COVID-19
អន្តរជាតិ
ឆ្មា​មួយ​ក្បាល​នៅ​ហុងកុង ក្លាយជា​សត្វ​ចិញ្ចឹម​ទី​បី មាន​ផ្ទុក COVID-19
01, Apr 2020 , 9:59 pm        
រូបភាព
រូបតំណាង។ រូបភាព៖  The New York Times
រូបតំណាង។ រូបភាព៖ The New York Times
​ឆ្មា​មួយ​ក្បាល​នាទី​ក្រុង​ហុងកុង ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការអះអាង​របស់​នាយកដ្ឋាន​នេសាទ និង​កសិកម្ម​ហុងកុង នា​ថ្ងៃទី​៣១ ខែមីនា​។ ការរកឃើញ​នេះ ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​សត្វ​ឆ្មា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។


 
​តាម​ការអះអាង​របស់​នាយកដ្ឋាន​នេសាទ និង​កសិកម្ម ហុងកុង​បាន​រកឃើញ​ឆ្មា​មួយ​ក្បាល មាន​ផ្ទុក COVID-19 បន្ទាប់ពី​ម្ចាស់​មាន​ផ្ទុក​ជំងឺឆ្លង​ថ្មី​នេះ​។ យ៉ាងណាក៏ដោយ នាយកដ្ឋាន​ខាងលើ មិនបាន​បញ្ជាក់​ពី​រោគសញ្ញា​របស់​សត្វ​ចិញ្ចឹម​ពីដំបូង​ឡើយ គ្រាន់តែ​រៀបរាប់ថា សត្វ​ឆ្មា​នេះ​ត្រូវគេ​ដាក់​ច​ត្តា​ឡី​ស័ក នា​ថ្ងៃទី​៣០ ខែមីនា​មក​។ ចំណែក​សំណាក ដែល​យកទៅ​ពិនិត្យ គឺ​គេ​យក​ចេញពី​មាត់ ច្រមុះ​នៃ​សត្វ​ឆ្មា​មួយ​នេះ​។ យ៉ាងណាក៏ដោយ គេ​នឹង​បន្ត​ពិនិត្យ និង​តាមដាន​រោគសញ្ញា​សត្វ​ឆ្មា​បន្តទៀត​។ 
 
​នេះ គឺជា​ករណី​ទី​៣​ហើយ​នៅក្នុង​ទឹកដី​ហុងកុង ដែល​សត្វ​ចិញ្ចឹម​ឆ្លង COVID-19 ។ ពីរ​ករណី​មុន គឺជា​សត្វ​ឆ្កែ​ពីរ​ក្បាល ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​។ 
 
​បើតាម​ការបញ្ជា​ក់ថារ​បស់​អង្គការ​សុខភាព​ពិភពលោក (WHO) គេ​មិនទាន់មាន​ភស្តុតាង​ណាមួយ​បង្ហាញថា សត្វ​ចិញ្ចឹម​ដូចជា​ឆ្កែ ឬ​ឆ្មា អាច​ចម្លង COVID-19 បានទេ​។ ចំណែក​សមាគម​ពេទ្យសត្វ បាន​និយាយថា សត្វ​ចិញ្ចឹម​ភាគច្រើន គឺ​ឆ្លង​កូ​រ៉ូ​ណាវី​រុស មកពី​ម្ចាស់​របស់​ពួកគេ ឬ​ពី​មនុស្ស​ផ្សេងទៀត ដែលមាន​ផ្ទុក COVID-19​។ ប៉ុន្តែ​ករណី​ឆ្លង​លើស​ត្វ​ចិញ្ចឹម មិនទាន់​ចោទ​ជា​បញ្ហា​នៅឡើយ​ទេ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ហុងកុង មាន​ករណី​COVID-19 សរុប ៧១៥​ករណី អ្នកស្លាប់ ៤​ករណី និង​អ្នកជា​សះស្បើយ ១២៨​ករណី​៕ 

Tag:
 ហុងកុង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com