COVID-19
ជាតិ
លោក ពេជ្រ ស្រស់ ៖​មន្ត្រី​រដ្ឋាភិបាល ត្រូវយក​គំរូ​សម្ដេច ហ៊ុន សែន ដែល​លះបង់​ប្រាក់ខែ​រដ្ឋ ដើម្បី​ដោះស្រាយ COVID-19
02, Apr 2020 , 10:39 am        
រូបភាព
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (នៅខាងឆ្វេងដៃ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន)
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា (នៅខាងឆ្វេងដៃ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន)
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​មិន​យកប្រាក់​បៀវត្ស ចំនួន​៧​ខែ ដើម្បី​ទុក​ថវិកា​នោះ ជូន​រដ្ឋ សម្រាប់​យក​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ជំងឺ​COVID-19​។ ទង្វើ​របស់​សម្ដេច ហ៊ុន សែន គឺជា​គំរូ​ដល់​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត ដែល​ត្រូវ​អនុវត្តតាម​។​


​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា យល់ឃើញថា មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ គួរតែ​អនុវត្តតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​មិន​យកប្រាក់​បៀវត្ស​នេះ ព្រោះ​វា​ជា​ចំណែក​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈមមុខ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​COVID-19។
 
​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​រូបនេះ បាន​វាយតម្លៃ​ចំពោះ​ទង្វើ​របស់​សម្ដេច ហ៊ុន សែន ដូច្នេះ​ថា​៖«​វា​ជាការ​ពិតណាស់​ក្នុង​ភាពជា​គំរូ​ដល់​មន្ត្រី​ដទៃ ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន ហើយក៏​ជាស​ញ្ញា​ដាស់តឿន​ដល់​គ្រប់​មន្ត្រីរាជការ​ឲ្យ​គិតពី​សុខទុក្ខ​របស់​រាស្ត្រ​នៅពេល​រាស្ត្រ​មានទុក្ខ កុំ​សម្ងំសុខ​យកតែ​ខ្លួនឯង​»​។​
 
​សម្រាប់​លោក ពេជ្រ ស្រស់ ខ្លួនឯង​ផ្ទាល់ ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​កាត់​ប្រាក់ខែ​លោក នៅក្នុង​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ចំនួន​៣​ខែ​ដែរ គឺ​ចាប់ពី​ខែមេសា​ដល់​មិថុនា ដើម្បី​ទុក​ថវិកា​ជូន​រដ្ឋ យក​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​វីរុស​COVID-19​។ មិនតែប៉ុណ្ណោះ​លោក ក៏បាន​ប្រមូល​វិភាគទាន​ពី​សប្បុរសធម៌ យកទៅ​ទិញ​សម្ភារៈ និង​គ្រឿង​បរិភោគ​ជូន​ពលរដ្ឋ​ខ្វះខាត ក្នុង​បរិបទ​នេះដែរ​។​
 
ក្រោយពី​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​មិន​យកប្រាក់​បៀវត្ស​៧​ខែ​មក គេ​ក៏​សង្កេតឃើញ​រដ្ឋមន្ត្រី​កម្ពុជា មួយចំនួន​ប្រកា​សកាត់​ប្រាក់ខែ​ជា​បន្តបន្ទាប់ ក្នុងនោះ​រួមមាន​៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ (៧​ខែ​) លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម (៧​ខែ​) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វី​ជ្ជា​ជីវៈ (៦​ខែ​) លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​អភិវឌ្ឍន៍ជនបទ (៦​ខែ​) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល (៦​ខែ​) លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន (៦​ខែ​) លោក ជា វ៉ាន​ដេ​ត រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ (៦​ខែ​) លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួងយុត្តិធម៌ (៦​ខែ​) លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​(៦​ខែ​) និង​លោក សុខ សុ​ក្រី​ត្យា ទីប្រឹក្សា​សម្តេច ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​(៦​ខែ​)​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​Fresh News៕​

Tag:
 COVID-19
  ពេជ្រ ស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com