ជាតិ
COVID-19៖ រដ្ឋាភិបាល ជំរុញ​ឲ្យ​ពង្រឹង​វិស័យ​កសិកម្ម ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា​
02, Apr 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ស្រប​ពេលដែល​កម្ពុជា កំពុង​ជួបប្រទះ​នូវ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដ៏​សំខាន់ ដោយ​ត្រូវ​ពង្រឹង​វិស័យនេះ ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ៣១ មីនា​។ 


 
​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ដែល​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន  រដ្ឋាភិបាល​កម្ពុជា ក៏បាន​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​មួយចំនួន  ដោយ​ក្នុងនោះ​មាន​បញ្ហា​មួយ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា​៖ «​សម្ដេច ហ៊ុន សែន បានផ្ដល់​អនុសាសន៍​ឲ្យ​ត្រៀម​ទុក​នូវ​វិធានការ​សេដ្ឋកិច្ច​ដែល​ផលប៉ះពាល់​ជា​សាកល​ដោយ​ជំងឺ​បង្កដោយ​វីរុស​កូ​វីដ​១៩ អាច​អូសបន្លាយ​រយៈពេល​យូរ គឺ​ត្រូវ​ពង្រឹង​វ​ស័​យ​កសិកម្ម​ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ជាពិសេស ការត្រៀម​ទំនិញ​ស្បៀង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា ដូចជា អង្ករ និង​អំបិល​»​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល ក៏​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​នូវ​ការនាំចេញ​ស្រូវ និង​អង្ក​រស ទៅ​ក្រៅប្រទេស ដោយ​លើកលែង​អង្ករ​ក្រអូប​។ ការសម្រេច​ផ្អាក​ការនាំ​ចេញទៅ​ក្រៅប្រទេស​នេះ ដើម្បី​ត្រៀម​ស្បៀង​បម្រុង​ទុក​សម្រាប់​តម្រូវការ​នៅក្នុង​ស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​សំដៅ​ធានា​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​ថ្លៃ​អង្ករ​នៅ​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១ មេសា​នេះ កម្ពុជា មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១០៩​ករណី និង​ព្យាបាល​ជាសះស្បើយ​ចំនួន​២៥​នាក់​៕

Tag:
 កសិកម្ម​
  ស្រូវ​
  អង្ករ​
  អំបិល​
© រក្សាសិទ្ធិដោយ thmeythmey.com