COVID-19
កីឡាជាតិ
ជាតិ
លោក បែ មករា​៖ ការឯកភាព​កាត់​ប្រាក់ខែ​៥០​ភាគរយ ជាការ​រួមចំណែក​រក្សា​និរន្តរភាព​របស់​ក្លិប​
01, Apr 2020 , 5:29 pm        
រូបភាព
ដោយ:
​កីឡាករ​គ្រូបង្វឹក​និង​បុគ្គលិក​ក្លិប​បាល់ទាត់​បឹងកេត​ឯកភាព​កាត់​ខែ​៥០​ភាគរយ​ក្នុងអំឡុងពេល​សម្រាក​ដោយ​សារ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ (COVID-19)​។ ទោះបី​ថវិកា​នេះ មិនមាន​ចំនួន​ច្រើន តែ​វា​បានរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការរក្សា​និរន្តរភាព​របស់​ក្លិប​ក្នុងអំឡុងពេល​ជួប​វិបត្តិ​។ ការ​កាត់​ប្រាក់ខែ​នេះ នឹង​អនុវត្ត​រហូត​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​។

 
​លោក បែ មករា អគ្គលេខាធិការ​ក្លិប​បឹងកេត​បាន​និយាយថា កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​នៃ​ក្លិប​បឹងកេត​លើកលែង​សន្តិសុខ​និង​ថែ​ស្មៅ​ទីលាន បាន​ឯកភាព​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប យល់ព្រម​កាត់​ប្រាក់បៀវត្សរ៍​របស់ខ្លួន​៥០​ភាគរយ តែ​ក៏មាន​អ្នកខ្លះ​កាត់​ត្រឹមតែ​៣០​ភាគរយ​។ ការឯកភាព​កាត់​ប្រាក់បៀវត្សរ៍​នេះ ធ្វើឡើង​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យសេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។ 
 
​ប្រភព​ចំណូល​មួយផ្នែកធំ​របស់​ក្លិប​បាល់ទាត់​នៅ​កម្ពុជា ភាគច្រើន​គឺជា​ថវិកា​របស់​ម្ចាស់​ក្លិប ខណៈ​ម្ចាស់​ក្លិប​ភាគច្រើន​ជា​អ្នករកស៊ី​។ ដូច្នេះ​ការជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​កូ​វីដ​-១៩ វា​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​មុខ​ជំនួញ​របស់​ម្ចាស់​ក្លិប​ទាំងនោះ ដែល​នាំ​ឲ្យ​ក្លិប​របស់​ពួកគេ​ក៏​ជួប​វិបត្តិ​ដូចគ្នា​។ ចំណែក​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​របស់​ក្លិប ក៏​ទំនងជា​ជួប​វិបត្តិ​នេះ​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក បែ មករា​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​លោក បែ មករា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុម​ភាគច្រើន​ថវិកា​ពឹង​ផ្អែកលើ​ម្ចាស់​ក្លិប ហើយ​ម្ចាស់​ក្លិប​ភាព​ច្រើន​គាត់​ជា​អ្នកជំនួញ ដូច្នេះ​នៅពេល​ក្រុមហ៊ុន​របស់​ពួកគាត់​ជួប​បញ្ហា​គាត់​ត្រូវការ​ចំណាយ​ច្រើន​លើ​បុគ្គលិក​។ ដូច្នេះ​ដើម្បី​ជួយ​គ្នា​ក្នុងពេល​មាន​វិបត្តិ យើង​បាន​យល់ព្រម​កាត់​ប្រាក់ខែ​តាម​គោលការណ៍​ជាក់ស្តែង អ្នកមាន​ប្រាក់ខែ​ច្រើន​យើង​កាត់​៥០​ភាគរយ អ្នកមាន​ប្រាក់ខែ​តិច​កាត់​៣០​ភាគរយ តាម​ការ​ភាព​រៀងៗ​ខ្លួន​»​។​


 
​អគ្គលេខាធិការ​រូបនេះ បាន​បញ្ជាក់ថា ថវិកា​ដែល​បានមកពី​ការ​កាត់​ប្រាក់បៀវត្សរ៍​នេះ មិនបាន​យកទៅ​ចំណាយ​លើ​សកម្មភាព​អ្វី​ក្រៅពី​សកម្មភាព​ទ្រទ្រង់​ក្លិប​ឡើយ​។ សម្រាប់​លោក មករា ទោះបី​ថវិកា​នេះ​មិនមាន​ចំនួន​ច្រើន តែ​វា​បាន​ជួយ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការចំណាយ និង​ការខាតបង់​របស់​ក្លិប​មួយផ្នែក​ផងដែរ​។ គោលការណ៍​កាត់​ប្រាក់ខែ​នេះ​នឹង​អនុវត្ត​រហូតដល់​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល ពោលគឺ​រហូត​ការប្រកួត​លី​គ​ចាប់ផ្តើម​ឡើងវិញ​។ 
 
​គួររំលឹកថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៩ មីនា បានសម្រេច​ផ្អាក​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល និង​ពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០២០ បណ្តោះអាសន្ន​ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19​។ ការផ្អាក​នេះ​មិន​កំណត់​ពេលវេលា​ឡើយ ពោលគឺ​រហូត​ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ កម្ពុ​ជាមាន​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉​ណាវី​រុស COVID-19 ចំនួន​១០៩​នាក់ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​២៥​នាក់​៕  

Tag:
 បាល់ទាត់​
  បឹងកេត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com