ប្រធាន​ពេទ្យ​នៅ​ក្រុង​មូ​ស្គូ​ម្នាក់​ដែល​ទើប​ជួប​លោក ពូ​ទីន សប្តាហ៍​មុន ឆ្លង COVID-19
COVID-19
អន្តរជាតិ
ប្រធាន​ពេទ្យ​នៅ​ក្រុង​មូ​ស្គូ​ម្នាក់​ដែល​ទើប​ជួប​លោក ពូ​ទីន សប្តាហ៍​មុន ឆ្លង COVID-19
01, Apr 2020 , 10:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី ពូទីន ចាប់ដៃជាមួយវេជ្ជបណ្ឌិត Denis Protsenko អំឡុងទស្សនកិច្ចលោកនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Novomoskovsky ក្នុងក្រុង មូស្គូ កាលពីថ្ងៃ ២៤ ខែមីនា ២០២០ (ទីភ្នាក់ងារព័ត៌មាន TASS)
ប្រធានាធិបតីរុស្ស៊ី ពូទីន ចាប់ដៃជាមួយវេជ្ជបណ្ឌិត Denis Protsenko អំឡុងទស្សនកិច្ចលោកនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Novomoskovsky ក្នុងក្រុង មូស្គូ កាលពីថ្ងៃ ២៤ ខែមីនា ២០២០ (ទីភ្នាក់ងារព័ត៌មាន TASS)
​លោក​វេជ្ជបណ្ឌិត Denis Protsenko ប្រធាន​មន្ទីរពេទ្យ​ទទួលបន្ទុក​កិច្ចការ COVID-19 ប្រចាំ​ទីក្រុង​មូ​ស្គូ​ម្នាក់ ដែល​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី  វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​សប្តាហ៍​មុន មាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន ។ លោក​បញ្ជាក់​ដោយផ្ទាល់​បែបនេះ នៅ​ថ្ងៃ​៣១ ខែមីនា ខណៈ​វិមាន​ក្រេ​ម​ឡាំង ប្រកាសថា មេដឹកនាំ​រុស្ស៊ី​មាន​សុខ​ភាពល្អ​ធម្មតា​។

 
«​ខ្ញុំ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន (COVID-19) ក៏ប៉ុន្តែ​សុខភាព​ខ្ញុំ​នៅតែ​ល្អ​ធម្មតា​»​។ លោក​វេជ្ជបណ្ឌិត  Denis Protsenko សរសេរ​បែបនេះ​លើ​ហ្វេ​ស​ហ៊ុ​ក​ផ្ទាល់ខ្លួន ដោយ​អម​ជាមួយ​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​រូបលោក​ពាក់​ម៉ាស់​ក្នុង​សម្លៀកបំពាក់​ពេទ្យ​ពណ៌​បៃតង​។ លោក​បន្តថា លោក​ដាក់​ខ្លួនឯង​ដោយឡែក​នៅ​បន្ទប់​ការិយាល័យ​លោក ហើយនឹង​បន្តធ្វើ​ការងារ​ធម្មតា​។ 
​លោក​វេជ្ជបណ្ឌិត​រូបនេះ គឺជា​បុគ្គល​សាធារណៈ​ជាន់ខ្ពស់​ទីមួយ​ដែល​សកម្ម​បំផុត​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង COVID-19 ក្នុងប្រទេស​រុស្ស៊ី ដោយ​លោក​តែង​បង្ហោះ​ព័ត៌មាន​សំខាន់ៗ​ជាប្រចាំ​ថ្ងៃ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជូនដំណឹង​ដល់​ពលរដ្ឋ​រុស្ស៊ី​។ 
 
​កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​សប្តាហ៍​មុន លោក​វេជ្ជបណ្ឌិត Protsenko បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី ពូ​ទីន ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​មន្ទីរពេទ្យ Kommunarka ខណៈ​ពាក់អាវ​ការពារ (hazmat) ពណ៌​លឿង​។ ក៏ប៉ុន្តែ ប្រមុខរដ្ឋ​រុស្ស៊ី​វ័យ​៦៧​រូបនេះ ក៏​ត្រូវបាន​មើលឃើញថា ជជែក​ពិភាក្សា​ជាមួយ​លោក​វេជ្ជបណ្ឌិត Protsenko ដោយ​គ្មាន​ពាក់​សម្ភារ​ការពារ​អ្វី​ឡើយ​។ 
 
​ភ្លាមៗ​ក្រោយ​លេច​ព័ត៌មាន​ថា លោក Protsenko មាន​ផ្ទុក​ជំងឺ COVID-19 អ្នកនាំពាក្យ​វិមាន​ក្រែ​ម​ឡាំង Dmitry Peskov បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​មួយ​ថា លោក ពូ​ទីន បានធ្វើ​តេស្ត​រក COVID-19 ទៀងទាត់ ហើយ​វា​ក៏​គ្មាន​អ្វីដែល​គួរ​ឲ្យ​បារម្ភ​ពាក់ព័ន្ធ​នឹង​សុខភាព​លោក​ឡើយ​។ ត្រង់ចំណុច​នេះ លោក Peskov សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​អ្វី​គ្រប់យ៉ាង​គឺ​ល្អប្រសើរ​»​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៤​ម៉ោង អាជ្ញាធរ​រុស្ស៊ី បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​៥០០​ករណី ដែលជា​ករណី​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ​។ តួលេខ​លេខ​ថ្មី​នេះ​ប្រចាំថ្ងៃ​៣១ ខែមីនា  ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​រុស្ស៊ី​ឡើងដល់ ២៣៣៧​ករណី ហើយ​អ្នកស្លាប់ ១៧​នាក់​ហើយ​។ ករណី​ឆ្លង​ភាគច្រើន កើតឡើង​ក្នុង​ទីក្រុង មូ​ស្គូ ដែលជា​ចំណុច​ផ្ទុះ​រាលដាល​នៃ​វីរុស​នេះ​ក្នុងប្រទេស​រុស្ស៊ី​៕ 

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com