COVID-19
អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​នៅ​អាមេរិក​ឡើង​លើស​បួន​ពាន់​នាក់
01, Apr 2020 , 5:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​អាមេរិក​កំពុង​ប្រញាប់ប្រញាល់ រៀបចំ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដើម្បី​ជួយ​បន្ធូរ​ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​ពេញបន្ទុក ខណៈ​កាលពី​ថ្ងៃទី ៣១ មីនា​ចំនួន​អ្នកស្លាប់​មាន​ដល់ ៧០០ ក្នុង​មួយថ្ងៃ​។ ចំនួន​អ្នកស្លាប់​ទាំងអស់​ឡើង​លើស​បួន​ពាន់​នាក់​ហើយ​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters ។​

 
​បើតាម​តួលេខ​របស់​សាកលវិទ្យាល័យ John Hopkins ចំនួន​ករណី​ឆ្លង​នៅ​អាមេរិក​មាន​ជាង​១៨៩០០០​នាក់​នៅត្រឹម​ព្រឹក​ថ្ងៃទី​១ ខែមេសា​។ ថ្ងៃទី​៣១ ខែមីនា ជា​ថ្ងៃ​មាន​ករណី​ស្លាប់​ច្រើនជាងគេ​។ ចំនួន​អ្នកស្លាប់ ៧០០​នាក់​នេះ​ក្នុង​មួយថ្ងៃ​នេះ គឺ​ស្មើនឹង​ការស្លាប់​រៀងរាល់​២​នាទី​។ ចំនួន​ជាង​ពាក់កណ្តាល​នៃ​អ្នកស្លាប់ មកពី​ទីក្រុង ញ៉ូ​វ​យ៉​ក ដែលជា​ចំនុចក្តៅ​នៃ​ការឆ្លង​ជំងឺ COVID-19​។ 
 
​អភិបាលក្រុង ញូវយ៉ក លោក Bill de Blasio បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋការ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​សំអាងថា ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​នៅ​សប្តាហ៍​ក្រោយ​។ លោក Bill de Blasio បានស្នើ​សុំ​ជំនួយ​ដូចជា​គិលានុបដ្ឋាយិកា​បន្ថែមចំនួន ១០០០​នាក់ អ្នកជំនាញ​ផ្លូវដង្ហើម ៣០០​នាក់ និង​វេជ្ជបណ្ឌិត​១៥០ សម្រាប់​ថ្ងៃទី​៤ ខែមេសា​ខាងមុខ​។ ប៉ុន្តែ​មិនទាន់មាន​ចម្លើយ​ពី​រដ្ឋការ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ឡើយ​។​
 
«​នៅ​ដំណាក់កាល​នេះ យើង​ត្រូវ​រៀបចំ​សម្រាប់​សប្តាហ៍​ក្រោយ​ដែល​រំពឹងថា​នឹងមាន​ករណី​ឆ្លង​ច្រើន​។ អ្វីដែល​ខ្ញុំ​ស្នើសុំ​នៅ​សប្តាហ៍​មុននេះ គឺ​ការបញ្ជូន​ពេទ្យ​យោធា​មកកាន់​ទីនេះ​»​។ នេះ​ជាការ​លើកឡ់ើង​របស់​លោក Bill de Blasio អភិបាលក្រុង ញ៉ូ​វ​យ៉​ក​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា តាំងតែ​ពី​មានការ​ផ្ទុះ​ជំងឺ​នៅ​អាមេរិក​មក ចំនួន​អ្នកស្លាប់​បាន​កើនឡើង​លើស​បួន​ពាន់​នាក់​ហើយ ដែល​ចំនួន​នេះ​ច្រើនជាង​អ្នកស្លាប់​ក្នុង​អំពើ​ភេរវកម្ម​នា ខែកញ្ញា ឆ្នាំ ២០០១ ទៅទៀត​។ មកទល់ពេលនេះ ចំនួន​អ្នក​ដែល​បាន​ឆ្លង​ជំងឺ COVIC-19 បាន​កើន​ពី ១៨៨,០០០ នាក់​។​
 
​បន្ថែម​ពីនេះ អ្នកជំនាញ​សុខាភិបាល​នៅ​សេត​វិមាន បាន​បន្ថែមថា​ចំនួន​អ្នកស្លាប់​អាចមាន​ពី​ចន្លោះ ១​សែន​នាក់​ទៅ ២​សែន​នាក់ បើទោះបីជា​ទីក្រុង​ធំៗ​បាន​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ និង​ចេញទៅ​ក្រៅ​សម្រាប់តែ​ករណី​ចាំបាច់​ក៏ដោយ​។ មកទល់​ពេល នេះ​រដ្ឋ​ចំនួន​៣០ នៅ​សហរដ្ឋអាមេរិក បាន​បញ្ញា​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ​ដើម្បី​ទប់​ទៅនឹង​ការឆ្លង​ជំងឺ បើទោះបីជា​វិធានការ​នេះ​បណ្តាល​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​មនុស្ស​គ្មាន​ប្រាក់ចំណូល​ក្នុង​រយៈពេល​បណ្តោះអាសន្ន​ក៏ដោយ​។ 
 
​ទៅលើ​រឿង​មន្ទីរពេទ្យ​វិញ កងវិស្វកម្ម​ទ័ពជើងគោក​អាមេរិក​បាន​កំពុង​ស្វែងរក សណ្ឋាគារ កន្លែង​ស្នាក់នៅ និង​កន្លែង​ជួបជុំ ដើម្បី​ប​ម្លែ​ង​ទៅជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ចំនួន ៣៤១ ។ នេះ​យោងតាម​ឧ​ត្ត​ម​សេនីយ៍​ឯក Todd Semonite ប្រាប់​សារ​ព័​ត័​មាន ABC News​។ 
 
​នៅ​ទីក្រុង ញ៉ូ​វ​យ៉​ក​កងវិស្វកម្ម​បានធ្វើកា​រ​ជាមួយ​មន្ត្រី​ប្រចាំ​រដ្ឋ​ក្នុងការ​ប​ម្លែ​ង​កន្លែង​ជួបជុំ​មួយ​ទៅជា​មន្ទីរពេទ្យ​ដែលមាន​គ្រែ​ចំនួន ១០០០ ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ជាមួយគ្នា​នោះ សភា​អាមេរិក​កំពុង​ពិភាក្សា​ពី​កញ្ចប់​ថវិកា​បន្ថែម បន្ទាប់ពី​បានអនុម័ត​កញ្ចប់​ថវិកា​រ​២,២​ទ្រី​លាន​ដុល្លារ​កាលពី​សប្តាហ៍​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com