ជាតិ
លោក ផៃ ស៊ីផាន ៖ ព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន មិនមែនដោយសារគេចពីច្បាប់ប្រកាសអាសន្នឡើយ
× ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិននោះ មិនមែនដោយសារគេចវេសពីការឡាយព្រះហស្ថលេខាលើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នឡើយ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ព្រះមហាក្សត្រយាងទៅពិនិត្យព្រះរាជសុខភាពជាទម្លាប់ធម្មតា តាមពេលវេលាណាត់ជួបព្រះភក្ត្រព្រះអង្គ ពីសំណាក់ក្រុមគ្រូពេទ្យចិន ដូច្នេះគ្មានហេតុផលអ្វី ដែលព្រះអង្គគេចចេញពីព្រះរាជកាតព្វកិច្ចឡើយ។ លោក ផៃ ស៊ីផាន ក៏ស្នើពលរដ្ឋកុំឱ្យទាញយកព្រះមហាក្សត្រ មករិះគន់ និងវាយតម្លៃលើព្រះអង្គ ក្នុងរឿងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ដែលនាំឱ្យមានទោស និងខុសច្បាប់ ទាក់ទងនឹងការប្រមាថព្រះរាជជេស្ដារព្រះមហាក្សត្រ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏មិនច្បាស់ថា ព្រះមហាក្សត្រនឹងយាងមកកម្ពុជាវិញនៅពេលណាដែរ ក្រោយពិនិត្យព្រះរាជសុខភាពរួច។ ប៉ុន្តែបើតាមលោក ផៃ ស៊ីផាន ប្រធានព្រឹទ្ធសភា នឹងមានសិទ្ធចាត់ចែងជំនួសព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅពេលព្រះអង្គ ព្រះអវត្តមានគង់នៅកម្ពុជា។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានស្នើពលរដ្ឋកុំឱ្យមានការព្រួយបារម្ភលើច្បាប់នេះដែរ ។
កន្លងមកសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនបានចែងពីការគ្រប់គ្រងស្ថានភាពឡើយ ទើបតម្រូវឱ្យរដ្ឋាភិបាលសម្រេចបង្កើតច្បាប់ ដើម្បីងាយស្រួលគ្រប់គ្រង។ «មិនទាន់មានច្បាប់ណា ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែចង់មិនចង់ ច្បាប់មួយត្រូវបង្កើតឡើង ដើម្បីឱ្យផ្ដល់ភាពងាយស្រួលក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានដោយរលូន»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
បើតាមសម្ដេច ហ៊ុន សែន ការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះឡើង ដើម្បីទុកឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ហើយក៏មិនច្បាស់ថា នឹងត្រូវអនុវត្តភ្លាមៗដែរ បើសិនជាស្ថានការណ៍ជំងឺCOVID-19 នៅក្នុងប្រទេសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ។
គិតត្រឹមថ្ងៃទី២ មេសានេះ កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 ចំនួន១១០នាក់ហើយ ខណៈអ្នកជាសះស្បើយ៣៤នាក់៕
Tag:
ផៃ ស៊ីផាន
ច្បាប់ប្រកាសអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com