COVID-19
អន្តរជាតិ
ជនជាតិភាគតិច «​ម៉ុង​» នៅ​ថៃ ដាក់​រូប​ឈើ​ពាក់​ម៉ាស់​បណ្ដេញ COVID-19
02, Apr 2020 , 9:19 am        
រូបភាព
ប្រភពរូប កាសែត បាងកកប៉ុស្តិ៍
ប្រភពរូប កាសែត បាងកកប៉ុស្តិ៍
ដោយ:
​ជនជាតិភាគតិច ម៉ុង (Hmong) នៅ​ភូមិ​មួយ​ក្នុងស្រុក ផូ​ប ប្រា (Phop Phra) ខេត្ត​តាក់ (Tak) ភាគ​ខាងលិច​ប្រទេស​ថៃ បាននាំគ្នា​សុំ​ជំនួយ​ពី​វត្ថុ​ស័ក្ដិសិទ្ធិ​ដើម្បី​ប្រយុទ្ធប្រឆាំង COVID-19 ដោយ​ការដាក់​រូប​ឈើ​ពាក់​ម៉ាស់​តំណាង​។

 
​មាន​រូបរាង​ស្រ​ងៀង​នឹង «​ទីងមោង​» រូប​ឈើ​ដែល​ពួកគេ​ជឿថា​មានព្រលឹង​ការពារ​ទាំងនេះ ត្រូវបាន​ដាក់​តាម​ដង​ផ្លូវ​ចូល​ភូមិ​មួយ​ឈ្មោះថា កែវ​រ៉ូម​ថៃ ប៉ា​តា​ណា (Kao Ruam Thai Pattana) ។ តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​០១ ខែមេសា លោក Wathanyu Wongmeechok  ដែល​ប្រធានភូមិ​នេះ គូសបញ្ជាក់ថា រូប​ឈើ​នៅ​ច្រកចូល​ភូមិ​លោក តំណាង​ឲ្យ​ព្រលឹង​ស័ក្ដិសិទ្ធិ​។ 
 
​លោក អះអាងថា ពួកគេ នឹង​ជួយ​បង្ការ​ភាវៈ​អាក្រក់​ចូលក្នុង​ភូមិ និង​ការពារ​ពលរដ្ឋ​ពី​គ្រោះថ្នាក់​។ លោក បន្តទៀតថា រូប​ឈើ​ទាំងនេះ ត្រូវបានធ្វើ​ពិធី​សាសនា​រួចរាល់​ដោយ​មនុស្ស​ចាស់ទុំ​ក្នុងភូមិ មុនពេល​ដាក់​បញ្ឈរ​នៅតាម​ផ្លូវ​។ 
 
​ទោះជា​មាន​ជំនឿ​លើ​វត្ថុ​ស័ក្ដិសិទ្ធិ លោក​មេភូមិ Wathanyu ក៏បាន​អះអាងថា ច្រកចូល​ភូមិ​លោក ត្រូវបាន​យាមល្បាត​២៤​ម៉ោង ចាប់តាំងពី​ថ្ងៃ ២៤ ខែមីនា មក ដោយ​ត្រួតពិនិត្យ​មនុស្ស​ធ្វើដំណើរ​ចេញចូល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល COVID-19 ។ លោក សង្កត់ធ្ងន់ថា មនុស្ស​ដែល​ចេញចូល​ភូមិ ត្រូវ​ត្រួតពិនិត្យ​សីតុណ្ហភាព និង​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃ​០១ ខែមេសា ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស​ថៃ ឡើងដល់ ១៧៧១​ករណី​ហើយ ក្នុងនោះ​ករណី​ថ្មី មាន​១២០​នាក់​។ ចំណែក​ករណី​ស្លាប់ ឡើងដល់ ១២​នាក់​ហើយ ក្រោយ​រកឃើញ ២​ករណី​ថ្មី​បន្ថែម​។ នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​៕

Tag:
 ថៃ​
  COVID-19
  ម៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com