COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នៅផ្ទះ ឈ្នះ​COVID-19! មក​ដាំ​បន្លែ​លើទឹក​នៅផ្ទះ តាម​វិធី​ងាយៗ​ជាមួយ​អ្នកជំនាញ​
02, Apr 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ ទំនង​មាន​ពេលទំនេរ​ច្រើន ដោយសារ​ការធ្វើការ​នៅផ្ទះ ឬ​ការអនុវត្ត​គម្លាត​សង្គម​តាមរយៈ​ដាក់ខ្លួន​ដោយឡែក​។ ដើម្បី​កុំ​ឲ្យ​ធុញថប់ តានតឹង លោកអ្នក​អាច​យក​ពេលវេលា​ទំនេរ មក​សាកល្បង​ដាំ​បន្លែ​លើទឹក​(​ហៃ​ដ្រូ​ផូ​និក​)​នៅផ្ទះ ដែលមាន​របៀប​ដាំ​ដ៏​ងាយស្រួល ជាមួយ​លោក ចាប វិបុល ម្ចាស់​កសិដ្ឋាន​«​អេ​ដែន ហៃ​ដ្រូ​ផូ​និក​» នៅ​ខេត្តកំពង់ឆ្នាំង​។​


 
​សូម​អញ្ជើញ​ស្ដាប់​ការរៀបរាប់​របស់លោក ចាប វិបុល ម្ចាស់​កសិដ្ឋាន «​អេ​ដែន ហៃ​ដ្រូ​ផូ​និក​» ពី​របៀប​ដាំ​បន្លែ​លើទឹក (​ហៃ​ដ្រូ​ផូ​និក​) ដូចតទៅ​៖
 
 
​លោក ចាប វិបុល ម្ចាស់​កសិដ្ឋាន​«​អេ​ដែន ហៃ​ដ្រូ​ផូ​និក​» បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ យក​ពេលទំនេរ មក​ដាំ​បន្លែ​លើទឹក​នៅផ្ទះ ដែលមាន​របៀប​ដាំ​ងាយៗ ហើយ​វា​អាចជួយ​កាត់បន្ថយ​ការចំណាយ​ទៀតផង​។ មាន​ជំនាញ​កសិកម្ម​បែប​ទំនើប​ពី​អ៊ីស្រាអែល វិបុល អះអាងថា ដាំ​បន្លែ​លើទឹក ឬ ហៃ​ដ្រូ​ផូ​និ មិន​ត្រឹមតែ​ងាយស្រួល ហើយ​បាន​ទិន្នផល​ខ្ពស់​នោះទេ វា​ក៏​ជា​បន្លែ​ដែលមាន​សុវត្ថិភាព​ផងដែរ​។ 
 
​ដំបូល ឬ​សំ​យ៉ាប​ផ្ទះ ឬ​ទីធ្លា​ផ្សេងៗ ដែលមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ គឺជា​ទីតាំង​អំណោយផល ដែល​លោកអ្នក​អាច​ដើម្បី​ដាំ​បន្លែ​លើទឹក​បាន​។ ក្រៅពីនេះ លោកអ្នក​ត្រូវមាន​ឧបករណ៍​មួយចំនួន​ដូចជា បំពង់​ទុយោ ធុង​ទឹក ម៉ូ​ទ័​រ កន្ត្រង និង​អេ​ប៉ុង​។ ប្រសិនបើ​គ្មាន​សម្ភារ​ទាំងនេះ អ្នក​អាច​ដាំ​នៅក្នុង​ដប​ទឹក​សុទ្ធ​បាន​។​


កូន​បន្លែដែល​បណ្ដុះរួច រូបភាពពី​លោក ចាប វិបុល
 
​បន្ទាប់មក​លោកអ្នក ត្រូវយក​គ្រាប់ពូជ​បន្លែ​ដែល​ចង់​ដាំ ដាក់​ក្នុង​ចាន​ស្នោរ​ដែលមាន​ក្រាល​ក្រដាស​ជូត​មាត់​រួចជាស្រេច រួចហើយ​បាញ់​ទឹក​លើ​គ្រាប់ពូជ​នោះ​។ បន្ទាប់មក យក​ក្រដាស​ជូត​មាត់ ឬ​កំណាត់​ស្តើង​មក​គ្របពីលើ ហើយ​រក្សាទុក​ឲ្យ​ល្អ កុំ​ឲ្យ​សត្វល្អិត​ស៊ី  ឬ​ស្រមោច​ស៊ី​គ្រាប់ពូជ​។ លោកអ្នក អាច​គ្រប​គ្រាប់ពូជ​នេះ រយៈពេល​២៤​ម៉ោង ឬ​៣៦​ម៉ោង ទៅតាម​ប្រភេទ​បន្លែ​។​

