COVID-19
ជាតិ
ខ្វះកម្លាំងសាងសង់ដោយសារកូវីដ-១៩ នាំឲ្យសាលាឧទ្ធរណ៍ព្រះសីហនុពន្យារពេលដាក់ឱ្យដំណើរការ
× ភ្នំពេញ៖ សាលាឧទ្ធរខេត្តព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការថ្ងៃទី១មេសា ឆ្នាំ២០២០ ត្រូវបានស្នើសុំពន្យារពេលដើម្បី ដោយសារការរីករាលដាលជំងឺCovid-19 ធ្វើឱ្យការសាងសង់មិនរួចតាមការគ្រោងទុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ថ្ងៃទី៣១ មីនា ឆ្នាំ២០២០។
បើតាមក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍តំបន់ព្រះសីហនុនេះ នឹងពន្យារពេលបើកដំណើរការមួយរយៈ ដោយមិនបញ្ជាក់ពីរយៈពេលនៃការដាក់ឱ្យដំណើការឡើងនោះទេ ពោលគឺរង់ចាំការចេញសេចក្ដីជូនដំណឹងថ្មី។ ចំពោះសមត្ថកិច្ចជំនុំជម្រះរឿងក្ដី ដែលស្ថិតសាលាឧទ្ធរណ៍ព្រះសីហនុ គឺត្រូវស្ថិតក្រោមសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ។
បើតាមការព្រះរាជក្រឹត្យចុះថ្ងែទី១៩ កុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ចំនូន៣ ដែលត្រូវដាក់ឱ្យដំណើរការនៅថ្ងៃទី១ មេសានេះ មានសាលាឧទ្ធរណ៍បាត់ដំបង សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ព្រះសីហនុ។
សូមបញ្ជាក់ថា សាលាឧទ្ធរណ៍ព្រះសីហនុ មានសមត្ថកិច្ចជំនុំជម្រះរឿងក្ដី លើដែនដីខេត្តព្រះសីហនុ កោះកុង កំពត កែប។ សាលាឧទ្ធរណ៍បាត់ដំបង ជំនុំជម្រះរឿងក្ដីលើដែនដីខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាប។ ចំណែកឯ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជំនុំជម្រះរឿងក្ដីលើដែនដីខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕
© រក្សាសិទ្ធិដោយ thmeythmey.com