COVID-19
ជាតិ
ខ្វះ​កម្លាំង​សាងសង់​ដោយសារ​កូ​វីដ​-១៩ នាំ​ឲ្យ​សាលាឧទ្ធរណ៍​ព្រះសីហនុ​ពន្យារពេល​ដាក់ឱ្យ​ដំណើរការ
01, Apr 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សាលា​ឧ​ទ្ធ​រ​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ថ្ងៃទី​១​មេសា ឆ្នាំ​២០២០ ត្រូវបាន​ស្នើសុំ​ពន្យារពេល​ដើម្បី ដោយសារ​ការរីក​រាល​ដាល​ជំងឺ​Covid-19 ធ្វើឱ្យ​ការសាងសង់​មិន​រួច​តាម​ការគ្រោងទុក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងយុត្តិធម៌​ថ្ងៃទី​៣១ មីនា ឆ្នាំ​២០២០​។

 
​បើតាម​ក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ​នេះ នឹង​ពន្យារពេល​បើក​ដំណើរការ​មួយរយៈ ដោយ​មិន​បញ្ជាក់​ពី​រយៈពេល​នៃ​ការដាក់ឱ្យ​ដំណើការ​ឡើង​នោះទេ ពោលគឺ​រង់ចាំ​ការចេញ​សេចក្ដីជូនដំណឹង​ថ្មី​។ ចំពោះ​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី ដែល​ស្ថិត​សាលាឧទ្ធរណ៍​ព្រះសីហនុ គឺ​ត្រូវ​ស្ថិតក្រោម​សមត្ថកិច្ច​សាលាឧទ្ធរណ៍​ភ្នំពេញ​។ 
 
​បើតាម​ការ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងែ​ទី​១៩ កុម្ភៈ ឆ្នាំ​២០២០ សាលាឧទ្ធរណ៍​ចំនូ​ន​៣ ដែល​ត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​១ មេសា​នេះ មាន​សាលាឧទ្ធរណ៍​បាត់ដំបង សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​សាលាឧទ្ធរណ៍​ព្រះសីហនុ​។ 
 
​សូមបញ្ជាក់ថា សាលាឧទ្ធរណ៍​ព្រះសីហនុ មាន​សមត្ថកិច្ច​ជំនុំជម្រះ​រឿងក្ដី លើ​ដែនដី​ខេត្ត​ព្រះសីហនុ កោះកុង កំពត កែប​។ សាលាឧទ្ធរណ៍​បាត់ដំបង ជំនុំជម្រះ​រឿងក្ដី​លើ​ដែនដី​ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្តសៀមរាប​។ ចំណែកឯ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ជំនុំជម្រះ​រឿងក្ដី​លើ​ដែនដី​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​៕ 
 

Tag:
 សាលា​ឧ​ទ្ធ​រ​រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com