី​១​រយ​លាន​រៀល​ទៅ​១​ពាន់​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន​ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតីបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​។​
 
​មាត្រា​៩ បន្តថា នីតិបុគ្គល​អាច​ត្រូវបាន​ប្រកាសថា ត្រូវ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដូច​មានចែង​ក្នុង​មាត្រា​៤២ (​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​បទល្មើស​ដែល​មានចែង​ក្នុង​មាត្រា​៨ នៃ​ច្បាប់​នេះ​។ នីតិបុគ្គល ត្រូវ​ផ្តន្ទា​ទោសពិន័យ​ប្រាក់​ពី ៥០​លាន​រៀល​ទៅ ៥​រយ​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​១៦៨ (​ទោស​បន្ថែម​អនុវត្ត​ចំពោះ​នីតិបុគ្គល​) នៃ​ក្រមព្រហ្មទណ្ឌ​។ 
 
​សម្រាប់​មាត្រា​១០ គឺ​ទាក់ទង​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​សរសេរថា អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ប្រើប្រាស់​សិទ្ធិអំណាច​ដោយ​រំលោភ ដើម្បី​ធ្វើតាម​ទំនើងចិត្ត ហើយ​បង្ក​ការខូចខាត​រូបរាងកាយ ឬ​ទ្រព្យសម្បត្តិ​អ្នកដទៃ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។    
 
​យោងតាម​មាត្រា​៤ ការដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន អាច​ធ្វើឡើង​នៅពេលដែល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ជាអាទិ៍ គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​សង្គ្រាម ឬ ការឈ្លានពាន​ពី​កម្លាំង​បរទេស គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ បណ្តាលមកពី​ការឆ្លង​រាលដាល​ជំងឺ ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​សាធ​រណៈ ព្រមទាំង​គ្រោះថ្នាក់​មហន្តរាយ​ធ្ងន់ធ្ងរ ដែល​គំរាមកំហែង ឬ​អាច​បង្ក​គ្រោះថ្នាក់​ពី​ការរីក​រាលដាល​ដល់ក​ម្រិ​ត​ទូទាំងប្រទេស​។ 
 
​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន បាន​ឆ្លងកាត់​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​។ រាជរដ្ឋាភិបាល សម្រេច​ថា សេចក្តីព្រាងច្បាប់​នេះ នឹងមិន​ឆ្លងកាត់​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នោះទេ ដោយ​នឹងត្រូវ​បញ្ជូនទៅ​អង្គការនីតិបញ្ញត្តិ​តែម្តង​។ 
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លើកឡើងថា តាមរយៈ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន មាន​១២​មាត្រា​។ ប៉ុន្តែ លោក នៅតែ​ឲ្យ​រង់ចាំ​ការផ្សព្វផ្សាយ​ជា​ផ្លូវការ​អំពី​សេចក្តីព្រាងច្បាប់​នេះ ក្រោយ​រដ្ឋសភា អនុម័ត​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមេសា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និយាយថា​៖«​យើង គ្រាន់តែ​ឃើញ​សេចក្តីព្រាងច្បាប់​ហ្នឹង បែកធ្លាយ តែ​ផ្លូវការ​យ៉ាងម៉េច គឺ​ទាល់តែ​ចេញពី​រដ្ឋសភា​។ អ៊ីចឹង ខ្ញុំ មិនទាន់​អាច​បកស្រាយ​ខ្លឹមសារ​ទេ​។ ខ្ញុំ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​»​។​
 
​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា  ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​ស័ព្ទ​ដែរនោះ អះអាងថា មកដល់ពេលនេះ លោក មិនទាន់​ទទួលបាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅឡើយ​ទេ​។ 
 
​យ៉ាងណា គេ​អាច​សន្និដ្ឋានថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ទំនងជា​នឹងត្រូវ​បញ្ជូនទៅ​រដ្ឋសភា​ឆាប់ៗ ព្រោះ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល គឺ​ចង់​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ បាន​ចូល​ជា​ធរមាន​ឲ្យ​បាន​លឿន ដើម្បី​ងាយស្រួល​សម្រាប់​រាជរដ្ឋាភិបាល យកទៅ​ប្រើប្រាស់ បើ​ប្រទេសជាតិ ពិតជា​តម្រូវ​ឲ្យ​ដាក់​ក្នុង​ភាពអាសន្ន​មែន​នោះ​។​
 
​ជា​នីតិវិធី សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹងត្រូវ​ឆ្លងកាត់​ការអនុម័ត​ពី​រដ្ឋសភា ព្រឹទ្ធសភា និង ក្រុមប្រឹក្សាធម្មនុញ្ញ​។ បន្ទាប់មក ព្រះមហាក្សត្រ ទ្រង់​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​។

ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅកម្ពុជា គឺជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល ពិចារណា​ពី​ការដាក់​ប្រទេស​ឲ្យ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល មានលទ្ធភាព​កាន់តែ​ខ្ពស់ ក្នុងការ​គ្រប់គ្រង​សភាពការណ៍​និង​ការទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩​នេះ​។ 
 
​ដោយសារតែ​កម្ពុជា មិនទាន់​មានច្បាប់​សម្រាប់​គ្រប់គ្រង​ប្រទេស​ពេល​មាន​អាសន្ន ទើប​រាជរដ្ឋាភិបាល ផ្តួចផ្តើម​គំនិត​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​គ្រប់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​នេះ​ភ្លាមៗ​តែម្តង​។ អ្នក​ដែល​តាក់​តែង​សេចក្តីព្រាងច្បាប់​នេះ គឺ​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី​។  
 
​ការ​តាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន គឺ​យក​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ជា​គោល​។ មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ ចែងថា នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន​ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា​។ 
 
​រាជរដ្ឋាភិបាល អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ចំពោះ​ការបង្កើត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ រាជរដ្ឋាភិបាល លើក​ហេតុផល​ថា ការបង្កើត​ច្បាប់​នេះ​ឡើង គឺ​មិនមែន​ដើម្បី​ដាក់​គោលដៅ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ឡើយ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com