នៅពេលដែល​គ្រាប់ពូជ ចាប់ផ្ដើម​ដុះ លោកអ្នក​ត្រូវយក​គ្រាប់ពូជ​ដាក់​ក្នុង​អេ​ប៉ុង រួច​យកទៅដាក់​ក្នុង​ម្លប់ និង​ត្រូវ​បាញ់​ចំហាយ​ទឹក ១​ថ្ងៃ ៣​ដង រហូត​បន្លែ​ធំ​ល្មម​ដែល​អាច​យកទៅ​ដល់​លើ​ទុក​យោ ឬ​ដប​ទឹក​សុទ្ធ​បាន​។ លោក ចាប វិបុល ពន្យល់​បន្ថែម​៖ «​សម្រាប់​អេ​ប៉ុង​នេះ លោកអ្នក​ត្រូវ​ច្របាច់​ឲ្យ​សព្វ​ជាមួយនឹង​ទឹក ដើម្បី​ឲ្យ​វា​ជោក​ទឹកបាន​ល្អ​។ បន្ទាប់ពី​កូន​បន្លែ​ដែល​បាន​ដុះ និង​ដាក់​ក្នុង​ម្លប់​រយៈពេល​៣​ថ្ងៃ​។ ចាប់ផ្ដើម​ដុះ​ដើម និង​ចេញ​ស្លឹក លោកអ្នក​ត្រូវយក​កូន​បន្លែ​នោះ ចេញ​ក្រៅ​រយៈពេល​១​ថ្ងៃ ដើម្បី​ទទួលបាន​ពន្លឺ​។ ដំណាក់កាល​បន្ទាប់ លោកអ្នក ត្រូវយក​កូន​បន្លែ​នេះ ទៅ​ដាក់​ត្រូវ​ពន្លឺព្រះអាទិត្យ​។ ក្រោយពេល​កូន​បន្លែ ចាប់ផ្ដើម​លូតលាស់ លោកអ្នក ត្រូវយក​វា​ទៅ​ដាក់​លើ​ថ្នាល ដើម្បី​ឲ្យ​ស៊ាំ​នឹង​ពន្លឺព្រះអាទិត្យ​។ ក្នុងពេលដែល​កូន​បន្លែ មាន​អាយុ​ពី​១០ ទៅ​១៥​ថ្ងៃ លោកអ្នក អាចយ​កកូន​បន្លែ​នេះ ដាក់​ក្នុង​បំពង់​ទុយោ ឬ​ដប​ទឹក​សុទ្ធ និង​ត្រូវ​លាយ​ជី​អា​បេ​។ ចំពោះ​គ្រាប់ពូជ​ប្រភេទ​ស្ពៃ រយៈពេល​លូតលាស់ គឺ​ពី​២០​ទៅ​៣០​ថ្ងៃ នឹង​អាច​ប្រមូល​ផល​បាន​»​។ 
 
​ទាក់ទង​នឹង​ការ​លាយ​ជី​អា​បេ ក៏មាន​កម្រិត​លាយ​ទៅ​ប្រភេទ​បន្លែ​ផងដែរ​។ សម្រាប់​បន្លែ​ស្ពៃ​គ្រប់​ប្រភេទ ត្រូវ​លាយ​ចំណុះ​៦​សេ​សេ ក្នុង​ទឹក​១​លីត្រ​។ ខាត់ណា​គ្រប់​ប្រភេទ ត្រូវ​លាយ​ចំណុះ ១២​សេ​សេ​ក្នុង​ទឹក​១​លីត្រ​។ ចំណែក​សាលាដ​គ្រប់​ប្រភេទ  ត្រូវ​លាយ ៣​ស​សេ ក្នុង​ទឹក​១​លីត្រ​។ បើតាម​អ្នកជំនាញ លោកអ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ទឹក និង​ជី ផងដែរ អំឡុង​ដាំ​ដុះ​។

ហើយក៏​ត្រូវមាន​មុង  ឬ​សំណាញ់ ដើម្បី​ការពារ​កូន​បន្លែ ពី​សត្វល្អិត​ផងដែរ​៕


គ្រាប់ពូជដាក់​ក្នុង​អេប៉ុង រូបភាពពី​លោក ចាប វិបុល

គ្រាប់ពូជដែល​បណ្ដុះរួច រូបភាពពី​លោក ចាប វិបុល

រូបភាពពី​លោក ចាប វិបុល៖ 



















Tag:
 កសិកម្ម​
  បន្លែ​លើទឹក​
  កំពង់ឆ្នាំង​
  ហៃ​ដ្រូ​ផូ​និក​
© រក្សាសិទ្ធិដោយ thmeythmey.com