COVID-19
អន្តរជាតិ
នៅ​ដង្ហើមចុងក្រោយ ស្ត្រី​កើត COVID-19 លា​កូន​ទាំង​៦​នាក់ តាម​អាយកូម​
02, Apr 2020 , 6:29 am        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Sundee Rutter ជា​អ្នក​ដែល​បាន​រួចផុតជីវិត​ពី​មហារីក​សុដន ប៉ុន្តែ​ស្ត្រី​អាមេរិក​វ័យ​៤២​ឆ្នាំ​រូបនេះ បាន​លាចាក​លោក​ចោល​កូនៗ​ទាំង​៦​នាក់ ដោយសារតែ COVID-19​។ ពី​បន្ទប់​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋ​វ៉ាស៊ីនតោន គាត់​មានឱកាស​និយាយ​លា​កូន​នៅ​ដង្ហើមចុងក្រោយ តាមរយៈ​អាយកូម (Walkie-talkie)​។​



​កាលពី​ថ្ងៃទី​១៦ ខែ​មិនា កូនៗ​ទាំង​៦​នាក់​របស់​អ្នកស្រី Rutter ដែលមាន​អាយុ​ចន្លោះ​ពី​១៣​ឆ្នាំ ទៅ​២៤​ឆ្នាំ មិនអាច​ទៅ​មើលមុខ​ម្តាយ​របស់ខ្លួន​ជា​លើកចុងក្រោយ​នោះឡើយ ប៉ុន្តែ​តាមរយៈ​ការរៀបចំ​របស់​មន្ទីរ​ពេទ្យ Providence Hospital នៅ​ក្រុង Everett ពួកគេ​បាន​ស្តាប់​សំឡេង​គាត់​តាមរយៈ​អាយកូម​។​


យុវជន Elijah Ross-Rutter អាយុ​២០​ឆ្នាំ ដែលជា​កូន​ទី​៤​របស់​អ្នកស្រី Rutter បាន​រៀបរាប់​ប្រាប់ CNN

«​យើង​បាន​និយាយ​លាគ្នា​ជា​លើកចុងក្រោយ​ជាមួយ​ម៉ែ​របស់​យើង​»​។ យុវជន Elijah Ross-Rutter អាយុ​២០​ឆ្នាំ ដែលជា​កូន​ទី​៤​របស់​អ្នកស្រី Rutter បាន​រៀបរាប់​ប្រាប់ CNN ដោយ​បន្ថែមថា​៖ «​ខ្ញុំ​អាច​និយាយ​ទៅកាន់​គាត់​ថា ខ្ញុំ​ស្រឡាញ់​គាត់​។ ស្ថានភាព​ពេលនោះ ពិតជា​ពិបាក​ណាស់ ខ្ញុំ​មិនដឹងថា​ត្រូវ​និយាយ​អ្វី​ទៀតឡើយ​»​។​
​អ្នកស្រី Rutter តេស្ត​វិជ្ជមាន COVID-19 កាលពី​ថ្ងៃទី​៣ ខែមីនា ដោយនៅ​កាលនោះ រដ្ឋ​របស់​អ្នកស្រី មានតែ​២៧​ករណី​ប៉ុណ្ណោះ​។ ក្រោយ​ការ​នៅ​ដាច់ដោយឡែក កូនៗ​របស់គាត់ មិនមាន​ករណី​ឆ្លង COVID-19 ដូច​ម្តាយ​នោះឡើយ​។​


រូបថតអនុស្សាវរីយ៍របស់អ្នកស្រី Sundee Rutter ជាមួយកូនៗទាំង៦នាក់

«​ពួក​ខ្ញុំ​ពិតជា​រំភើប​ចំពោះ​ការគាំទ្រ​ពី​ពលរដ្ឋ​ក្នុង​សហគមន៍ ហើយ​នេះ កើតចេញពី​ឥទ្ធិពល និង​អំពើ​ល្អ​កន្លងមក​របស់​ម្តាយ​ខ្ញុំ​ចំពោះ​សហគមន៍​ផងដែរ​»​។ យុវជន Ross-Rutter បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ប្រាប់ BuzzFeed៕



© រក្សាសិទ្ធិដោយ thmeythmey.com